ពាក្យថាដុំសាច់ក្នុងខួរក្បាលស្តាប់មើលទៅទំនងជាគួរឲ្យខ្លាចណាស់។ ទោះបីជាយើងមិនបានដឹងច្បាស់ថាហេតុអ្វីបានជាដុំសាច់នេះលូតលាស់ក្នុងខួរក្បាលក៏ដោយ តែមានកត្តាជាច្រើនអាចធ្វើឲ្យអ្នកមានឱកាសកើតវាកាន់តែខ្ពស់។ ឧទាហរណ៍ ដុំសាច់ក្នុងខួរក្បាលភាគច្រើនកើតឡើងលើមនុស្សដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ធ្លាប់មានគ្រួសារកើតដុំសាច់ក្នុងខួរក្បាល ឬខួរក្បាលប៉ះពាល់នឹងការបាញ់កាំរស្មីជាដើម។
យ៉ាងណាមិញ ការរកឃើញសញ្ញាដំបូងដែលបញ្ជាក់អំពីដុំសាច់ក្នុងខួរក្បាលនេះទាន់ពេលវេលា អាចនឹងធ្វើឲ្យឱកាសនៃការព្យាបាលមានសង្ឃឹមច្រើន។
អាការៈដែលកើតឡើងដោយសារមានសម្ពាធក្នុងខួរក្បាលកាន់តែខ្លាំង
- ឈឺក្បាលខ្លាំងនៅពេលព្រឹក ឬពេលក្អក ឬអោន
- ក្អួតជាប់
- ព្រឹលភ្នែក ឬមានអារម្មណ៍ថាមើលឃើញចំណុចខ្មៅតូចៗ ឬឆ្នូតខ្មៅនៅក្នុងភ្នែក
- ប្រកាច់
- ងងុយគេងច្រើនជាងធម្មតា
អាការៈដែលបង្កឡើងដោយទីតាំងរបស់ដុំសាច់
- បើដុំសាច់នោះស្ថិតនៅក្លែបខួរក្បាលខាងមុខ វាប្រហែលជាធ្វើឲ្យផ្លាស់ប្តូរចរឹកលក្ខណៈដូចជា ឆេវឆាវ ឬខឹងជាដើម។ លែងស្រង់ក្លិនបាន ឬខ្សោយមួយចំហៀងខ្លួន
- បើដុំសាច់នៅក្លែបខួរក្បាលម្តុំសៀតថ្កា វាអាចនឹងធ្វើឲ្យមានបញ្ហាដល់ការចងចាំ ប្រកាច់ ឬប្រកាច់ដោយសារតែធំក្លិនរបស់អ្វីមួយ
- បើដុំសាច់នៅក្លែបខួរក្បាលខាងលើវិញ វាអាចបណ្តាលឲ្យលែងមានអារម្មណ៍ដឹងមួយចំហៀងខ្លួន
- បើដុំសាច់នៅក្លែបខួរក្បាលខាងក្រោវិញ វាអាចនឹងធ្វើឲ្យភ្នែកម្ខាងខ្វាក់ ឬមើលមិនឃើញ
- បើដុំសាច់នៅម្តុំខួរតូចវិញ វានឹងធ្វើឲ្យក្អួត មិនអាចផ្ចង់អារម្មណ៍បាន ភ្នែកអាចនឹងញាក់ជាប់ និងរឹងក។
ចូរចាំថា ភាគច្រើននៃអាការៈទាំងអស់ខាងលើក៏អាចកើតឡើងដោយសារតែជំងឺអ្វីផ្សេងដែរ។ ដូច្នេះកុំបាច់មានភាពភ័យខ្លាចដោយគ្មានហេតុផលអី។ យ៉ាងណាមិញ គួរតែពិគ្រោះជាមួយគ្រូពេទ្យទៅបើសិនជាអ្នកមានអាការៈណាមួយជាប់រហូតដែលគិតថាជាដុំសាច់ក្នុងខួរក្បាល៕