ប្រសិនបើអាចទៅរួច មុនពេលដែលអ្នកព្យាយាមធ្វើការ បញ្ឈប់នូវការហូរឈាមដែលមានសភាព ធ្ងន់ធ្ងរ អ្នកត្រូវធ្វើការលាងសំអាតដៃរបស់អ្នក ដើម្បីជៀសវាងនូវការចម្លងរោគ និង ត្រូវធ្វើការពាក់ស្រោម ដៃ។ ប្រសិនបើមុខរបួស ស្ថិតនៅត្រង់តំបន់ពោះ ហើយសរីរៈខាងក្នុង ត្រូវបានស្ថិតនៅខុសទីតាំង នោះអ្នកមិនត្រូវ ព្យាយាមធ្វើការរុញវា ចូលទៅក្នុងទីតាំងដើមវិញនោះទេ អ្នកត្រូវធ្វើការគ្របតំបន់ នោះ ជាមួយនឹងក្រណាត់ ឬ ស្បៃស្តេរីលស្អាត។
សម្រាប់ករណីនៃការហូរឈាម ក្នុងសភាពធ្ងន់ធ្ងរ អ្នកត្រូវ៖
· ដាក់ជនរងគ្រោះ អោយដេក និង ធ្វើការដណ្តប់ជនរងគ្រោះ ដើម្បីការពារកុំអោយគេ មានការបាត់ បង់សីតុណ្ហភាពរាងកាយ។ ប្រសិនបើអាចធ្វើបាន អ្នកត្រូវដាក់ក្បាលរបស់ជនរងគ្រោះ អោយ បានទាបជាង ដងខ្លួនបន្តិច ឬ ធ្វើការកល់ជើង ឬ កន្លែងដែលមានការហូរឈាម អោយបានខ្ពស់ ជាង។
· នៅពេលដែលអ្នកបានពាក់ស្រោមដៃហើយ អ្នកអាចយកចេញនូវធូលី ឬ កំទេចកំទីដែល អាច មើលឃើញច្បាស់ នៅលើមុខរបួស។ តែអ្នកមិនត្រូវយកនូវ វត្ថុអ្វីមួយដែលមានទំហំធំ និង ចាក់ចូលជ្រៅ ទៅក្នុងមុខរបួស ចេញនោះទេ។ អ្វីដែលអ្នកចាំបាច់ ត្រូវយកចិត្តទុកដាក់នោះគឺ អ្នកត្រូវធ្វើការបឈ្ឈប់នូវ ការហូរឈាមរបស់ជនរងគ្រោះ ។
· អ្នកអាចដាក់សម្ពាធ ដោយផ្ទាល់ទៅលើមុខរបួសតែម្តង រហូតដល់ការហូរឈាមត្រូវបានបឈ្ឈប់ ។ អ្នកត្រូវ ប្រើបង់រុំដែលស្តេរីល ឬ ក្រណាត់ស្អាត រួចបន្តធ្វើការទប់សង្កត់សម្ពាធនេះ អោយបាន យ៉ាងហោចណាស់ រយៈពេល ២០នាទី ដោយមិនចាំបាច់ពិនិត្យមើលថា តើមុខរបួសនោះបាន ឈប់ហូរឈាមហើយឬនៅទេ? ធ្វើការរក្សាសម្ពាធនេះ ដោយការរុំមុខរបួសអោយតឹងណែន ជាមួយនឹងបង់រុំ ឬ ក្រណាត់ស្អាត និង ស្កុតស្អិតបិទជាប់។ ប្រើដៃស្អាតរបស់អ្នក ប្រសិនបើអ្នក មិនមានរបស់ទាំងនេះ ជាប់ជាមួយ។ ប្រសិនបើអាចធ្វើបាន អ្នកត្រូវពាក់ស្រោម ដៃស្អាត ឬ ប្រើថង់ប្លាស្ទីកស្អាត ដើម្បីការពារ ការចម្លង រោគ ។
· អ្នកមិនត្រូវ ធ្វើការយកចេញនូវ ស្បៃរុំ ឬ បង់រុំចេញពីមុខរបួស របស់ជនរងគ្រោះនោះទេ។ ប្រសិន បើមុខរបួស នៅតែបន្តមានការហូរឈាម និង ជ្រាបចេញពីស្បៃរុំរបួស ឬ វត្ថុអ្វីមួយដែលអ្នកបាន ប្រើក្នុងការចងរុំមុខរបួស នោះអ្នកមិនត្រូវយកវាចេញទេ។ ជំនួសមកវិញ អ្នកត្រូវ អ្នកត្រូវយក វត្ថុ ឬ ក្រណាត់អ្វីដែលមានការបឺតស្រូបល្អ យកមកដាក់បន្ថែមលើវាទៀត ។
· ធ្វើការគាបសង្កត់ សរសៃអាទែដែលសំខាន់ ប្រសិនបើចាំបាច់។ ប្រសិនបើការហូរឈាមនេះ មិនត្រូវបានបញ្ឈប់ ជាមួយនឹងការប្រើសម្ពាធដោយផ្ទាល់ នោះអ្នកត្រូវធ្វើការគាបសង្កត់ នៅលើ សរសៃអាទែ ដែលធ្វើការផ្តល់ឈាម មកកាន់តំបន់នៃមុខរបួស។ កន្លែងដែលអ្នក ត្រូវដាក់សម្ពាធ នៅលើដៃ គឺស្ថិតនៅផ្នែកខាងក្នុងនៃដៃ គឺស្ថិតនៅខាងលើកែងដៃបន្តិច និង ខាងក្រោមឃ្លៀក បន្តិច។ កន្លែងដែលត្រូវដាក់សម្ពាធ នៅលើជើង គឺនៅត្រង់ ផ្នែកខាងក្រោយនៃជង្គង់ និង នៅត្រង់ ក្រលៀន។ ធ្វើការសង្កត់ សសៃអាទែដែលសំខាន់ នៅត្រង់តំបន់ទាំងនេះ អោយខ្ទប់ទៅនឹងឆ្អឹង ដោយដាក់ម្រាមដៃអ្នក អោយរាបស្មើរ។ ហើយជាមួយនឹងដៃម្ខាងទៀត អ្នកត្រូវបន្តដាក់សម្ពាធ ទៅលើមុខរបួស ដដែល ។
· ធ្វើការដាក់ផ្នែកនៃរាងកាយរបស់ជនរងគ្រោះ ដែលត្រូវបានរងរបួសអោយនឹងថ្កល់ នៅពេល ដែលការហូរឈាម ត្រូវបានបញ្ឈប់។ រក្សាបង់រុំមុខរបួស អោយស្ថិតនៅកន្លែងដដែល និង ប្រញាប់ ធ្វើការបញ្ជូនជនរងគ្រោះ ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ អោយបានឆាប់រហ័ស តាមដែល អាចធ្វើបាន ។
ប្រសិនបើអ្នកមានការសង្ស័យថា ជនរងគ្រោះមានការហូរឈាមផ្នែកខាងក្នុង នោះអ្នកត្រូវប្រញាប់ ហៅ រក ក្រុមសង្គ្រោះបន្ទាន់អោយបានភ្លាមៗ ។
សញ្ញា នៃការហូរឈាមផ្នែកខាងក្នុង មានដូចជា៖
· មានការហូរឈាមចេញពី ប្រហោងផ្នែកណាមួយនៃរាងកាយ។
· មានការក្អួត ឬ ក្អកធ្លាក់ឈាម។
· មានស្នាមជាំនៅលើក, ដើមទ្រូង, ពោះ ឬ នៅផ្នែកចំហៀងនៃដងខ្លួន ។
· មុខរបួស ដែលមានការចាក់ទម្លុះចូលដល់លលាដ៍ក្បាល , ដើមទ្រូង ឬ ពោះ ។
· មានការបាក់ឆ្អឹង ។
· មានស្ថានភាពស្ហុក ដែលត្រូវបានបង្ហាញប្រាប់តាមរយៈ សភាពអស់កំលាំងល្ហិតល្ហៃ, ការថប់បារម្ភ មានការស្រេកទឹកជាខ្លាំង ឬ ស្បែកមានសភាពត្រជាក់ខ្លាំង៕
ហូរឈាមធ្ងន់ធ្ងរត្រូវសង្គ្រោះបឋមរបៀបណា?
21 July, 2020