ប៉េងប៉ោះគឺជាអាហារដ៏ពេញនិយមមួយសម្រាប់ប្រជាជនខ្មែរយើង ប៉ុន្តែស្រាប់ប្រជាជននៅលោកខាងលិចវិញ ច្រើនតែយកប៉េងប៉ោះធ្វើជាទឹកជ្រលួកញ៉ាំជាមួយអាហារទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនមិនមានអ្វីជាបញ្ហាឡើងក្រោយពីញ៉ាំប៉េងប៉ោះរួច ប៉ុន្តែខ្លះទៀតបែរជាមានប្រតិកម្មអាឡែហ្ស៊ីជាមួយប៉េងប៉ោះទៅវិញ។
មនុស្សម្នាក់ដែលមានប្រតិកម្មអាឡែហ្ស៊ីជាមួយប៉េងប៉ោះក៏អាចមានប្រតិកម្មជាមួយនឹងបន្លែផ្សេងដែរដូចជា ដំឡូងបារាំង បារី និងត្រប់វែង។ អាការៈរបស់វានឹងកើតឡើងភ្លាមៗក្រោយពីញ៉ាំរួច ប៉ុន្តែពេលខ្លះក៏អាចស៊ីពេលរហូតដល់ ៧២ម៉ោងដែរទើបចេញអាការៈ។
រោគសញ្ញានៃការមានប្រតិកម្មអាឡែហ្ស៊ីនឹងប៉េងប៉ោះមានលក្ខណៈខុសៗគ្នាទៅតាមមនុស្សម្នាក់ៗ ប៉ុន្តែអាការៈរួមរបស់វាមានដូចជា៖
• រមាស់ស្បែក កន្ទួលលើស្បែក ហើមស្បែក ឬតាអក
• ឈឺរមួលក្នុងពោះ ចង្អោ ក្អួត ឬរាករូស
• មានអារម្មណ៍ឈឺឈៀបៗ និងរមាស់នៅក្នុងបំពង់ក និងអណ្តាត
• ក្អក កណ្តាស ដកដង្ហើមលឺដូចហួច ឬហៀរសម្បោរ
• ហើមមុខ មាត់ អណ្តាត ឬបំពង់ក
• ប្រតិកម្ម អាណាហ្វីឡាស៊ីស (ធ្ងន់ធ្ងរ តែកម្រ)៕