ការធាត់ដុះក្បាលពោះខ្លាំង អាចជាសញ្ញាញឹកញាប់មួយនៃជំងឺទាក់ទងនឹងរបៀបរស់នៅ។ បើសិនជាចង្កេះមានទំហំធំជាងធម្មតាខ្លាំងបែបនេះ នោះវាអាចនឹងបង្កជាជំងឺធ្ងន់ធ្ងរជាច្រើនបានដូចជា ការប្រឈមកាន់តែខ្លាំងនឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ឬមហារីកជាដើម។
ជំងឺសរសៃឈាមបេះដូង
ទំហំចង្កេះអាចផ្ទុកនូវហេតុផលនាំឲ្យបេះដូងមានបញ្ហាបាន ហើយក៏ដើរតួនាទីជាកត្តាប្រឈមនឹងជំងឺសរសៃឈាមបេះដូង ជាពិសេសមនុស្សវ័យកណ្តាល និងស្ត្រីវ័យចំណាស់តែម្តង។ ការប្រឈមនេះនឹងកើនឡើងកាលណាស្ត្រីឈានដល់រាំងរដូវ។
ជំងឺទឹកនោមផ្អែម
តើអ្នកមានដឹងទែថា ទំហំចង្កេះកាន់តែធំអាចនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ដែរទេ ជាពិសេសអ្នកដែលមានទម្ងន់ធម្មតា ឬស្គម។ ថ្វីបើការប្រឈមនេះមានខ្ពស់លើស្ត្រីក៏ដោយ តែបុរសក៏អាចប្រឈមមុខដូចគ្នាដែរបើសិនជាពួកគេជក់បារី និងញ៉ាំគ្រឿងស្រវឹងបន្ថែមទៀត។
បញ្ហាលើការរួមភេទ
មែនហើយ កាលណាក្បាលពោះធំពេក វាពិតជារំខានដល់ជីវិតផ្លូវភេទបាន។ តាមការសិក្សាឆ្នាំ ២០១៦ ដែលចុះផ្សាយក្នុងសារព័ត៌មាន American Journal of Medicine បានអះអាងថា កាលណាទំហំចង្កេះធំពេក អាចនាំឲ្យថយចុះសកម្មភាពផ្លូវភេទលើស្ត្រីក្រោយរ៉ាំងរដូវរួច។
មហារីក
ការសិក្សាបានរកឃើញថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ និងកម្រិត BMI ខ្ពស់ គឺប្រឈមខ្លាំងនឹងមហារីកថ្លើម។ កាលណាទំហំចង្កេះរីកធំលើសពីធម្មតា ៥សង់ទីម៉ែត្រ ការប្រឈមនឹងជំងឺមហារីកថ្លើមកើនដល់ ៨ភាគរយ៕