ពេលវេលាមួយក្នុងពេលមានផ្ទៃពោះចាប់ពីសប្តាហទី១៣ ទៅ២៧ ត្រូវបានគេហៅថា ជាពេលវេលាច័ន្ទទឹកឃ្មុំ (Honeymoon Period) ដោយសារតែ លែងសូវមានការចង្អោ មិនពិបាកចិត្ត និងចំណង់ផ្លូវភេទត្រឡប់មកវិញ។ វាក៏ជាពេលវេលាមួយដែលអ្នកត្រូវចាប់ផ្តើមមានអារម្មណ៍ដឹងការធ្វើចលនារបស់កូនដែរ។ ក្រៅពីនេះតើមានអ្វីខ្លះទៀត?
លែងសូវក្អួតចង្អោទៀត
ស្ត្រីភាគច្រើនយល់ថា អាការៈចង្អោរបស់ពួកកេអាចនឹងស្រាកស្រាន្តទៅវិញ ឬបាត់ទាំងស្រុងតែម្តង។ ប៉ុន្តែបើសិនជានៅតែចង្អោទៀត ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីបង្កើនការញ៉ាំវីតាមីន B6 ដើម្បីសម្រួលដល់ក្រពះផង។ ប៉ុន្តែអ្នកអាចនឹងមានអាការៈថ្មីបន្ថែមទៀតនោះគឺជាការឈឺពោះ ដែលវាកើតឡើងដោយសារភាពយឺតរបស់សរសៃក្នុងពោះតែម្តង។
មានអារម្មណ៍ដឹងថាកូនមានជីវិត
ក្នុងត្រីមាសដំបូង កូនក្នុងផ្ទៃមានការលូតលាស់យ៉ាងស្ងៀមស្ងាត់ណាស់។ ដល់ជុំវិញសប្តាហទី ១២វិញ គ្រូពេទ្យអាចនឹងស្តាប់ដឹងបេះដូងកូនហើយ។ ប៉ុន្តែឥឡូវនេះ អ្នកនឹងដឹងអំពីអាការៈផ្សេងៗទៀតរបស់កូនក្នុងផ្ទៃដែរដូចជា ការធាត់ ឬត្អើក។
ពិបាកដកដង្ហើម
ស្ថិតក្នុងដំណាក់កាលនេះ សូម្បីតែការដើរចូលបន្ទប់ទឹកក៏អាចធ្វើឲ្យអ្នកពិបាកដកដង្ហើមបានដែរ ប៉ុន្តែវាជារឿងមួយធម្មតាទេ។ ដូច្នេះចូរធ្វើចិត្តធម្មតាទៅ ប៉ុន្តែដល់ពេលពិបាកខ្លាំង ចូរទៅជួបពេទ្យដើម្បីដោះស្រាយវិញ។
ចាប់ផ្តើមផ្លាស់ប្តូររូបរាង
នៅសប្តាហ៍ទី១៦ អ្នកទំនងជាត្រូវការស្លៀកសម្លៀកបំពាក់ស្ត្រីពោះធំហើយ ដោយសារតែចង្កេះរីកធំ។ ដល់សប្តាហទី ២៧ អ្នកក៏គួរតែអាចឡើងទម្ងន់ថែមទៀត ដូច្នេះសម្លៀកបំពាក់ដែលធ្លាប់ស្លៀកធម្មតាៗគឺប្រើលែងកើតហើយ។
ចំណង់ផ្លូវភេទ
ក្នុងខែទី ៤ ឬ៥ អ្នកប្រហែលជាមានអារម្មណ៍ថា មានចំណង់ផ្លូវភេទឡើងខ្លាំងភ្លាមៗ ព្រោះតែរាងកាយផលិតអ័រម៉ូនអេស្រូជែនច្រើនក្នុងពេលនេះ។ សម្រាប់ស្ត្រីខ្លះទំនងជាអាចឈានដល់ចំណុចកំពូលច្រើនផងក្នុងពេលរួមភេទជាលើកដំបូង៕