ការដែលមានផ្ទៃពោះមិនមែនជារឿងមួយស្រួលឡើយ។ ជាមួយនឹងភាពតានតឹងខាងរាងកាយ និងផ្លូវចិត្តដែលអ្នកត្រូវឆ្លងកាត់ គឺទាមទារឲ្យមានការសម្រាកច្រើនណាស់។ អ្នកអាចនឹងមានមានអារម្មណ៍ថា គេងមិនបានគ្រប់គ្រាន់ក្រោយពីមានកូន ប៉ុន្តែការដែលគេងឲ្យគ្រប់គ្រាន់វិញអាចជារឿងពិបាកមួយដែលអ្នកត្រូវរំពឹងទុកឲ្យហើយ។ នៅពេលផ្ទៃពោះកាន់តែវិវត្តន៍ទៅមុខ អ្នកនឹងដឹងថា អ្នកមិនអាចទទួលបាននូវអ្វីដែលអ្នកត្រូវការបំផុតគ្រប់គ្រាន់ឡើយ។ ការគេងដែលពិបាកច្រើនតែកើតមានជាញឹកញាប់ក្នុងពេលមានផ្ទៃពោះ ប៉ុន្តែដល់ពេលស្ថិតក្នុងត្រីមាសទី៣វិញ វាក៏ជាពេលវេលាដែលពិបាកបំផុតដែរ។
ខាងក្រោមនេះគឺជាហេតុផលមួយចំនួន ដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះឧស្សាហ៍ភ្ញាក់ពីគេងនៅកណ្តាលយប់ជាញឹកញាប់៖
ចេះតែចង់នោមបន្ទាន់ជាប់
នៅពេលអ្នកមានផ្ទៃពោះ តម្រងនោមនឹងធ្វើការកាន់តែច្រើន ហើយក្នុងនោះវាត្រូវការច្រោះឈាមច្រើនជាង ៥០ភាគរយឯណោះ ដែលជាហេតុនាំឲ្យមានទឹកនោមច្រើន។ ករណីនេះនឹងកើតឡើងកាន់តែច្រើនក្នុងត្រីមាសទី៣។
ក្រហាយដើមទ្រូង
ក្នុងពេលមានផ្ទៃពោះ រាងកាយនឹងផលិតអ័រម៉ូនប្រូជេស្តេរ៉ូនកាន់តែច្រើនដែលជាហេតុធ្វើឲ្យសាច់ដុំធូ ហើយវាក៏បណ្តាលឲ្យសាច់ដុំនៅលើកក្រពះធូរផងដែរ។ ហេតុដូច្នេះហើយទើបងាយធ្វើឲ្យច្រាលអាហារចេញទៅបំពង់កវិញ និងបង្កជាការក្រហាយដើមទ្រូវទៅ។
ចលនារបស់កូនក្នុងផ្ទៃ
ការគេងលក់អាចក្លាយទៅជារឿងមួយពិបាកនៅពេលអ្នកកំពុងតែពរពោះកូនដែលមានភាពសកម្ម ព្រោះគេត្រូវធ្វើការក្នុងពោះពេញមួយយប់។ ករណីបែបនេះដូចជាគ្មានអ្វីត្រូវធ្វើឡើយ តែត្រូវសប្បាយចិត្តវិញ ព្រោះពួកគេកំពុងតែមានសុខភាពល្អហើយ។
រមួលក្រពើ
ការរមួលក្រពើគឺជាបញ្ហាមួយដែលមិនចង់ជួបប្រទះឡើយ ប៉ុន្តែវាកើតមានជាញឹកញាប់ចំពោះស្ត្រីមានផ្ទៃពោះដោយសារតែទារកសង្កត់ទៅលើសរសៃប្រសាទ និងបន្ថយរបត់ឈាមទៅជើង។ ករណីបែបនេះងាយនឹងកើតមានណាស់នៅពេលយប់ ដែលវាគ្រប់គ្រាន់នឹងធ្វើឲ្យស្ត្រីភ្ញាក់កណ្តាលយប់។
មិនអាចរកទំនុកគេងឲ្យស្រួល
វាគឺជារឿងពិបាកមួយដែលស្ត្រីត្រូវការរកទំនុកគេងឲ្យបានស្រួលនៅពេលពោះកាន់តែធំ។ ដល់ពេលរកបាន និងគេងលក់ហើយ តែពេលរើបន្តិចក៏អាចធ្វើឲ្យអ្នកភ្ញាក់បានដែរ។
ស្ត្រេស
ការគិតអំពីការសម្រាល និងការលំបាកជាច្រើនដែលអ្នកគួរនឹងប្រឈមមុខធ្វើជាម្តាយគេនោះគឺតែងតែកើតឡើងក្នុងចិត្តអ្នកជានិច្ច។ វាគឺជាអ្វីដែលត្រូវបារម្ភខ្លាំងផងដែរ។ ដូច្នេះគ្រប់ពេលអ្នកមានអារម្មណ៍តក់ស្លុត ចូរដកដង្ហើមជ្រៅៗ បន្ធូរអារម្មណ៍ ស្តាប់ចម្រៀង ឬអានសៀវភៅ។
ការហាត់ប្រាណ ឬហាត់ក្បាច់យូហ្គាជាទៀងទាត់នឹងជួយឲ្យអ្នកគេងកាន់តែលក់ស្រួលនៅពេលយប់។ ចូរចៀសវាងការគេងជាប់រហូតនៅលើគ្រែ តែត្រូវធ្វើចលនាឲ្យបានច្រើនតាមតែអាចធ្វើបាន។ ចូរប្រាប់ប្តី ឬស្នើរឲ្យគាត់ជួយម៉ាស្សាឲ្យអ្នកផងទៅ។ វានឹងជួយបន្ធូរដល់រាងកាយ និងបំបាត់ការឈឺចាប់ដែលអ្នកមានផងដែរ៕