គ្រោះថ្នាក់នៃការឆក់ចរន្តអគ្គិសនី អាស្រ័យទៅលើប្រភេទនៃចរន្តភ្លើង កម្រិតបន្ទុកអគ្គិសនី របៀបដែលចរន្តអគ្គិសនីធ្វើដំណើរឆ្លងកាត់រាងកាយ សុខភាពទូទៅរបស់អ្នករងគ្រោះ និងភាពឆាប់រហ័សដែលបុគ្គលនោះត្រូវបានទទួលការជួយសង្គ្រោះ និងព្យាបាល។
សូមហៅទូរស័ព្ទទៅកាន់លេខសង្គ្រោះបន្ទាន់នៅក្នុងមូលដ្ឋានដែលនៅជិតអ្នកបំផុតភ្លាមៗ ប្រសិនបើអ្នកឃើញគេឆក់ខ្សែភ្លើង ហើយមានរោគសញ្ញាទាំងនេះកើតមានឡើង ៖
• បេះដូងឈប់លោត
• ចង្វាក់បេះដូងលោតខុសចង្វាក់
• បញ្ហាផ្លូវដង្ហើម
• ការឈឺចាប់សាច់ដុំ និងការកន្ត្រាក់សាច់ដុំ
• មានរលាក
• ប្រកាច់
• ស្ពឹក និងមានអារម្មរណ៍ថា មានអ្វីចាក់លើស្បែក
• បាត់បង់ស្មារតី (សន្លប់)។
ខណៈដែលអ្នកកំពុងរង់ចាំជំនួយពីគ្រូពេទ្យ សូមអនុវត្តតាមជំហានខាងក្រោម ៖
• ដំបូងបំផុត គឺក្រឡេកមើលជុំវិញជនរងគ្រោះ ហើយមិនត្រូវប៉ះពាល់ជនរងគ្រោះឡើយ ៖ ដោយសារជនរងគ្រោះអាចនៅតែមានការប៉ះពាល់ទៅនឹងប្រភពអគ្គិសនី ការប៉ះជនរងគ្រោះភ្លាមអាចចម្លងចរន្តមកអ្នកបាន។
• បិទប្រភពនៃអគ្គិសនី ប្រសិនបើអាចធ្វើទៅបាន ៖ ប្រសិនបើមិនអាចនោះទេ ចូរយកប្រភពអគ្គិសនីចេញអោយឆ្ងាយពីអ្នក និងជនរងគ្រោះ ដោយប្រើវត្ថុស្ងួតមិនចំលងចរន្តអគ្គិសនី (ធ្វើឡើងពីប្លាស្ទិច ឬឈើ)។
• ពិនិត្យរកសញ្ញានៃចរន្តឈាមរត់ (ការដកដង្ហើម ក្អក ឬចលនា) ប្រសិនបើមិនមាននោះទេ សូមចាប់ផ្តើមសង្គ្រោះបេះដូង និងការដកដង្ហើមភ្លាមៗ។
• ការពារការចុះសម្ពាធឈាម ៖ ដាក់ជនរងគ្រោះចុះ ហើយប្រសិនបើអាចធ្វើទៅបាន ដាក់ក្បាលអោយទាបជាងដងខ្លួន និងលើកជើងអោយខ្ពស់ជាងបន្តិច។
បន្ទាប់ពីបានឆក់ចរន្តអគ្គិសនី បុគ្គលនោះគួរតែទៅជួបនឹងគ្រូពេទ្យ ដើម្បីពិនិត្យមើលការរងរបួសផ្នែកខាងក្នុងរាងកាយ បើទោះបីជាមិនមានរោគសញ្ញាជាក់ស្តែងក៏ដោយ។
ការប្រុងប្រយ័ត្ន
• កុំប៉ះជនរងគ្រោះដោយដៃទទេ ប្រសិនបើគាត់នៅតែមាននៅតែមានប៉ះពាល់នឹងចរន្តអគ្គិសនី។
• កុំនៅក្បែរខ្សែភ្លើងដែលមានបន្ទុកខ្ពស់ៗរហូតដល់វាត្រូវបានបិទ។ នៅអោយឆ្ងាយយ៉ាងហោចណាស់ ៧ ម៉ែត ប្រសិនបើមានដាច់ខ្សែភ្លើង។
• កុំលើកជនរងគ្រោះចុះឡើង លុះត្រាតែបុគ្គលម្នាក់នោះស្ថិតនៅក្នុងគ្រោះថ្នាក់ជាបន្ទាន់៕