ជាធម្មតា ស្ត្រីត្រូវមករដូវជារៀងរាល់ ២១ ទៅ៣៥ថ្ងៃម្តង។ ស្ត្រីម្នាក់ៗសុទ្ធតែមានលក្ខណៈនៃការមករដូវខុសៗគ្នា និងរៀងៗខ្លួនទាំងអស់។ ក្នុងករណីខ្លះ ការប្រែប្រួលតិចតួចក៏អាចធ្វើឲ្យប៉ះពាល់ដល់វដ្តរដូវបានដែរ។ ខណៈពេលដែល ការធ្លាក់ឈាមរដូវច្រើនៗអាចធ្វើឲ្យអ្នកបារម្ភខ្លាំង តែការមករដូវតិចជាងធម្មតាវិញ ក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អបណ្តោះអាសន្នបានដែរ។ យ៉ាងណាមិញ វាអាចបញ្ជាក់ថា មានបញ្ហាសុខភាពណាមួយកើតឡើងហើយទើបធ្វើឲ្យមានការមករដូវតិចជាងធម្មតាបែបនេះ។
រោគសញ្ញាមួយចំនួនដែលធ្វើឲ្យស្ត្រីមករដូវតិចជាងធម្មតានោះគឺ តិចជាង ២ថ្ងៃ មានឡើងស្នាមអ៊ុចៗលើស្បែក និងឧស្សាហ៍មករដូវរឹមៗ។ ទោះបីជាយ៉ាងណាក៏ដោយ មានមូលហេតុមួយចំនួនដែលអាចធ្វើឲ្យស្ត្រីមករដូវតិចជាងធម្មតាបែបនេះ ដូចជា៖
- ទម្ងន់រាងកាយ៖ បើសិនជាអ្នកជាមនុស្សដែលស្គម នោះការមករដូវក៏តិចជាងធម្មតាបានដែរ។
- មានផ្ទៃពោះ៖ ថ្វីត្បិតតែ ការបាត់រដូវគឺជាសញ្ញាចំបងមួយនៃការមានផ្ទៃពោះក៏ដោយ តែស្ត្រីខ្លះអាចនឹងជួបបញ្ហារដូវមកតិចទៅៗដែរ។
- ប្រើថ្នាំពន្យាកំណើត៖ ថ្នាំពន្យាកំណើតខ្លះធ្វើការដោយ ធ្វើឲ្យស្ទះដល់ដំណើការណ៍ជ្រុះអូវ៉ុល ដូច្នេះវាអាចនឹងបណ្តាលឲ្យមកឈាមរដូវរឹមៗដែរ។
- អាយុ៖ ការដែលស្ថិតក្នុងវ័យជំទង់ ស្ត្រីអាចនឹងមានការប្រែប្រួលលំហូរឈាមរដូវដែរ ប៉ុន្តែដល់ពេលជិតរ៉ាំងរដូវ ក៏អាចបណ្តាលឲ្យរដូវមកតិចៗដែរ។
- ការបំបៅដោះកូន៖ ក្នុងពេលបំបៅដោះកូន រាងកាយស្ត្រីនឹងបញ្ចេញអ័រម៉ូនប្រូឡាក់ទីន ដែលវាមិនត្រឹមតែជំរុញដល់ការចេញទឹកដោះទេ តែក៏ពន្យាពេលការមករដូវដែរ។
- ស្ត្រេស៖ ស្ត្រេសគឺជាមូលហេតុចំបងមួយនៃបញ្ហាសុខភាពជាច្រើនចាប់ពី ជំងឺបេះដូង បាក់ទឹកចិត្ត រហូតដល់ទឹកនោម ហើយក្នុងនោះការប៉ះពាល់ដល់វដ្តរដូវក៏មិនលើកលែងដែរ។
- ចង្កោមរោគសញ្ញាពងគីសច្រើនក្នុងក្រពេញអូវ៉ែ៖ វាគឺជាជំងឺទាក់ទងនឹងក្រពេញបញ្ចេញក្នុង ដែលបណ្តាលឲ្យអតុល្យភាពអ័រម៉ូន ដូច្នេះការមករដូវក៏រងផលប៉ះពាល់ដែរ។
- លើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីត៖ នៅពេលរាងកាយផលិតអ័រម៉ូននេះច្រើនជ្រុល វានឹងនាំឲ្យមានភាពភ័យខ្លាច ថប់អារម្មណ៍ បេះដូងដើរញ៉ាប់ បែកញើសខ្លាំង និងគេងមិនលក់ ព្រមទាំងធ្លាក់ឈាមរដូវរឹមៗដែរ។
សរុបមក រាល់ការប្រែប្រួលលំហូរវដ្តរដូវ គួរតែជារឿងដែលត្រូវប្រុងប្រយ័ត្នផង។ ព្រោះវាអាចជាសញ្ញាមួយនៃជំងឺធ្ងន់ធ្ងរមួយចំនួនតូចដែរ៕