ចូរឲ្យកូនរបស់អ្នកសម្រាក ហើយយកក្រណាត់ត្រជាក់ មកស្អំនៅកន្លែងដែលមានបញ្ហា ដើម្បីកាត់បន្ថយការឈឺចាប់ និងការហើម។ ការខ្ចប់បន្លែដែលកកក្នុងក្រណាត់ ឬកន្សែងស្អាត យកមកសង្កត់តិចៗ ក៏ជាជម្រើសដ៏ត្រឹមត្រូវមួយផងដែរ បន្ទាប់ពីកូនរបស់អ្នករងរបួសក្បាល។
ការប្រើធាតុត្រជាក់បែបនេះ អាចកាត់បន្ថយការរលាក និងការហើមក្បាលកូនរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព ដូច្នេះ ចូរស្អំក្បាលកូនរបស់អ្នក រហូតដល់បានធូរស្រាល (ស្អំម្តងៗ កុំឲ្យលើសពី ៥ នាទី)។
កុំឲ្យកូនរបស់អ្នកញ៉ាំពពួកថ្នាំ ibuprofen បើគ្រាន់តែប៉ះទង្គិចក្បាលតិចតួច ពីព្រោះវាអាចទៅរំខាន ដល់ការកកឈាម ប្រសិនបើកូនរបស់អ្នករបួសក្បាល ហើយមានហូរឈាម។ យ៉ាងណាមិញ អ្នកអាចឲ្យកូនរបស់អ្នក ញ៉ាំថ្នាំបំបាត់ការឈឺចាប់កុមារ paracetamol ទៅតាមកម្រិត និងការណែនាំដែលមានលើសំបកថ្នាំ។ បើអ្នកសង្ស័យ ឬព្រួយបារម្ភច្រើន សូមប្រញាប់នាំគេទៅមន្ទីរពេទ្យភ្លាម។
ខណៈពេលដែលគេបានធូរស្រាលជាបណ្តើរ សូមកុំឲ្យកូនរបស់អ្នកលេង ឬធ្វើសកម្មភាពខ្លាំងៗមួយរយៈ ដូចជាការលោត ឬរត់ប្រលែងគ្នាជាដើម។
តើសញ្ញាធ្ងន់ធ្ងរអ្វីខ្លះ ដែលអ្នកគួរប្រុងប្រយ័ត្ន ហើយឆាប់នាំកូនទៅមន្ទីរពេទ្យ?
សូមនាំកូនទៅមន្ទីរពេទ្យភ្លាមៗ ប្រសិនបើមានសញ្ញាដូចខាងក្រោមនេះ ៖
• សន្លប់ ឬសន្លឹម មិនលេង ឬមិនកម្រើក
• វិលមុខ
• ក្អួតចង្អោរ
• មានការឈឺចាប់ខ្លាំង
• ពិបាកដកដង្ហើម
• រងាញ័រញាក់៕