ការគ្រិចកើតឡើងនៅពេលសរសៃចងឆ្អឹងនិងឆ្អឹងមួយ ឬច្រើនត្រូវបានយឺត រមួល ឬរហែក ហើយ វាភាគ ច្រើនកើតលើការមានរបួសកែងជើងតែម្តង។ ករណីគ្រិចតិចតួច សរសៃមួយចំនួន របស់សរសៃ ចងឆ្អឹងគឺត្រូវបានយឺត។ ករណីធ្ងន់ធ្ងរវិញ សរសៃនោះអាចនឹងរហែក។ ការគ្រិចតិចតួចអាចព្យាបាលដោយខ្លួនឯងបាន។ ប៉ុន្តែករណីធ្ងន់ធ្ងរវិញគឺត្រូវការព្យាបាលដោយគ្រូពេទ្យ ឬឈានដល់វះកាត់ទៀតក៏មានដែរ។ បើសិនជាមានអ្វីមួយសង្ស័យ ចូរនាំអ្នកជំងឺទៅមន្ទីរពេទ្យដើម្បីថតកាំរស្មីអ៊ិចទៅ។
ចូរប្រើក្បួនព្យាបាលដោយពាក្យកាត់ថា RICE៖ R = Rest, I = Ice, C = Compression, E = Elevation
អ្វីដែលត្រូវរកមើល
- ជាមួយនឹងការមានរបួសធ្ងន់ធ្ងរ អ្នកជំងឺប្រហែលជាមិនអាចទ្រទម្រងនៅជើងម្ខាងដែលមានរបួសនោះបានឡើយ
- ឈឺចាប់នៅជុំវិញសន្លាក់។ អ្នកជំងឺប្រហែលជាអាចដួលជាមួយនឹងការឈឺចាប់នោះ
- ហើម និងមានស្នាមជាំជុំវិញសន្លាក់
វិធីសង្គ្រោះបឋម
ដាក់ជើងដែលមានរបួសសម្រាក៖ អ្នកជំងឺគួរតែឈប់ធ្វើសកម្មភាពនានាដោយប្រើជើងដែលមានរបួសនោះទៀត។ ចូរជួយលើកដាក់គាត់អង្គុយ និងដាក់កែងជើងនោះឱ្យបានស្រួល។ ចូរលើកជើងនោះដាក់ឱ្យខ្ពស់។
ស្អំទឹកកក៖ ការស្អំទឹកកកនៅកែងជើងអាចជួយកាត់បន្ថយការឈឺចាប់ និងហើមបាន។ យកល្អគួរតែរុំទឹកកកជាមួយនឹងក្រណាត់សិនចំយកមកស្អំជាក្រោយ។ មិនត្រូវដាក់ទឹកកកស្អំដោយផ្ទាល់លើស្បែកឡើយ ព្រោះវាអាចបណ្តាលឱ្យរលាកស្បែកបាន។ ចូរទុកទឹកកកនោះស្អំជាប់ប្រហែល ២០នាទី។
រុំកែងជើង៖ ចូរធ្វើការរុំកែងជើងនោះបើសិនជាមានក្រណាត់ ឬបង់រុំទន់ៗនៅក្បែរខ្លួន ព្រោះការរុំបែបនេះក៏អាចជួយកាត់បន្ថយការហើមរបស់កែងជើងបានដែរ។ ការរុំគួរតែចាប់ផ្តើមពីម្រាមជើងដល់ជង្គង់។
លើកកែងជើងឡើងឱ្យខ្ពស់៖ ចូរលើកកែងជើងឡើងដោយមានទម្រនៅពីក្រោមឱ្យបានខ្ពស់ជាងត្រគៀកដើម្បីបង្ការភាពហើម។ អ្នកជំងឺគួរតែសម្រកក្នុងពេលតែមួយតែម្តង។ បើសិនជាសង្ស័យថាមានរបួសធ្ងន់ធ្ងរ ចូរនាំអ្នកជំងឺទៅ កាន់មន្ទីរពេទ្យតែម្តងទៅ។
ស្ទាប់រកមើលចរន្តឈាមរត់៖ ចូរប្រាកដថា បង់ដែលរុំនោះមិនតឹងពេកឡើយ។ ចូរសង្កត់ទៅលើក្រចកជើងរហូតដល់វាទៅជាស ហើយលែងវិញ។ ពេលនោះបើសិនជាវាប្រែពណ៌មកវិញលឿនគឺធម្មតា តែបើសិនជាមិនត្រឡប់មកវិញលឿនទេ មានន័យថាបង់រុំនោះតឹងពេកហើយ ដូច្នេះត្រូវតែស្រាយវា និងរុំសារជាថ្មី។ ចូរពិនិត្យបែបនេះជារៀងរាល់ ១០នាទីម្តង៕