នេះគឺជាសំណួរដែលស្ត្រីមានផ្ទៃពោះជាច្រើនតែងតែចោទសួរ។ ខណៈពេលដែលការពិគ្រោះជាមួយអ្នកជំនាញខាងរោគស្ត្រីជាទៀងទាត់គឺជាអ្វីដែលស្ត្រីមានផ្ទៃពោះត្រូវតែធ្វើ ប៉ុន្តែក៏មិនមានស្ត្រីច្រើនដឹងអំពីការពិគ្រោះជាមួយពេទ្យធ្មេញដែរ។ វាគឺជារឿងសំខាន់ណាស់ ដែលស្ត្រីមានផ្ទៃពោះគ្រប់រូបទៅឲ្យពេទ្យធ្មេញពិនិត្យសុខភាពធ្មេញ។ នេះដោយសារតែ វាមិនត្រឹមតែអាចជួយថែរក្សាសុខភាពមាត់ធ្មេញ ឬសម្អាតធ្មេញទេ តែក៏ជួយតាមដានរកមើលបញ្ហាមាត់ធ្មេញដែលទាក់ទងនឹងការមានផ្ទៃពោះដែរ។
មិនខ្វល់ថាវាគឺជាការមានផ្ទៃពោះដោយការគ្រោងទុក ឬអត់ទេ តែរយៈពេលបីខែដំបូងនៃការមានផ្ទៃពោះពិតជាសំខាន់ណាស់សម្រាប់ការលូតលាស់របស់ទារក ព្រោះសរីរាង្គជាច្រើនរបស់គេកំពុងតែចាប់ផ្តើមកើតហើយ។ ដូច្នេះវត្តមាននៃអ្វីៗពីខាងក្រៅចូលក្នុងខ្លួន អាចបណ្តាលឲ្យមានបញ្ហាក្អួតចង្អោបាន។ ជាមួយគ្នានេះដែរ ក្នុងពេលមានផ្ទៃពោះ ការប្រែប្រួលអ័រម៉ូនមួយចំនួនដែលកើតឡើងក្នុងរាងកាយអាចធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងជំងឺអញ្ចាញធ្មេញ ឬការបង្ករោគ ដែលអាចប៉ះពាល់ដល់សុខភាព និងការលូតលាស់របស់កូនបាន។ បើសិនជាស្ត្រីមានផ្ទៃពោះមានបញ្ហាដោយសារតែការបង្ករោគណាមួយមែន វានឹងអាចចូលទៅក្នុងឈាម និងបង្ករោគដល់ទារកថែមទៀត។ ដូច្នេះ សម្រាប់បីខែដំបូងនៃការមានផ្ទៃពោះ ស្ត្រីគ្រប់រូបត្រូវតែប្រាកដថា ពួកគេចៀសឆ្ងាយពីការបង្ករោគគ្រប់ប្រភេទ ជាពិសេសការបង្ករោគក្នុងឈាមតែម្តង។ ចំពោះការប្រើថ្នាំវិញក៏ត្រូវចៀសវាងដែរ។
បើសិនជាពេទ្យធ្មេញណែនាំឲ្យធ្វើតេស្តអ្វីមួយ គួរតែធ្វើក្នុងត្រីមាសទីពីរវិញ ព្រោះវាជាដំណាក់កាលមានសុវត្ថិភាពសម្រាប់ការងារមាត់ធ្មេញ។ ដើម្បីចៀសវាងផលវិបាកផ្សេងៗ យកល្អគួរតែព្យាយាមដុសធ្មេញមួយថ្ងៃពីរដង ប្រើអំពោះរូសធ្មេញ និងទឹកខ្ពុរមាត់ផង។ អ្នកអាចលាងសម្អាតមាត់តាមរយៈការបៀមទឹកអំបិលក្តៅឧណ្ហៗដើម្បីបង្ការការបង្ករោគនៅមាត់ធ្មេញ៕