ដោយយោងទៅតាម National Cancer Institute បានឲ្យដឹងថា ចំនួនអ្នកកើតជំងឺមហារីកក្រពេញអូវ៉ែមានតែ ៣ភាគរយប៉ុណ្ណោះក្នុងចំណោមស្ត្រីដែលមានជំងឺមហារីក ប៉ុន្តែវានៅតែជាតួរលេខដែលនាំឲ្យស្ត្រីស្លាប់ច្រើនជាងគេងដោយសារមហារីកចំណាត់ថ្នាក់ទី៥ដដែលក្នុងសហរដ្ឋអាមេរិក។
ថ្វីបើជំងឺនេះមិនសូវឃើញជាញឹកញាប់ក៏ដោយ ប៉ុន្តែអត្រានៃការស្លាប់ឃើញថាខ្ពស់ណាស់ដោយសារតែមូលហេតុពីរយ៉ាង៖ កង្វះការយល់ដឹងដើម្បីរកមើលអាការៈជំងឺនេះឲ្យទាន់ពេលវេលា និងតេស្តដើម្បីរកជំងឺនេះយ៉ាងមានប្រសិទ្ធភាព។
ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលនាពេលថ្មីៗនេះមិនមានមធ្យោបាយណាមួយអាចទាយដឹងថា នរណាម្នាក់នឹងកើតជំងឺមហារីកក្រពេញអូវ៉ែក៏ដោយ ក៏ស្ត្រីដែលមានបញ្ហាហ្សែន កត្តាដំណរពូជ ឬជំងឺមួយចំនួនសុទ្ធតែងាយនឹងប្រឈមមុខខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?
កត្តាហ្សែន
- ហ្សែនមហារីកសុដន់ Breast Cancer Gene1 (BRCA1) និង Breast Cancer Gene 2 (BRCA2) អាចបង្កជាជំងឺមហារីកក្រពេញអូវ៉ែរហូតដល់ ១០ ទៅ១៥ភាគរយឯណោះ។
- ស្ត្រីដែលមានជំងឺមហារីកពោះវៀនធំបែបដំណរពូជ (Nonpolyposis Colorectal Cancer, HNPCC) ក៏ប្រហែលជាអាចប្រឈមនឹងជំងឺមហារីកក្រពេញអូវ៉ែ ១២ភាគរយដែរ។
- ស្ត្រីដែលមានចង្កោមរោគសញ្ញាជំងឺមហារីកក្រពេញអូវ៉ែនិងសុដន់បែបដំណរពូជ មានការប្រឈមមុខប្រហែល ១០ ទៅ៤៤ភាគរយដែរ។
ប្រវត្តិគ្រួសារ
កាលណាអ្នកមានគ្រួសារធ្លាប់មានជំងឺមហារីកសុដន់ មហារីកក្រពេញអូវ៉ែ មហារីកពោះវៀនធំ និងមហារីកស្បូនទំនងជាត្រូវប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកក្រពេញអូវ៉ែដែរហើយ។
អាយុកាន់តែច្រើន
អត្រានៃអ្នកកើតជំងឺមហារីកក្រពេញអូវ៉ែគឺកើតខ្ពស់បំផុតលើស្ត្រីអាយុពី ៥៥ ទៅ៦៤ឆ្នាំ ជាពិសេសស្ត្រីដែលត្រៀមរ៉ាំងរដូវ និងក្រោយរ៉ាំងរដូវ។
ប្រវត្តិនៃការបន្តពូជ និងភាពមិនអាចមានកូនបាន
ការប្រឈមនឹងជំងឺមហារីកក្រពេញអូវ៉ែហាក់បីដូចជាមានទំនាក់ទំនងនឹងវដ្តរដូវ ការសម្រាលកូន និងភាពមិនមានកូនដែរ។ កត្តាប្រឈមមុខមួយចំនួនមានដូចជា៖
- ឆាប់មករដូវពេក (មុនអាយុ ១២ឆ្នាំ)
- មិនធ្លាប់សម្រាលកូន
- មានកូនដំបូងក្រោយអាយុ ៣០ឆ្នាំ
- រ៉ាំងរដូវក្រោយអាយុ ៥០ឆ្នាំ
- មិនដែលប្រើថ្នាំពន្យាកំណើត
- មិនអាចមានកូនបាន ដោយមិនគិតអំពីការប្រើថ្នាំជម្រុញឲ្យមានកូន
ការព្យាបាលដោយប្រើអ័រម៉ូន
ស្ត្រីធម្មតាដែលមិនបានកាត់ស្បូនចោល ហើយប្រើថ្នាំអ័រម៉ូនភេទ ច្រើនជាង ៥ឆ្នាំ ឃើញថាមានការប្រឈមកាន់តែខ្ពស់នឹងមហារីកក្រពេញអូវ៉ែ។ សម្រាប់ស្ត្រីដែលកាត់ស្បូនចោល ហើយប្រើអ័រម៉ូនភេទច្រើនជង ១០ឆ្នាំ ក៏ធ្វើឲ្យការប្រឈមមុខកាន់តែខ្ពស់ដែរ៕