មានរឿងពីរយ៉ាងដែលមានឥទ្ធិពលទៅលើពណ៌ និងលក្ខណៈរបស់ឈាមរដូវនោះគឺ អ័រម៉ូន និងរចនាសម្ព័ន្ធរបស់ស្បូននិងមាត់ស្បូន។
តើឈាមរដូវធម្មតាមានលក្ខណៈយ៉ាងម៉េចទៅ?
លំហូរឈាមរដូវធម្មតាគួរតែមានពណ៌ក្រហមស្រស់ ដែលធ្លាក់មកច្រើនៗនៅរយៈពេលពីរថ្ងៃដំបូង និងស្រាកស្រាន្តទៅវិញនៅរយៈពេល ៣ ទៅ៤ថ្ងៃចុងក្រោយ។ លំហូរឈាមរដូវធម្មតាក៏មិនមានកំណកឈាមមកជាមួយដែរ។
ហេតុអ្វីបានជាមានកំណកឈាមដុំៗមកតាមឈាមរដូវអញ្ចឹង?
អតុល្យភាពអ័រម៉ូន
ការដែលមានចំនួនអ័រម៉ូនអេស្ត្រូជែន ឬប្រូជេស្តេរ៉ូនច្រើនអាចជំរុញដល់ការកករបស់ឈាមបាន។ អ័រម៉ូនដែលមិនមានតុល្យភាព ក៏អាចបណ្តាលឲ្យមានបញ្ហាផ្សេងៗទៀតដែរដូចជា ដុំសាច់ក្នុងស្បូន លំហូរឈាមរដូវច្រើន ឈឺចាប់បែបរមួលៗធ្ងន់ធ្ងរ មានដុំក្នុងសុដន់ ជំងឺ Endometriosis និងមហារីកដែលទាក់ទងនឹងអ័រម៉ូនផ្សេងៗទៀត។
បញ្ហារចនាសម្ព័ន្ធ
បើសិនជាលំហូរឈាមរដូវកើតឡើងធម្មតាចេញពីស្បូន វាពិតជាមិនមានអ្វីដែលធ្វើឲ្យមានកំណកឈាមឡើយ។ ករណីមានដុំសាច់ក្នុងស្បូន ដែលបណ្តាលឲ្យស្ទះដល់លំហូរឈាមរដូវចេញពីស្បូន នោះឈាមអាចនឹងដក់នៅកន្លែងណាមួយដែលជាហេតុនាំឲ្យវាក្លាយទៅជាកកកបាន។ ចំពោះដុំសាច់ប៉ូលីពវិញ ក៏អាចបណ្តាលឲ្យស្ទះដល់លំហូរឈាម និងបង្កើនការកកឈាមរដូវបានដែរ៕
អ្វីដែលគួរធ្វើ និងមិនគួរធ្វើនៅពេលមានកំណកឈាមក្នុងពេលមករដូវច្រើនបែបនេះ៖
- 1. កាត់បន្ថយការញ៉ាំរបស់ផ្អែម
- 2. ញ៉ាំបន្លែឲ្យបានច្រើនដូចជា ប្រូខូលី ផ្កាខាត់ណា និងស្ពៃក្តោបជាដើម
- 3. ចូរញ៉ាំអាហារសម្បូរសារធាតុ Kaempferol ដូចជា ផ្លែប៉ោម ទំពាំងបាយជូរ ប៉េងប៉ោះ តែបៃតង ខ្ទឹមបារាមង ប្រូខូលី ត្រសក់ សាឡាត់ សណ្តែកខៀវ ឬស្ពៃស្ពីណាច
- 4. ហាត់ប្រាណជាទៀងទាត់ដើម្បីផ្តល់តុល្យភាពដល់អ័រម៉ូនវិញ
- 5. ចូរទៅជួបគ្រូពេទ្យដើម្បីធ្វើតេស្តឈាម និងថតអេកូបើសិនជាមានការធ្លាក់ឈាមរដូវដែលមានកំណកច្រើន ឬញឹកញាប់
- 6. ចូរកុំខ្វល់អ្វីច្រើនអីបើសិនជាមានការធ្លាក់កំណកឈាមម្តងម្កាល៕