សូមអបអរសាទរផងដែលអ្នកបានមានផ្ទៃពោះគ្រប់ ៣ខែហើយ មានន័យថាអ្នកកំពុងតែឆ្លងផុតដំណាក់កាលត្រីមាសដំបូងហើយ។ ប៉ុន្តែវានៅតែមានរឿងជាច្រើនទៀតដែលអ្នកត្រូវឆ្លងកាត់ ដើម្បីជួយឲ្យការមានផ្ទៃពោះកាន់តែមានសុខភាពល្អថែមទៀត។
មានរឿងច្រើនណាស់ដែលកើតឡើងចំពោះរាងកាយម្តាយក្នុងខែទីបី។ ខាងក្រោមនេះគឺជាគន្លឹះតិចតួចមួយចំនួនដែលម្តាយគួរតែធ្វើក្នុងអំឡុងពេលនេះទៅមុខទៀត៖
- ចូរញ៉ាំអាហារដែលផ្តល់នូវសុខភាពជាទៀតទាត់ ជាពិសេសអាហារសម្បូរជីវជាតិតែម្តង។ កុំភ្លេចញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារសម្បូរជាតិសរសៃដើម្បីចៀសផុតពីការទល់លាមក។
- ចូរចំណាយពេលវេលាគេងឲ្យបានគ្រប់គ្រាន់ដើម្បីចៀសផុតពីអារម្មណ៍អស់កម្លាំង និងងងុយគេងគ្រប់ពេល។
- ចូរប្រាកដថា អ្នកលែងមានការបារម្ភអ្វីច្រើនទៀតហើយក្នុងពេលមានផ្ទៃពោះនៅដំណាក់កាលនេះ។ អ្នកអាចប្រើវិធីបន្ធូរអារម្មណ៍តាមរយៈការស្តាប់ចម្រៀង និងតាំងសមាធិ។
- អនុវត្តការហាត់ប្រាណផង ជាពិសេសការហាត់ក្បាច់យូហ្គា ដែលមានការឃ្លាំមើលពីអ្នកជំនាញ។
យ៉ាងណាមិញ វាក៏មានរឿងច្រើនដែលអ្នកមិនគួរធ្វើដែរក្នុងពេលមានផ្ទៃពោះ ហើយក៏ជារឿងដែលត្រូវចៀសវាងដែរដូចជា៖
- កុំបង្កភាពតានតឹងដល់ខ្លួនឯងច្រើនពេកទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រោះវាអាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃដែរ។
- កុំព្យាយាមលើករបស់ធ្ងន់ៗអី
- កុំស្លៀកពាក់សម្លៀកបំពាក់ដែលតឹងៗ
- កុំពាក់ស្បែកជើងកែង
- កុំញ៉ាំអាហារហឹរ
- កុំព្យាយាមញ៉ាំកាហ្វេច្រើនពេក៕