នៅពេលដែលអ្នក បានប្រឈមទៅនឹង សីតុណ្ហភាពត្រជាក់ ជាពិសេសនៅក្នុង អាកាសធាតុ ដែលមានខ្យល់ត្រជាក់ខ្លាំង និង មានកម្រិតសំណើមខ្ពស់ ឬ ក៏ស្ថិតនៅក្នុងមជ្ឈដ្ឋាន ត្រជាក់ ក្នុងរយៈ ពេលដ៏យូរ នោះយន្តការនៃការគ្រប់គ្រងរបស់រាងកាយ អាចនឹង មិនមានលទ្ធភាព ក្នុងការរក្សានូវ សីតុណ្ហភាពជាប្រក្រតីរបស់រាងកាយអ្នក។ នៅពេលកំដៅជាច្រើន ត្រូវបានបាត់បង់ នោះរាងកាយរបស់ អ្នកនឹងចាប់ផ្តើមចុះត្រជាក់ ដែលត្រូវបានកំណត់ដោយ សីតុណ្ហភាពរាងកាយផ្នែកខាងក្នុង គឺមានតិច ជាង ៣៥អង្សាសេ ។
ការស្លៀកសំលៀកបំពាក់ ដែលសើម ឬ មិនបានគ្រប់គ្រាន់, ការធ្លាក់ចូលទៅក្នុងទឹកត្រជាក់ និង ថែមទាំង ការដែលអ្នកមិនបានពាក់មួក នៅក្នុងអំឡុងនៃអាកាសធាតុត្រជាក់ ក៏អាចបង្កើនឱកាស របស់អ្នក ក្នុងការ ប្រឈមទៅនឹងការ ធ្លាក់ចុះនៃសីតុណ្ហភាពរាងកាយនេះបានផងដែរ ។
សញ្ញា និង រោគសញ្ញានៃការចុះទាបនៃសីតុណ្ហភាព រាងកាយមានដូចជា៖
· គ្រុនញាក់។
· និយាយមិនច្បាស់ ឬ លឺឡុលៗ ។
· មានការដកដង្ហើមយឺតៗ ដោយមិនប្រក្រតី។
· មានស្បែកត្រជាក់ និង ស្លេកស្លាំង។
· បាត់បង់ស្ថានភាពលំនឹងនៃរាងកាយ។
· អស់កំលាំង ឬ និយាយមិនរួច។
· មានស្បែកត្រជាក់ និង ក្រហមភ្លឺៗ (ចំពោះកុមារ) ។
សញ្ញា និង រោគសញ្ញាទាំងនេះ ជាធម្មតាគឺមានការវិវត្តន៍យឺតៗ ។ ជនទាំងឡាយណា ដែលមាន សីតុណ្ហភាពរាងកាយចុះទាប ជាធម្មតាគឺតែងជួបប្រទះនឹង ការបាត់បង់លំនឹងផ្លូវចិត្ត និង សម្ថភាពរាង កាយបន្តិចម្តងៗ ដូច្នេះពួកគេ អាចនឹងមិនបានដឹង ថាពួកគេនឹងត្រូវការ ការព្យាបាលផ្នែកវេជ្ជសាស្ត្រ នោះទេ ។
ចំពោះមនុស្សវ័យចាស់, កុមារ ,ក្មេងតូចៗ និង អ្នកដែលស្គមខ្លាំង គឺមានការប្រឈមនឹង គ្រោះថ្នាក់នេះ ជាពិសេស។ ហើយក្រុមមនុស្សផ្សេងទៀត ដែលមានការប្រឈមនឹងគ្រោះថ្នាក់ខ្លាំងជាង នេះ នោះគឺ រួមមានដូចជា អ្នកដែលត្រូវបានចាត់ទុកថា មានភាពទន់ខ្សោយ ដោយសារជំងឺផ្លូវចិត្ត ឬ ជំងឺ Alzheimer’s និង មនុស្សដែលស្រវឹងស្រា, គ្មានផ្ទះសម្បែង និង អ្នកដែលមានរថយន្តខូចនៅនឹង ផ្លូវ ក្នុងពេលដែលអាកាសធាតុចុះត្រជាក់ខ្លាំង ។ ស្ថានភាពផ្សេងទៀត ដែលអាចធ្វើអោយមនុស្ស អាច មានសីតុណ្ហភាពចុះត្រជាក់ខ្លាំងដែរនោះគឺ មានជំងឺកង្វះអាហាររូបត្ថម្ភ និង ជំងឺសសៃឈាមបេះដូង ។
វិធីក្នុងការថែរក្សា ជនទាំងឡាយដែលមានសីតុណ្ហភាពរាងកាយចុះត្រជាក់ខ្លាំង មានដូចជា ៖
· ធ្វើការទាក់ទងទៅកាន់ក្រុមសង្គ្រោះបន្ទាន់ ។ ខណៈពេលដែលរង់ចាំក្រុមសង្គ្រោះបន្ទាន់ មកដល់ អ្នកត្រូវធ្វើការតាមដាន នូវការដកដង្ហើមរបស់ជនរងគ្រោះ ។ ប្រសិនបើការដកដង្ហើមត្រូវបាន បញ្ឈប់ ឬ ហាក់មើលទៅមានលក្ខណៈយឺត ឬ រាក់ៗក្នុង សភាពគ្រោះថ្នាក់ នោះអ្នកត្រូវចាប់ផ្តើម ធ្វើចលនាសង្គ្រោះបេះដូង អោយបានជាបន្ទាន់។
· ធ្វើការផ្លាស់ប្តូរទីតាំងរបស់ជនរងគ្រោះ អោយចេញឆ្ងាយពីមជ្ឈដ្ឋានត្រជាក់។ ប្រសិនបើអ្នក មិន អាចដាក់ជនរងគ្រោះទៅខាងក្នុងផ្ទះបាន នោះអ្នកត្រូវការពារ ជនរងគ្រោះពីខ្យល់ ដោយការគ្រប ដណ្តប់ក្បាល និង រាងកាយរបស់ជនរងគ្រោះ ឬ ដាក់ជនរងគ្រោះមិនអោយដេកផ្ទាល់ទៅនឹងដី ដែលមានភាពត្រជាក់។
· ធ្វើការដោះសំលៀកបំពាក់ដែលសើម ចេញពីរាងកាយរបស់ជនរងគ្រោះ។ ធ្វើការដាក់ជំនួសវិញ នូវ ក្រណាត់ដែលក្តៅឧណ្ណៗ និង ធ្វើការដណ្តប់ជនរងគ្រោះអោយបានជិតល្អ ។
· អ្នកមិនត្រូវដាក់កំដៅ ដោយផ្ទាល់ទៅលើជនរងគ្រោះនោះទេ។ អ្នកមិនត្រូវប្រើទឹកក្តៅ, ថង់កំដៅ ឬ ម៉ាស៊ីនផ្តល់កំដៅ ទៅកំដៅជនរងគ្រោះទេ។ ផ្ទុយមកវិញ អ្នកត្រូវប្រើក្រណាត់ក្តៅឧណ្ណៗ ដាក់ ទៅលើផ្នែកកណ្តាលនៃរាងកាយ, ក្បាល, ក ,ដើមទ្រូង និង នៅក្រលៀនរបស់ជនរងគ្រោះ ។ អ្នកមិនត្រូវ ធ្វើការផ្តល់កំដៅនៅលើដៃ និង ជើងនោះទេ ។ការដាក់កំដៅនៅលើ ដៃ និង ជើងគឺអាចបង្ខំ អោយឈាមត្រជាក់រត់មករកបេះដូង, សួត និង ខួរក្បាល ដែលវាអាចនឹងបណ្តាល អោយសីតុណ្ហភាពរាងកាយកណ្តាល ត្រូវបានធ្លាក់ចុះ ។ វាអាចជាកត្តា មួយ ដែលអាចធ្វើអោយ ជនរងគ្រោះ ស្លាប់បាន។
· អ្នកមិនត្រូវ ផ្តល់ស្រាអោយជនរងគ្រោះទេ។ ធ្វើការផ្តល់ភេសជ្ជះក្តៅឧណ្ណៗ ដែលមិនមានជាតិ ស្រា ទៅជនរងគ្រោះ លុះត្រាតែពួកគេកំពុងក្អួត ។
· មិនត្រូវធ្វើការម៉ាស្សា ឬ ជូតដងខ្លួនជនរងគ្រោះជាដាច់ខាត។ អ្នកត្រូវធ្វើការកាន់ដងខ្លួនរបស់ ជនរងគ្រោះ ដែលមានសីតុណ្ហភាពចុះត្រជាក់ខ្លាំង អោយបានថ្នមៗ ដោយសារតែស្បែក របស់ពួកគេ អាចនឹងដាច់រលាត់បានយ៉ាងងាយ ដោយសារសីតុណ្ហភាពដែលចុះត្រជាក់ខ្លាំងនេះ ហើយ ចំណែកឯ ការ ជូតជាលិកាដែលដាច់រលាត់ដោយសារការត្រជាក់នេះ គឺអាចធ្វើអោយ វាមានផល បំផ្លាញធ្ងន់ធ្ងរចំពោះស្បែក៕