យោងទៅតាមការស្ថិតិចុងក្រោយគេបង្អោះបានឲ្យដឹងថា អ្នកជំនាញខាងវេជ្ជសាស្ត្រនិយាយថា ជំងឺដាច់សរសៃឈាមខួរក្បាលកំពុងតែធ្វើឲ្យមនុស្សពេញវ័យជាច្រើនទៅជាពិការភាព និងក្លាយទៅជាឃាដករដែលសម្លាប់មនុស្សច្រើនជាងគេនៅសហរដ្ឋអាមេរិកលំដាប់ថ្នាក់ទីបួន។ តាមរយៈអត្ថបទនេះ យើងនឹងពន្យល់អំពីសញ្ញាព្រមានរបស់វា។ ដំបូង អ្នកគួរយល់ថា ជំងឺដាច់សរសៃឈាមខួរក្បាលមានពីរប្រភេទគឺ Ischemic និង Hemorrhagic។ Ischemic គឺជាប្រភេទដែលកើតមានញឹកញាប់ជាងគេ ហើយក៏កើតឡើងដោយសារតែសរសៃឈាមដែលទៅចិញ្ចឹមខួរក្បាលនៅផ្នែកណាមួយ រងការស្ទះជិត ឬរួមតូច ជាហេតុនាំឲ្យកាត់បន្ថយលំហូរឈាមទៅចិញ្ចឹមខួរក្បាលយ៉ាងធ្ងន់ធ្ងរ។ ចំពោះប្រភេទ Hemorrhagic វិញ មិនសូវកើតមានច្រើនទេ ហើយវាក៏បង្កឡើងដោយការហូរឈាមក្នុងខួរក្បាលផងដែរ។
តាមអ្នកជំនាញខាងវេជ្ជសាស្ត្របានឲ្យដឹងថា រោគសញ្ញារបស់ជំងឺដាច់សរសៃឈាមខួរក្បាលអាចនឹងប្រែប្រួលទៅពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត អាស្រ័យទៅតាមប្រភេទរបស់វា កន្លែងនៃខួរក្បាលដែលរងការប៉ះពាល់ និងរយៈពេលនៃការខូចខាតផងដែរ។ ប៉ុន្តែ រឿងទាំងនោះគឺកើតឡើងភ្លាមៗ។
សញ្ញាព្រមាននៃជំងឺដាច់សរសៃឈាមខួរក្បាល ដែលកើតឡើងញឹកញាប់បំផុត៖
- ស្ពឹកនៅដៃ ជើង ឬមុខ ជាពិសេសមួយចំហៀងខ្លួនតែម្តង
- ពិបាកក្នុងការដើរ បាត់បង់លំនឹង
- ពិបាកនិយាយ និងពិបាកយល់ថានរណាកំពុងតែនិយាយអ្វី
ដើម្បីសម្គាល់ដឹងថា ជាការកើតឡើងនៃជំងឺដាច់សរសៃឈាម ចូរចងចាំ ពាក្យកាត់ F.A.S.T
- Face (មុខ) មុខរបស់អ្នកជំងឺអាចធ្លាក់មួយចំហៀង
- Arms (ដៃ) ពេលលើកដៃទាំងពីរឡើង គឺពិបាកទប់ណាស់ ឬងាយនឹងធ្លាក់ចុះវិញ
- Speech (ការនិយាយ) សម្លេងដែលអ្នកជំងឺនិយាយគឺចម្លែក ឬលឺសូឡុលៗ
- Time (ពេលវេលា) បើសិនជាអ្នកសង្កេតឃើញសញ្ញាមួយនៃសញ្ញាខាងលើ អ្នកគួរតែទាក់ទងទៅគ្រូពេទ្យភ្លាម ឬរថយន្តសង្គ្រោះបន្ទាន់។ លើសពីនេះទៀត ការព្យាបាលមួយចំនួននៃជំងឺដាច់សរសៃឈាមខួរក្បាលអាចមានប្រសិទ្ធភាពបានលុះត្រាតែបញ្ជូនទៅមន្ទីរពេទ្យនៅពេលចេញរោគសញ្ញាបាន ៣ ទៅ៤ម៉ោង៕
អាការៈផ្សេងៗទៀតដែលគួរសង្កេត៖
- ភ្នែកម្ខាង ឬទាំងសងខាងពិបាកមើលឃើញ
- ឈឺក្បាលខ្លាំងក្លាភ្លាមៗដោយមិនដឹងមូលហេតុ
- វិលមុខ
- ស្លាប់មួយចំហៀងខ្លួនទាំងស្រុងតែម្តង។
អ្នកក៏គួរតែចងចាំថា ការធ្វើទុក្ខរបស់ជំងឺដាច់សរសៃឈាមខួរក្បាល និងរោគសញ្ញារបស់វាគឺកើតឡើងភ្លាមៗតែម្តង។ ដូច្នេះ បើសិនជាអ្នកមានរោគសញ្ញាព្រមានមួយ ឬច្រើនខាងលើនេះរយៈពេលច្រើនជាងពីរបីនាទី សូមកុំរងចាំវាធ្វើទុក្ខខ្លាំងអី ចូរស្វែងរកការព្យាបាលភ្លាមៗទៅ៕