ប្រសិនបើអ្នកឃើញនរណាម្នាក់ កំពុងប្រកាច់ សូមកុំមានការភ្ញាក់ផ្អើល។ ទោះបីជាការប្រកាច់ហាក់ដូចជាមានរយៈពេលយូរ ពួកវាជាធម្មតាគឺមានរយៈពេលមិនលើសពី ៦០ ទៅ ៩០វិនាទីនោះទេ។ ធ្វើការរាប់រយៈពេលនៃការប្រកាច់ ប្រសិនបើអ្នកអាច។ ប្រសិនបើការប្រកាច់នេះ មានរយៈពេលច្រើនជាង ៣នាទី ឬ ក៏ជនរងគ្រោះដែលមានការប្រកាច់នេះ កំពុងមានផ្ទៃពោះ ( មិនថាការប្រកាច់នោះមានរយៈពេលប៉ុនណានោះទេ) អ្នកត្រូវប្រញាប់ទូរស័ព្ទទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ភ្លាមៗ ។
ការប្រកាច់អាចមានសភាពគួរអោយតក់ស្លុត ក្នុងការមើលឃើញ ជាពិសេសប្រសិនបើអ្នកមិនធ្លាប់ឃើញពួកវាពីមុនមក។ ការប្រកាច់ជាបណ្តោះអាសន្ន អាចបង្អាក់ដល់ ការគ្រប់គ្រងសាច់ដុំ, ការធ្វើចលនា,ការនិយាយ, ការមើលឃើញ ឬ ស្មារតីរបស់អ្នកជំងឺ។ វាអាច បណ្តាលអោយខ្លួនប្រាណរបស់អ្នកជំងឺទាំងមូល ញ័ររំជួយយ៉ាងខ្លាំង ក្នុងរយៈពេលពីរបីវិនាទី ទៅ ពីរបីនាទី ហើយពួកគេអាច បាត់បង់ស្មារតី ។
ការប្រកាច់អាចមានសភាព ពីស្រាលទៅ ធ្ងន់ធ្ងរ ហើយវាអាចមានឥទ្ធិពលទៅលើមនុស្សម្នាក់ៗ ផ្សេងៗគ្នា ។ទោះបីជាអ្នកអាចមានអារម្មណ៍ថា មិនមានជំនួយអ្វីនៅជុំវិញជនរងគ្រោះ នៅពេលដែលគេកំពុងប្រកាច់ ហើយយល់ថាវាពិតជាពិបាកនឹងមើលឃើញសភាពបែបនេះ វាមានវិធីជាច្រើនដែលអ្នកអាចជួយពួកគេបាន ។
រោគសញ្ញានៃការប្រកាច់
ការប្រកាច់ជារោគសញ្ញាតែមួយគត់ដែល យើងអាចមើលឃើញចំពោះជំងឺឆ្កួតជ្រូក។ វាមានប្រភេទផ្សេងៗជាច្រើននៃការប្រកាច់ ហើយរោគសញ្ញានៃប្រភេទរបស់វានីមួយៗ អាចជះឥទ្ធិពលទៅលើមនុស្សម្នាក់ៗផ្សេងៗគ្នា។ការប្រកាច់ជាធម្មតា មានរយៈពេលពី ពីបីវិនាទី ទៅ ពីរបីនាទី។ អ្នកអាចនឹងនៅដឹងខ្លួនអំឡុងពេលនៃការប្រកាច់ឬ អ្នកអាចបាត់បង់ស្មារតី។ អ្នក ក៏អាចនឹងមិនចងចាំថា មានរឿងអ្វីកើតឡើងចំពោះអ្នក ក្នុងពេលអ្នកកំពុងប្រកាច់ ឬ អ្នកអាចមិនទាំងដឹងខ្លួនផងថា អ្នកមានការប្រកាច់នោះ ។ការប្រកាច់ដែលធ្វើអោយអ្នក ដួលទៅលើដី ឬ ធ្វើអោយសាច់ដុំអ្នកឡើងរឹង ឬ កន្ត្រាក់ដែលមិនអាចធ្វើការគ្រប់គ្រងបាន គឺមានភាពងាយស្រួលនឹងកត់សំគាល់បាន។ ប៉ុន្តែការប្រកាច់ភាគច្រើន មិនមានរួមបញ្ចូលប្រតិកម្មអស់ទាំងនេះទេ ហើយវាអាចមានភាពពិបាកនឹងកត់សំគាល់។ ការប្រកាច់ខ្លះ ធ្វើអោយអ្នកសំលឹងចុះក្រោមក្នុងពេលពីរទៅបីវិនាទី ។
ករណីផ្សេងទៀត អាចរួមមានតែ ការកន្ត្រាក់សាច់ដុំពីរបី , បង្វិលក្បាល ឬ មានក្លិនចំលែកឬ ការរំខានដល់ការមើលឃើញ ដែលមានតែអ្នក ដែលអាចមានញាណនេះ ។ការប្រកាច់ដោយសារជំងឺឆ្កួតជ្រូក ជារឿយៗកើតមានដោយមិនមាន ការព្រមានទុកជាមុន ទោះបីជា មានមនុស្សខ្លះ អាចមានហេតុដឹងមុន នៅពេលដំបូងនៃការប្រកាច់។ ការប្រកាច់នេះ បញ្ចប់នៅពេលដែល សកម្មភាពមិនប្រក្រតីនៃអគ្គិសនីនៅក្នុងខួរក្បាល ឈប់ និង សកម្មភាពនៃខួរក្បាលត្រលប់ទៅរកសភាពធម្មតាវិញ។ ការប្រកាច់អាចកើតមាន ជាផ្នែក ឬ ជាទូទៅ ។ការប្រកាច់ជាផ្នែក ចាប់ផ្តើមនៅតំបន់ ឬ ទីតាំងច្បាស់លាស់ណាមួយនៃខួរក្បាល។
ប្រភេទនៃការប្រកាច់ជាផ្នែកដែលតែងតែកើតមានជាទូទៅមាន ៖
ការប្រកាច់ជាផ្នែកក្នុងសភាពធម្មតា គឺមិនមានផលប៉ះពាល់ដល់ស្មារតី ឬ ការដឹងខ្លួនរបស់អ្នកជំងឺទេ។ ការប្រកាច់ជាផ្នែកដែលមានភាពស្មុគស្មាញ គឺមានផលប៉ះពាល់ដល់កំរិតនៃស្មារតី។ អ្នកជំងឺអាចទៅជាគ្មានការឆ្លើយតប ឬ ក៏បាត់បង់ស្មារតីទាំងស្រុង ។ការប្រកាច់ជាផ្នែកជាមួយនឹងការប្រកាច់ទូទៅក្នុងកំរិតមធ្យម ចាប់ផ្តើមជាទំរង់សាមញ្ញ ឬ ស្មុគស្មាញនៃការប្រកាច់ជាផ្នែក ប៉ុន្តែបន្ទាប់មកវារាលដាល ទៅកាន់ផ្នែកផ្សេងទៀតនៃខួរក្បាល និង មើលទៅដូច នឹងការប្រកាច់ generalized tonic- clonic ។ ប្រភេទទាំងពីរនេះ អាចមានលក្ខណៈងាយស្រួលនឹងច្រលំគ្នា ប៉ុន្តែពួកវាត្រូវបានព្យាបាលដោយវិធីផ្សេងគ្នា។ ការប្រកាច់ generalize tonic- clonic ភាគច្រើនកើតមានចំពោះមនុស្សពេញវ័យ ចាប់ផ្តើមក្នុងសភាពជាការប្រកាច់ ជាផ្នែក និង ត្រូវបានបណ្តាលមកពី ជំងឺឆ្កួតជ្រូកដែលមានជាផ្នែក។ ការប្រកាច់ generalized tonic- clonic ច្រើនកើតមានចំពោះកុមារ ។
ការប្រកាច់ជាទូទៅ
ការប្រកាច់ដែលចាប់ផ្តើម ទៅលើស្រទាប់នៃខួរក្បាលទាំងអស់ ត្រូវបានគេហៅថា ការប្រកាច់ជាទូទៅ ( generalized seizures) ។ ប្រភេទសំខាន់ៗនៃការប្រកាច់ជាទូទៅមានដូចជា ៖
Generalized tonic- clonic seizures ( grand mal seizures) វាកើតមានក្នុងកំឡុងពេល ដែលអ្នកជំងឺដួលទៅលើដី ខ្លួនប្រាណទាំងអស់ឡើងរឹង និង សាច់ដុំរបស់អ្នកជំងឺចាប់ផ្តើមកន្ត្រាក់ ឬ រឹងរួញ ។
Absence seizures ( petit mal seizures) វាធ្វើអោយអ្នកជំងឺសំលឹងចុះក្រោមក្នុងរយៈពេលពីរទៅបីវិនាទីនិង បន្ទាប់មកភ្ញាក់ដឹងខ្លួនមកវិញ ដោយមិនបានដឹងថាមានរឿងអ្វីកើតឡើងចំពោះគេនោះទេ។
Myoclonic seizures វាធ្វើអោយខ្លួនប្រាណរបស់អ្នកជំងឺ កន្ត្រាក់ដូចវាត្រូវបានខ្សែភ្លើងឆក់ ។
Atonic seizures គឺជាការបាត់បង់នូវកំលាំងរបស់សាច់ដុំភ្លាមៗ និងធ្វើអោយអ្នកជំងឺដួលដោយមិនមានការព្រមានអ្វី ទុកជាមុននោះទេ ។
Tonic seizures វាកើតមាននៅពេលដែល សាច់ដុំចាប់កន្ត្រាក់ និង ឡើងរឹងភ្លាមៗ និង ជារឿយៗធ្វើអោយអ្នកជំងឺដួលទៅលើដី ។
ការប្រកាច់ក្នុងជំងឺឆ្កួតជ្រូក ពេលខ្លះត្រូវបានគេច្រលំនឹង ការប្រកាច់ដោយសារចិត្តសាស្ត្រ ដែលវាមិនមែនបណ្តាលមកពី ភាពមិនប្រក្រតីនៃមុខងាររបស់អគ្គិសនីក្នុងខួរក្បាលនោះទេ។ ការប្រកាច់ដែលទាក់ទងនឹងផ្លូវចិត្តនេះ អាចជាការឆ្លើយតបនឹងផ្នែកនៃកត្តាចិត្តសាស្ត្រមួយចំនួនដូចជា ស្ត្រេស, ការរងរបួស, ការប៉ះទង្គិចផ្លូវចិត្ត ឬកត្តាផ្សេងៗដទៃទៀត ។
តើអ្នកអាចជួយជនរងគ្រោះ ក្នុងពេលប្រកាច់បានយ៉ាងដូចម្តេចខ្លះ ?
ការពារជនរងគ្រោះពី ការរងរបួស ។
រក្សា ឬ ទប់ពួកគេកុំអោយដួលប្រសិនបើអ្នកអាចធ្វើបាន ឬ ព្យាយាមដាក់ពួកគេអោយអង្គុយថ្នមៗទៅលើឥដ្ឋ ។
ព្យាយាមយកគ្រឿងសង្ហារឹម ឬ សំភារះផ្សេងៗដែលអាច ធ្វើអោយជនរងគ្រោះមាន គ្រោះថ្នាក់ក្នុងពេលពួកគេកំពុងប្រកាច់ ។
ប្រសិនបើជនរងគ្រោះ កំពុងមានការប្រកាច់នៅលើឥដ្ឋ ពេលអ្នកមកដល់ ចូរព្យាយាមដាក់ជនរងគ្រោះអោយគេងផ្អៀង ដូច្នេះសារធាតុរាវអាចចេញមកក្រៅតាមមាត់របស់ពួកគេបាន ។ ប៉ុន្តែសូមប្រុងប្រយ័ត្នអ្នកមិនត្រូវដាក់សម្ពាធខ្លាំងទៅលើខ្លួនប្រាណរបស់ជនរងគ្រោះទេ ។
អ្នកមិនត្រូវលូកដៃ ឬ ប្រើអ្វីលូកចូលទៅក្នុងមាត់ របស់ជនរងគ្រោះនោះទេ។ ការដាក់អ្វីមួយទៅក្នុងមាត់របស់ជនរងគ្រោះអាចធ្វើអោយពួកគេ មានការរងរបួស ដូចជាបែកធ្មេញ ឬ បាក់ឆ្អឹងថ្គាម។ អ្នកក៏អាចនឹងត្រូវ ជនរងគ្រោះខាំផងដែរ ។
សូមកុំព្យាយាមទប់អ្នកជនរងគ្រោះ មិនអោយមានចលនា ឬ ធ្វើបំលាស់ទី ។វាអាចនាំអោយពួកគេមានគ្រោះថ្នាក់ ដូចជាការភ្លាត់ស្មាជាដើម ។
តើអ្នកអាចជួយ ជនរងគ្រោះបានដោយរបៀបណា បន្ទាប់ពីការប្រកាច់រួច?
ពិនិត្យមើលថា ជនរងគ្រោះមានរងរបួសដែរឬទេ ?
ប្រសិនបើអ្នកមិន អាចដាក់ជនរងគ្រោះអោយគេងផ្អៀងនៅពេល ពួកគេកំពុងប្រកាច់ សូមធ្វើវានៅពេលដែលការប្រកាច់ត្រូវបានបញ្ឈប់ និង នៅពេលដែលគេបានធូរស្រាលវិញហើយ។
ប្រសិនបើជនរងគ្រោះមានបញ្ហានឹងការដកដង្ហើម ប្រើដៃរបស់អ្នកថ្នមៗ លូកសំអាតមាត់ជនរងគ្រោះដើម្បី យកកំអួត ឬ ស្លេសចេញមកក្រៅ។ ប្រសិនបើវាមិនមានភាពធូរស្រាលទេ សូមប្រញាប់ទូរស័ព្ទទៅរកជំនួយពីភ្នាក់ងារសង្គ្រោះ ។
បន្ថយក្រណាត់អាវនៅត្រង់ក និង ចង្កេះរបស់ជនរងគ្រោះ ។ផ្តល់កន្លែងសុវត្ថិភាព ដែលជនរងគ្រោះអាចសំរាកបាន ។
ចូរកុំផ្តល់វត្ថុអ្វីអោយជនរងគ្រោះទទួលទាន ឬ ផឹករហូតដល់ពេល ពួកគេដឹងខ្លួន និង ស្វាងមែនទែនហើយសូមនៅជាមួយជនរងគ្រោះ រហូតដល់ពួកគេ ភ្ញាក់ដឹងខ្លួន និង សុំានឹងមជ្ឈដា្ឋនជុំវិញ ។ជនរងគ្រោះភាគច្រើននឹង មានភាពងងុយគេង និង វង្វេងបន្ទាប់ពីការប្រកាច់កើតមាន ។
អ្វីដែលអ្នក ត្រូវឃ្លាំមើលអំឡុងពេលជនរងគ្រោះមានការប្រកាច់
អ្នកអាចនឹង ផ្តល់នូវសញ្ញាណដ៏មានតំលៃចំពោះគ្រូពេទ្យដែលព្យាបាលជនរងគ្រោះដែលបានមានការប្រកាច់។
សូមព្យាយាមចងចាំនូវហេតុការណ៍ទាំងនោះ ៖
តើខ្លួនប្រាណរបស់ជនរងគ្រោះ មានចលនាយ៉ាងដូចម្តេចខ្លះ ?
តើការប្រកាច់នោះមានរយៈពេលយូរប៉ុនណា ?
តើជនរងគ្រោះមាន សកម្មភាពបែបណា មុនពេលការប្រកាច់កើតមាន?
តើជនរងគ្រោះមាន សកម្មភាពបែបណាភ្លាមៗ បន្ទាប់ពីមានការប្រកាច់រួច ?
តើជនរងគ្រោះ មានរងរបួសអ្វីទេ បន្ទាប់ពីមានការប្រកាច់រួច ?
នៅពេលណាដែល អ្នកត្រូវស្វែងរកជំនួយសង្គ្រោះជាបន្ទាន់ ?
ការប្រកាច់ គឺមិនតែងតែទាមទារនូវ ការសង្គ្រោះជាបន្ទាន់នោះទេ ។ ប៉ុន្តែសូមទូរស័ព្ទទៅកាន់ ភ្នាក់ងារសង្គ្រោះបន្ទាន់ភ្លាមៗ ប្រសិនបើ
· ជនរងគ្រោះមានការប្រកាច់ និង ឈប់ដកដង្ហើមយូរជាង ៣០វិនាទី។ បន្ទាប់ពីការហៅទូរស័ព្ទទៅកាន់ភ្នាក់ងារសង្គ្រោះបន្ទាន់ សូមចាប់ផ្តើមធ្វើការសង្គ្រោះដង្ហើមរបស់ជនរងគ្រោះ ។
· ការប្រកាច់មានរយៈពេល លើសពី ៣នាទី (ជនរងគ្រោះអាចមានការគំរាមកំហែងដល់អាយុជីវិត ដោយសារ ការប្រកាច់ក្នុងរយៈពេលយូរ) ។
· នេះជាការប្រកាច់លើកទីមួយរបស់ជនរងគ្រោះ ឬ ប្រសិនជាអ្នកមិនដឹងថាគេមានជំងឺឆ្កួតជ្រូកឬអត់?
· ជនរងគ្រោះដែលមានការប្រកាច់ ជាស្ត្រីដែលមានផ្ទៃពោះ ( មិនថាការប្រកាច់នោះមានរយៈពេលប៉ុនណា)នេះ អាចជាសញ្ញានៃជំងឺត្រៀមព្រាយក្រឡាភ្លើង ។
មានការប្រកាច់លើសពី មួយដងកើតឡើង ក្នុងរយៈពេល ២៤ម៉ោង ។
ជនរងគ្រោះដែលមានការប្រកាច់ មិនមានការឆ្លើយតបបានដូចធម្មតា នៅក្នុងរយៈពេល១ម៉ោងក្រោយពីកើតមានការប្រកាច់ ឬ មានសញ្ញាណាមួយ ក្នុងចំណោមសញ្ញាខាងក្រោមនេះ ៖
· មិនសូវមានភាពដឹងខ្លួន ឬ មិនអាច ភ្ញាក់ដឹងខ្លួនបានពេញលេញ ។
· មានភាពវង្វេងវង្វាន់ ។
· ចង្អោរ ឬ ក្អួត ។
· មានការវិលមុខ។
· មិនអាចដើរ ឬ ឈរបាន។
· មានគ្រុនក្តៅ ។
ការប្រកាច់ដែលកើតមានបន្ទាប់ពី ជនរងគ្រោះ បានត្អូញត្អែរភ្លាមៗ ឬ ការឈឺក្បាលធ្ងន់ធ្ងរ។
ការប្រកាច់ កើតមានជាមួយនឹងសញ្ញានៃការដាច់សសៃឈាមក្នុងខួរក្បាល ដូចជា មានការលំបាកក្នុងការនិយាយ ឬ យល់នឹងការនិយាយរបស់នរណាម្នាក់ , បាត់បង់ការមើលឃើញ និង មិនអាចមានចលនានៅផ្នែកណាមួយ ឬ ទាំងស្រុងនៃរាងកាយ ។
ការប្រកាច់ដែលរួម មាន នឹងការរងរបួសនៅក្បាល ។
អ្នកជំងឺទឹកនោមផ្អែមដែលមានការប្រកាច់ ។ ការខ្វះជាតិស្ករក្នុងឈាម ឬ ជាតិស្ករក្នុងឈាមខ្ពស់ពេកអាចបណ្តាលអោយអ្នកជំងឺទឹកនោមផ្អែមមានការប្រកាច់ ។
· ការប្រកាច់ដែលកើតមាន បន្ទាប់ពីការពុលអាហារ ឬ ដកដង្ហើមយកនូវផ្សែងពុល ។
· ជនរងគ្រោះត្អូញត្អែរពី ការឈឺចាប់ដ៏ធ្ងន់ធ្ងរ បន្ទាប់ពីការភ្ញាក់ដឹងខ្លួន ឬ មានការវិវត្តនូវគ្រុនក្តៅ ក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីមានការប្រកាច់៕