ដោយយោងទៅតាមអជ្ញាធរវេជ្ជសាស្ត្រ គេបានរកឃើញជំងឺកង្វះគ្រាប់ឈាមប្រមាណជាង ៤០០ប្រភេទខុសៗគ្នាឯណោះ ដោយសម្គាល់ដឹងតាមរយៈការកង្វះកោសិកាគ្រប់ឈាមក្រហម ឬអេម៉ូគ្លូប៊ីនដែលជាសមាសធាតុរបស់ឈាមសម្រាប់ដឹកនាំអុកស៊ីសែន។ ប៉ុន្តែអ្វីដែលកើតឡើងច្រើន និងញឹកញាប់ជាងគេបំផុតនោះគឺការកង្វះគ្រាប់ឈាមដោយសារជាតិដែកមិនគ្រប់។
ជំងឺកង្វះគ្រាប់ឈាមមានរោគសញ្ញាខុសៗគ្នាច្រើនណាស់អាស្រ័យទៅតាមប្រភេទរបស់វា។ យ៉ាងណាមិញ ប្រភេទជាច្រើនរបស់ជំងឺនេះច្រើនតែមានលក្ខណៈមួយចំនួនដែលដូចគ្នា។ មនុស្សម្នាក់ដែលមានជំងឺកង្វះគ្រាប់ឈាមដោយសារជាតិដែកមិនគ្រប់ប្រហែលជាមិនបង្កជារោគសញ្ញាអ្វីទេ ដោយសារតែវាមានលក្ខណៈតិចតួចជាពិសេសក្នុងពេលចាប់ផ្តើមដំបូងតែម្តង។ ប៉ុន្តែនៅពេលជំងឺនេះវិវឌ្ឈន៍ទៅជាកម្រិតមធ្យម ឬធ្ងន់ធ្ងរហើយ វានឹងចេញជារោគសញ្ញាងាយដឹងដូចជា៖
- ស្លេកស្លាំង
- អស់កម្លាំង
- ចង្វាក់បេះដូងដើរញ៉ាប់
- ថប់អារម្មណ៍
- ពិបាកដកដង្ហើម
- ឈឺទ្រូង
- វិលមុខ
- ត្រជាក់ចុងដៃចុងជើង
- ជ្រុះសក់ និងក្រចកដៃពុកផុយ
- ឃ្លានអាហារចម្លែកៗជាពិសេសអាហារដែលគ្មានជីវជាតិដូចជា ដុំកកជាដើម៕