បញ្ហា ខ្យល់គរ ឬ សន្លប់ ជាអាការៈមិនដឹងខ្លួនរយៈពេលខ្លីដែលកើតមានដោយសារតែ សសៃឈាមទៅចិញ្ចឹម ខួរក្បាលថយចុះ ព្រោះកើតឡើងពីការឈឺចាប់ ឬប៉ះទង្គិចខាងអារម្មណ៍ខ្លាំងហើយវាកើតឡើងលើមនុស្សមួយចំនួនដែល នៅក្នុងទីកន្លែងដែលមានអាកាសធាតុក្តៅរងាៗ ឬ ដោយសារការធ្វើចលនាជើង ឬការប្តូរឥរិយាបថ។ យើងអាចការពារមិនឲ្យកើតខ្យល់គរមាន ដោយជាទូទៅជនរងគ្រោះនឹងដឹងខ្លួនបានលឿន ហើយមានអាការៈប្រសើរឡើងវិញ ប្រសិនបើឲ្យបុគ្គលនោះគេងចុះ ហើយលើកជើងឡើងខ្ពស់លើកម្រិតដើមទ្រូង។
សញ្ញាដែលបញ្ជាក់ថាជនរងគ្រោះមានលក្ខណៈខ្យល់គរ៖
-ជនរងគ្រោះនឹងមានអារម្មណ៍ល្វើយ អស់កម្លាំងដូចមិនស្រួលខ្លួនងងឹត និងវិលៗមុខ
-មុខស្លេកខ្លាំង
-ជីពចរដើរយឺត
អ្វីដែលអ្នកអាចធ្វើបាន ដើម្បីជួយជនរងគ្រោះ៖
១-បើអាចទៅរួច ជួយឲ្យជនរងគ្រោះគេងចុះ ហើយលើកជើងឲ្យខ្ពស់លើកម្រិតបេះដូង (ដើមទ្រូង) បើគ្មានកន្លែងអាចឲ្យគេងចុះបាន គួរជួយជនរងគ្រោះឲ្យអង្គុយចុះ ហើយឱនក្បាលចុះមកឲ្យនៅចន្លោះជង្គង់។
២-បន្ធូរអាវដែលរឹប ឬ តឹងណែនត្រង់បរិវេន ដើមទ្រូង និងកដៃចេញ។
៣-ត្រូវប្រាកដចិត្តថា ជនរគ្រោះមានខ្យល់ដកដង្ហើមគ្រប់គ្រាន់បើកបង្អួច ហើយប្រាប់ឲ្យអ្នកដែលរោមមើលថយចេញ យកអ្វីមកបក់បរិវេណមុខ ដើម្បីឲ្យមានខ្យល់។
៤-ប្រសិនបើជនរងគ្រោះ នៅតែមានអាការៈមិនសូវល្អ ត្រូវប្រញាប់ បញ្ជូនទៅកាន់មន្ទីរពេទ្យ៕