ជំងឺលើទ្វារមាសស្ត្រីមួយប្រភេទដែលមានឈ្មោះថា ការបង្ករោគក្នុងទ្វារមាសដោយសារបាក់តេរី ឬ Bacterial Vaginosis ឃើញថាមានភាពញឹកញាប់ណាស់លើមនុស្សស្រី។ យ៉ាងណាមិញ វាក៏ស្រួលព្យាបាលដែរគ្រាន់តែប្រើថ្នាំទៅតាមវេជ្ជបញ្ជាពីគ្រូពេទ្យប៉ុណ្ណោះ។ ប៉ុន្តែបើសិនជាមិនបានព្យាបាលទេ វាអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្លាំងនឹងជំងឺកាមរោគ និងបង្កបញ្ហាច្រើនក្នុងពេលមានផ្ទៃពោះទៀត។
ជំងឺនេះដែរ ភាគច្រើនកើតឡើងលើស្ត្រីអាយុពី ១៥ ទៅ៤៤ឆ្នាំ។ ប៉ុន្តែវាក៏អាចកើតលើស្ត្រីគ្រប់វ័យដែរ ទោះបីជាអ្នកមិនធ្លាប់រួមភេទក៏ដោយ។ អ្នកទំនងជាមានការប្រឈមមុខកាន់តែខ្ពស់ទៀតបើសិនជា៖
. មានដៃគូរួមភេទថ្មី
. មានដៃគូរួមភេទច្រើន
. ប្រើផលិតផលលាងសម្អាតទ្វារមាសដែលមានក្លិនក្រអូប
. រួមភេទដោយមិនប្រើស្រោមអនាម័យ
. មានផ្ទៃពោះ
. ប្រើកងដាក់ក្នុងស្បូន ជាពិសេសបើសិនជាមករដូវមិនទៀងទាត់តែម្តង។
ស្ត្រីភាគច្រើនក៏មិនមានរោគសញ្ញារបស់ជំងឺនេះដែរ។ បើសិនជាអ្នកមាននោះ វាអាចជា៖
. ការហូរទឹករំអិលពីទ្វារមាសមិនធម្មតា ដែលមានលក្ខណៈដូចទឹកដោះគោ ឬពណ៌ប្រផេះ។ វាក៏ប្រហែលជាមានលក្ខណៈដូចទឹក។ ស្ត្រីខ្លះអាចនឹងមានធំក្លិនដូចឆ្អាបត្រី ជាពិសេសក្រោយពីរួមភេទរួច។
. នោមក្រហាយ
. មានអារម្មណ៍រមាស់នៅខាងក្រៅទ្វារមាស
. ការរលាកទ្វារមាស
. អាការៈទាំងនេះប្រហែលជាស្រដៀងគ្នានឹងការបង្ករោគដោយមេរោគផ្សិតក្នុងទ្វារមាសដែរ។ ដូច្នេះដើម្បីដឹងច្បាស់ថា វាជាអ្វីឲ្យប្រាកដ យកល្អគួរតែជួបគ្រូពេទ្យដើម្បីពិគ្រោះ និងព្យាបាល៕