ធម្មតា ទឹកនោមរបស់មនុស្សយើងច្រើនតែមានពណ៌លឿងខ្ចី ហើយនោះក៏ជាអ្វីដែលត្រូវបានមនុស្សទូរទៅ ក៏ដូចជាគ្រូពេទ្យចាត់ទុកថាជារឿងធម្មតាដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីដែលទឹកនោមទៅជាមានពណ៌លឿងចាស់ខ្លាំង វាច្រើនតែជាអាការៈដំបូងដែលបញ្ជាក់ថា រាងកាយខ្វះជាតិទឹក ឬមិនបានទទួលទានទឹកគ្រប់គ្រាន់។
នៅពេលមនុស្សម្នាក់មិនបានញ៉ាំទឹកគ្រប់គ្រាន់ទេ តម្រងនោមនឹងធ្វើការបញ្ចេញនូវកាកសំណល់ដែលមានកំហាប់ខ្ពស់ចូលទៅក្នុងទឹកនោមដែលមានដូចជា កោសិកាគ្រាប់ឈាមងាប់ៗ ជាតិពុល ប្រូតេអ៊ីន និងកាកសំណល់ផ្សេងៗទៀតដែលត្រូវបញ្ចេញពីក្នុងខ្លួន និងជាលទ្ធផលទៅជាទឹកនោមដែលមានពណ៌លឿងចាស់នេះឯង។ អ្នកក៏ប្រហែលជាសម្គាល់ឃើញថា ទឹកនោមទំនងជាមានពណ៌លឿងចាស់ដែរ ក្រោយពីញ៉ាំថ្នាំប្រភេទវីតាមីន B ឬអាហារមានពណ៌មួយចំនួន។ បើសិនជាអ្នកសង្កេតឃើញថាមានការប្រែប្រួលរបស់ពណ៌ទឹកនោមជាបណ្តោះអាសន្នទេ គួរតែគិតដល់អាហារដែលញ៉ាំផង។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលអ្នកត្រូវធ្វើនៅពេលដែលដឹងថាទឹកនោមមានពណ៌លឿងចាស់បែបនេះ ហើយ យកល្អគួរតែចាប់ផ្តើមញ៉ាំទឹកឲ្យបានច្រើនវិញដើម្បីរាងកាយមានជាតិទឹកគ្រប់គ្រាន់។ បើសិនជាទឹកនោមនៅតែមានពណ៌ចាស់រយៈពេលយូរទៀត វាអាចជាសញ្ញាមួយនៃជំងឺធ្ងន់ធ្ងរបានដូចជា ជំងឺរលាកថ្លើម ឬគ្រួសក្នុងថង់ទឹកប្រមាត់ជាដើម៕