តើអ្នកធ្លាប់មានអារម្មណ៍ថាអស់កម្លាំងខុសពីធម្មតាដែរទេ? តើអ្នកមានធ្លាប់យល់ថាអាហារដែលអ្នកញ៉ាំមានលក្ខណៈប្លែក និងលែងមានរសជាតិដូចមុនដែរទេ? តើអ្នកមានបញ្ហារមួលក្រពើនៅពេលយប់ដែរទេ? បញ្ហានៅតម្រងនោមអាចបង្ហាញនូវអាការៈណាមួយលើរាងកាយ ប៉ុន្តែអាការៈខ្លះក៏មិនបានបង្ហាញចំៗលើតម្រងនោមដែរ។ ដល់ពេលយើងវិភាគវាទាំងអស់ អ្នកនឹងអាចដឹងថា តម្រងនោមប្រហែលជាត្រូវការការព្យាបាលហើយ។
បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម ធ្លាប់មានជំងឺបេះដូង ឬលើសសម្ពាថឈាម ឬគ្រួសារធ្លាប់មានប្រវត្តិបញ្ហាតម្រងនោម យកល្អគួរតែប្រុងប្រយ័ត្នចំពោះអាការៈដូចខាងក្រោមនេះផង៖
• អស់កម្លាំង ឬចុះខ្សោយ
• ហើមប្រអប់ដៃ និងប្រអប់ជើង
• ការរមាស់ដែលមិនព្រមបាត់ទៅវិញ
• លែងមានចំណង់អាហារ ឬមិនឃ្លានអាហារ
• រមួលក្រពើ និងមានអារម្មណ៍ថាជើងដូចមានស្រមោចវាពីលើតែធាតុពិតគឺគ្មានទេ
• គេងមិនលក់ ឬពិបាកគេង
• ចំណង់ផ្លូវភេទចុះខ្សោយ
• ឧស្សាហ៍នោមញឹក
• ទឹកនោមមានឈាម៕