ខណៈពេលដែលការស្ទះនៅកន្លែងណាមួយក្នុងផ្លូវទឹកប្រមាត់អាចបណ្តាលឲ្យកើតជាបញ្ហាលឿងដល់ស្បែក ដែលវាជាហេតុនាំឲ្យលាមកទៅជាមានពណ៌សនោះ តែរាល់ជំងឺទៅលើថ្លើម លំពែង ឬថង់ទឹកប្រមាត់ក៏អាចធ្វើឲ្យលាមកទៅជាស្លេក ឬសដូចគ្នាអញ្ចឹងដែរ។
និយាយឲ្យចំទៅ យើងគួរតែចាត់ទុកថា ពណ៌របស់លាមកគឺជាលក្ខណៈសម្គាល់ដ៏ល្អមួយសម្រាប់បញ្ជាក់អំពីសុខភាពទូទៅ និងប្រព័ន្ធរំលាយអាហារ ខណៈពេលដែលមនុស្សជាច្រើនតែងតែយល់ច្បាស់ថា លាមកដែលមានពណ៌ក្រហម ឬមានឈាមតាមលាមកគឺជាសញ្ញាដែលបញ្ជាក់អំពីបញ្ហាធ្ងន់ធ្ងរ ដែលវាគ្រប់គ្រាន់នឹងត្រូវបារម្ភ។ ទោះបីជាយ៉ាងណាក៏ដោយ កាលណាលាមកដែលមានពណ៌ត្នោត វាគឺជាសញ្ញាល្អមួយដែលបញ្ជាក់ថា អ្នកមានសុខភាពល្អ ព្រោះថ្លើមកំពុងតែធ្វើការងារយ៉ាងល្អក្នុងខ្លួន។
ប៉ុន្តែអ្វីដែលអ្នកគួរបារម្ភនោះគឺ លាមកប្រែទៅជាពណ៌ស ហើយវាក៏ជារឿងដែលត្រូវខ្វល់ខ្វាយច្រើនដែរ ព្រោះវាជាសញ្ញាបញ្ជាក់ថា រាងកាយកំពុងតែមានបញ្ហានៅផ្លូវបង្ហូរទឹកប្រមាត់។
សំណួរសួរថា ហេតុអ្វីបានជាលាមកខ្ញុំប្រែទៅជាស្លេក ឬសអញ្ចឹង? មានមូលហេតុជំងឺច្រើនណាស់ដែលអាចធ្វើឲ្យលាមកដែលធ្លាប់តែមានពណ៌ត្នោតធម្មតាប្រែទៅជាស ដែលវាមានលក្ខណៈចាប់ពីតិចតួច រហូតដល់ធ្ងន់ធ្ងរ ដូចជា៖
- ជាសញ្ញាដំបូងមួយនៃការឡើងលឿងរបស់ស្បែក
- អ្នកកំពុងតែមានរោគសញ្ញានៃជំងឺថ្លើម
- ជំងឺរលាកថ្លើម ប្រភេទ A, B, C, D និង E
- ជំងឺរលាកថ្លើមដោយសារញ៉ាំគ្រឿងស្រវឹង
- ជំងឺរលាកថ្លើមដោយសារតែប្រើថ្នាំច្រើនពេក ឬខុស
- ជំងឺរលាកថ្លើមដោយសារតែប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី
- ការរលាកផ្លូវទឹកប្រមាត់ រហូតដល់ធ្វើឲ្យស្ទះផ្លូវទឹកប្រមាត់
- ជំងឺក្រិនថ្លើមដោយសារតែមានបញ្ហាផ្លូវទឹកប្រមាត់
ចុះបើទារកទើបនឹងកើត មានលាមកស្លេកវិញ តើវាមានន័យដូចម្តេចវិញ?
ជាទូទៅ លាមករបស់ក្មេងមានគ្រប់សន្ថាន ក្លិន និងលក្ខណៈ។ ភាគច្រើនវាគឺជារឿងធម្មតា ហើយក៏មិនបាច់ខ្វល់ខ្វាយច្រើនអំពីរឿងនេះដែរ។ ប៉ុន្តែករណីខ្លះ ពណ៌របស់លាមកអាចបញ្ហានូវសញ្ញាប្រាប់អំពីបញ្ហានានាក្នុងផ្លូវក្រពះពោះវៀន ឬថ្លើមបាន។ យ៉ាងណាមិញ សម្រាប់លាមកដែលមានពណ៌ស វាអាចជាសញ្ញាបញ្ជាក់ថា មានអ្វីមួយស្ទះក្នុងថ្លើម ទើបធ្វើឲ្យទឹកប្រមាត់មិនអាចហូរបានល្អ ហើយករណីបែបនេះអាចគម្រាមគំហែងដល់អាយុជីវិតទៀតផង។ រឿងនេះច្រើនតែទាក់ទងនឹងជំងឺទ្រោមស្វិតរបស់ផ្លូវទឹកប្រមាត់ (ជំងឺពីកំណើត) និងត្រូវការការយកចិត្តទុកដាក់ និងព្យាបាលភ្លាមៗ៕