ដើម្បីធ្វើការបែងចែកអោយបានច្បាស់ រវាងការរលាក ក្នុងកម្រិតស្រាល ពី ការរលាកក្នុងកម្រិតធ្ងន់ ដំណាក់កាលដំបូងនោះគឺថា អ្នកត្រូវ កំណត់អោយច្បាស់ពីទំហំ នៃផលប៉ះពាល់ទៅលើ ជាលិកា របស់រាងកាយ។ ការបែងចែកចំណាត់ថ្នាក់ នៃការរលាក ត្រូវបានចាត់ទុកជាបីប្រភេទគឺ៖ ការរលាក ក្នុងកម្រិត ទីមួយ, ការរលាកក្នុងកម្រិតទីពីរ និង ការរលាកក្នុងកម្រិតទីបី ។
ការស្គាល់ច្បាស់នូវកម្រិតនៃការរលាក ទាំងបីប្រភេទនេះ គឺអាចជួយអោយអ្នក ធ្វើការកំណត់ច្បាស់នូវ វិធីក្នុងការជួយសង្គ្រោះជនរងគ្រោះ អោយបានភ្លាមៗ ។
ការរលាក ក្នុងកម្រិតទីមួយ
· វាជាការរលាក ដែលមិនសូវមានសភាពធ្ងន់ធ្ងរ ដែលមានតែស្បែកស្រទាប់ខាងក្រៅ ត្រូវបាន រលាក ។
· ស្បែកគឺ មានសភាពក្រហមជាធម្មតា។
· ជារឿយៗ មានការហើមប៉ោង។
· នាពេលខ្លះ អាចមានការឈឺចាប់ ។
ធ្វើការព្យាបាលនូវការ រលាកក្នុងកម្រិតទីមួយ ដូចជាការរលាកក្នុងសភាពបន្តិចបន្តួច លុះត្រាតែវា ជាផ្នែកមួយដែលសំខាន់រួមមានដូចជា៖ ប្រអប់ដៃ, ប្រអប់ជើង , មុខ, ក្រលៀន ឬ កញ្ចូញគូថ ឬ តំបន់នៃសន្លាក់សំខាន់ណាមួយ ដែលវាតម្រូវអោយមានការព្យាបាលផ្នែកវេជ្ជសាស្ត្រអោយ បាន ជាបន្ទាន់ ។
ការរលាក ក្នុងកម្រិតទីពីរ
វាកើតមាននៅពេលដែល ស្រទាប់ស្បែកផ្នែកខាងក្រៅទីមួយ ត្រូវបានរលាក ឆ្លងដល់ ស្រទាប់ស្បែក ផ្នែកទីពីរ ក៏ត្រូវបានរលាកផងដែរ។ ការរលាកប្រភេទនេះ ត្រូវបានគេចាត់ទុកថា ជាការរលាក ក្នុង កម្រិតទីពីរ ។
· មានការវិវត្តន៍ នូវពងទឹក។
· សភាពស្បែកមានពណ៌ក្រហមយ៉ាងខ្លាំង និង មានរាងបែក ជ្រៀតចេញពីគ្នា។
· មានការឈឺចាប់ និង មុខរបួសមានការហើមប៉ោងជាខ្លាំង ។
ប្រសិនបើការរលាក ក្នុងកម្រិតទីពីរនេះ មិនមានទំហំធំជាង ៧,៦សង់ទីម៉ែត្រ ចំពោះមុខកាត់ នោះ ត្រូវធ្វើការព្យាបាលវា ដូចទៅនឹងការរលាកក្នុងសភាពធម្មតាដែរ។ ប្រសិនបើតំបន់នៃការរលាក មានទំហំ លើសពីនេះ ឬ ស្ថិតនៅត្រង់ ប្រអប់ដៃ, ជើង ,មុខ, ក្រលៀន ឬ គូថ ឬថែមទាំងស្ថិតនៅ លើសន្លាក់នៃ កន្លែងសំខាន់ណាមួយ នោះអ្នកត្រូវចាត់ទុកវាជាការរលាក ក្នុងកម្រិតធ្ងន់ធ្ងរ និង ត្រូវស្វែងរក ជំនួយក្នុង ការព្យាបាលផ្នែកវេជ្ជសាស្ត្រ អោយបានភ្លាមៗ។
សម្រាប់ការរលាក ក្នុងសភាពតិចតួច រួមមានផងដែរ នូវការរលាកក្នុងកម្រិត ទីមួយ និង កម្រិតទីពីរ នោះ ត្រូវធ្វើការកំណត់ នូវតំបន់នៃការរលាកនេះ មិនអោយធំជាង ៧, ៦សង់ទីម៉ែត្រ ចំពោះមុខកាត់ នោះអ្នកត្រូវ អនុវត្តនូវវិធានការ ក្នុងការជួយសង្គ្រោះជនរងគ្រោះដូចខាងក្រោមនេះ ៖
· ដាក់កន្លែងរលាក អោយបានត្រជាក់។ កាន់ ឬ ដាក់កន្លែងដែលត្រូវបានរលាក អោយស្ថិតនៅខាង ក្រោមទឹកត្រជាក់ដែល ហូរចេញពីក្បាលរ៉ូប៊ីណេ ក្នុងរយៈពេលពី ១០ ទៅ ១៥នាទី រហូតដល់ការ ឈឺចាប់ មានភាពធូរស្រាល។ ប្រសិនបើវានៅតែមិនបានផលល្អ នោះអ្នកអាចដាក់កន្លែងដែល រលាកជ្រមុជចូលក្នុងទឹក ឬ ដាក់ក្រណាត់ត្រជាក់ស្អំនៅពីលើវា។ ការដាក់កន្លែងរលាក អោយបាន ត្រជាក់ គឺអាចជួយកាត់បន្ថយនូវភាពហើមប៉ោង ដោយការបឺតចេញនូវកំដៅពី ស្បែកដែលបាន រលាក។ តែអ្នក មិនត្រូវដាក់ដុំទឹកកក នៅពីលើមុខរបួសនេះទេ ។
· ដណ្តប់កន្លែងដែលរលាក ជាមួយនឹងបង់រុំដែលស្តេរីល។ អ្នកមិនត្រូវប្រើក្រណាត់ ឬ វត្ថុអ្វីមួយ ដែលអាចទាក់ដល់ មុខរបួស។ ធ្វើការរុំមុខរបួស ស្រាលៗ និង រលុង ដើម្បីជៀសវាង នូវការដាក់ សម្ពាធនៅពីលើស្បែក ដែលត្រូវបានរលាក។ ការរុំបង់ គឺអាចជួយអោយខ្យល់ចេញពីមុខរបួស និង អាចកាត់បន្ថយនូវការឈឺចាប់ និង ការពារស្បែកពីការឡើងពងទឹក។
· ធ្វើការលេបថ្នាំ បំបាត់ការឈឺចាប់។ ពួកវាមានដូចជា៖ aspirin, ibuprofen ( Advil, Motrin) , Naproxen ( Aleve)និង acetaminophen ( Tylenol) ។ ត្រូវមានការប្រុងប្រយ័ត្ន នៅពេលផ្តល់ថ្នាំ អាស្ពីរីនដល់ កុមារ ឬ ក្មេងជំទង់។
ការរលាក ក្នុងកម្រិតស្រាល ជាធម្មតា អាចជាសះស្បើយបាន ដោយមិនចាំបាច់មាន ការព្យាបាន បន្ថែមអ្វីនោះទេ។ ពួកវាអាចនឹងមានការជាសះ ដោយការផ្លាស់ប្តូរពណ៌ស្បែក ខុសពីស្បែក ត្រង់កន្លែង ធម្មតា។ តាមដានរកមើលសញ្ញា នៃការបង្ករោគ មានដូចជា ការកើនឡើងនូវការឈឺចាប់,ឡើងក្រហម, មានគ្រុនក្តៅ និង ហើមប៉ោង។ ប្រសិនបើមានការបង្ករោគ នោះអ្នកត្រូវស្វែងរកជំនួយអោយបាន ជាបន្ទាន់។ ជៀសវាង ការធ្វើអោយវាមានមុខរបួសឡើងវិញ ឬ រលាកទៅនឹងកំដៅថ្ងៃ ប្រសិនបើមុខរបួស នៅមានអាយុកាលតិចជាង រយៈពេលមួយឆ្នាំ ហើយត្រូវប្រើក្រែមការពារកំដៅថ្ងៃ ។
ការប្រុងប្រយ័ត្ន
· អ្នកមិនត្រូវប្រើដុំទឹកកក នោះទេ។ ការដាក់វា ដោយផ្ទាល់នៅពីលើមុខរបួស អាចធ្វើអោយ រាងកាយអ្នក ក្លាយជាត្រជាក់ និង ធ្វើអោយមុខរបួសកាន់តែរងនូវការបំផ្លាញបន្ថែម។
· អ្នកមិនត្រូវធ្វើការលាបនូវ ផ្នែកសនៃស៊ុត,បឺរ និង ក្រែមស្អិត នៅពីលើមុខរបួសទេ។ វាអាចធ្វើ អោយមុខរបួស មានការបង្ករោគ។
· អ្នកមិនត្រូវ បំបែកពងទឹកដែលមាននៅលើមុខរបួស ជាដាច់ខាត។ ការបំបែកពងទឹកនេះ គឺអាច នឹងបង្កើន ឱកាសនូវការចម្លងរោគ ។
ការរលាក ក្នុងកម្រិតទីបី
ការរលាកកម្រិតនេះ គឺជាការរលាក ក្នុងសភាពដ៏ធ្ងន់ធ្ងរ ដល់គ្រប់ស្រទាប់របស់ស្បែក និង ធ្វើអោយមាន ការបំផ្លាញជានិរន្តចំពោះ ជាលិកាស្បែក។ ស្រទាប់ខ្លាញ់, សាច់ដុំ និង ឆ្អឹងអាចនឹង ទទួលរង ផលប៉ះពាល់បានផងដែរ។ តំបន់នៃការរលាកនេះ អាចមានពណ៌ខ្មៅខ្លោច ឬ លេចចេញពណ៌ស និង មានសភាពស្ងួត។ ភាពពិបាក ក្នុងការដកដង្ហើមចេញ និង ចូល,ការពុល ដោយសារសារជាតិ កាបូនម៉ូណូអុកស៊ីត ឬ ការពុលនូវ ថ្នាំពុលប្រភេទផ្សេងទៀត អាចនឹងកើតមាន ប្រសិនបើ វាមានការបឺតស្រូប រួមបញ្ចូលជាមួយនឹង ការរលាកនេះ ។
ត្រូវធ្វើការហៅរកក្រុមសង្គ្រោះបន្ទាន់ អោយបានភ្លាមៗ ។ មុនពេលពួកគេមកដល់ អ្នកអាចអនុវត្តនូវ វិធីទាំងនេះ ដើម្បីជួយដល់ជនរងគ្រោះ ៖
· អ្នកមិនត្រូវ ដោះចេញនូវសំលៀកបំពាក់ ដែលបានរលាកនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវប្រាកដថា ជនរងគ្រោះនឹង មិនស្ថិតនៅក្នុង ស្ថានភាពរលាក ឬ ឈ្លក់នឹងផ្សែងភ្លើងទៀត នោះទេ។
· អ្នកមិនត្រូវច្រមុជ តំបន់នៃកន្លែងដែលរលាក ក្នុងសភាពធ្ងន់ធ្ងរ ទៅក្នុងទឹកនោះទេ។ ការធ្វើដូចនេះ គឺអាចធ្វើអោយសីតុណ្ហភាពរាងកាយ ធ្លាក់ចុះ និង អាចធ្វើអោយជនរងគ្រោះ មានស្ហុក។
· តាមដានមើលពី ចលនាឈាមរត់ ( ការដកដង្ហើម, ការក្អក និង ការធ្វើចលនា) ។ ប្រសិនបើ ជនរងគ្រោះ មិនមានសញ្ញា នៃការដកដង្ហើមឬ ចលនាឈាមរត់ នោះអ្នកត្រូវចាប់ផ្តើម ធ្វើការ សង្គ្រោះចលនាបេះដូង អោយបានជាបន្ទាន់។
· ធ្វើការគ្រប កន្លែងរលាក ជាមួយនឹងក្រណាត់ស្អាត។ ប្រសិនបើអាចទៅរួច អ្នកត្រូវដាក់ កន្លែងដែលរលាក អោយខ្ពស់ជាងបេះដូង៕