ប្រសិនបើអ្នកសង្ស័យថា ជនរងគ្រោះមានរងរបួសនៅខួរឆ្នឹងខ្នង ត្រង់ផ្នែកក ឬ ខ្នង នោះអ្នកមិនត្រូវ ធ្វើការផ្លាស់ប្តូរទីតាំងរបស់ជនរងគ្រោះទេ។ ការពិការជាអចិន្ត្រៃ និង ផលលំបាកធ្ងន់ធ្ងរផ្សេងៗដទៃទៀត អាចនឹងកើតមានឡើង។ ត្រូវសន្មត់ថា ជនរងគ្រោះបានរងរបួសនៅត្រង់ខួរឆ្នឹងខ្នងប្រសិនបើ ៖
· មានភស្តុតាងនៃ ការរងរបួសត្រង់ក្បាល ជាមួយនឹងការបន្តនូវការផ្លាស់ប្តូរ នូវកម្រិតស្មារតីនៃការ ដឹងខ្លួនរបស់ជនរងគ្រោះ ។
· ជនរងគ្រោះមានការត្អូញត្អែរ នូវការឈឺចាប់ជាខ្លាំង នៅត្រង់ក ឬ នៅខ្នងរបស់ពួកគេ។
· ជនរងគ្រោះ នឹងមិនធ្វើចលនា នៅត្រង់កញ្ចឹងក។
· ការរងរបួសនេះ បានដាក់សម្ពាធជាខ្លាំង ទៅលើខ្នង ឬ ក្បាលរបស់ជនរងគ្រោះ។
· ជនរងគ្រោះបានរៀបរាប់ពីភាពចុះខ្សោយ, ស្ពឹក ឬ ពិការ ឬ មិនសូវអាចធ្វើការគ្រប់គ្រងបាន នូវការធ្វើចលនានៃអវយវះចុងដៃជើង, ប្លោកនោម ឬ ពោះវៀន។
· ផ្នែកនៃកញ្ចឹងក ឬ ខ្នង ត្រូវបានរមួល ឬ មានទីតាំងខុសពីធម្មតា។
ប្រសិនបើអ្នកសង្ស័យថា ជនណាម្នាក់មាន ការរងរបួសនៅត្រង់ខួរឆ្នឹងខ្នង នោះអ្នកត្រូវ៖
· ហៅរកក្រុមសង្គ្រោះបន្ទាន់ អោយបានភ្លាមៗ។
· រក្សាស្ថានភាពរបស់ជនរងគ្រោះ អោយមានលំនឹង។ ដាក់កន្សែងក្រាស់កល់ ផ្នែកសងខាង នៃ កញ្ចឹងក ឬ ទប់លំនឹងក្បាលរបស់ជនរងគ្រោះ ដើម្បីបង្ការ ការមានចលនា។
· ឆាប់ផ្តល់កិច្ចសង្គ្រោះបឋម ដល់ជនរងគ្រោះអោយបានឆាប់រហ័ស ដោយមិនត្រូវធ្វើការផ្លាស់ប្តូរ ទីតាំងក្បាល ឬ កញ្ចឹងក របស់ពួកគេ។ ប្រសិនបើជនរងគ្រោះ បង្ហាញនូវសញ្ញាគ្រោះថ្នាក់ ( ឈប់ដកដង្ហើម, មិនមានចលនា) នោះអ្នកត្រូវចាប់ផ្តើម ចលនាសង្គ្រោះដង្ហើម ជាបន្ទាន់ ប៉ុន្តែ អ្នកមិនត្រូវ ភ្ញើយក្បាលរបស់ជនរងគ្រោះទៅក្រោយ ដើម្បីបើកផ្លូវខ្យល់នោះទេ។ ប្រើម្រាមដៃ របស់អ្នកកាន់ចង្ការបស់ជនរងគ្រោះ និង ចាប់បង្ហើបវាឡើងថ្នមៗ ។ប្រសិនបើជនរងគ្រោះ មិនមានចង្វាក់ជីពចរ នោះចាប់ផ្តើមធ្វើការសង្កត់បេះដូង ។
· ប្រសិនបើជនរងគ្រោះ កំពុងពាក់មួកសុវត្ថិភាព នោះអ្នកមិនត្រូវដោះវាចេញទេ។
· ប្រសិនបើអ្នកចាំបាច់ត្រូវ ធ្វើការផ្អៀងជនរងគ្រោះ ដោយសារតែគេ មានការក្អួត,ឈ្លក់ ដោយសារ ឈាម ឬ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ នៃការរងរបួសបន្ថែមទៀត នោះអ្នកត្រូវការមនុស្សយ៉ាង ហោចណាស់ ម្នាក់ទៀតដើម្បីជួយអ្នក។ ដោយម្នាក់ត្រូវស្ថិតនៅចំណុចក្បាលរបស់ជនរងគ្រោះ និង ម្នាក់ទៀត ស្ថិតនៅអមចំហៀងដងខ្លួន ដើម្បីធ្វើការជួយគ្នា ក្នុងការជួយរក្សាលំនឹងក្បាល, កញ្ចឹងក និង ខ្នងរបស់ជនរងគ្រោះខណៈពេលអ្នកធ្វើការរំកិល ជនរងគ្រោះអោយស្ថិតក្នុង ដំណេកផ្អៀង ៕