ក្រពេញទីរ៉ូអ៊ីតជាក្រពេញមួយដែលស្ថិតនៅក្បែរ ឬក្រោមគ្រាប់ពោតរបស់យើង (Adam’s Apple) ដែលស្ថិតនៅបំពង់ក ហើយវាមានរាងដូចជាមេអំបៅអញ្ចឹង។ ថ្វីត្បិតតែក្រពេញនេះមិនធំក៏ដោយ តែមុខងាររបស់វាគឺធំធេញណាស់សម្រាប់រាងកាយទាំងមូល។ គ្រូពេទ្យជាច្រើននិយាយថា ក្រពេញទីរ៉ូអ៊ីតជាអ្នកសម្របសម្រួលដល់រាងកាយ និងការរំលាយអាហារទាំងអស់ក្នុងខ្លួន ហើយវាក៏គួរតែត្រូវបានគេព្យាបាលឲ្យបានល្អដែរនៅពេលវាមានជំងឺ ដើម្បីបង្ការកុំឲ្យមានការខូចមុខងារណាមួយក្នុងខ្លួន និងជំងឺធ្ងន់ធ្ងរក្នុងខ្លួន។ ការកង្វះអ័រម៉ូនទីរ៉ូអ៊ីតអាចកើតឡើងបានដោយសារតែការរំខាននៃសីតុណ្ហភាពរបស់រាងកាយ កាឡូរី ឬថាមពលជាដើម។
ការសិក្សាមួយចំនួនបង្ហាញថា មានមនុស្សច្រើនណាស់នៅទូទាំងពិភពលោកកំពុងតែមានបញ្ហានៅក្រពេញទីរ៉ូអ៊ីត ហើយក៏មានមនុស្សច្រើនដែរដែលដឹងអំពីរឿងនេះ។
ការកង្វះអ័រម៉ូនក្រពេញទីរ៉ូអ៊ីតអាចកើតមានទាំងប្រុសទាំងស្រី ដោយមិនប្រកាន់តែគាត់មានអាយុប៉ុន្មាន ឬមានជំងឺអ្វីបន្ថែមឡើយ។ ចំពោះអាការៈដែលកើតមានជាញឹកញាប់ដែលបញ្ជាក់ថា កំពុងតែកង្វះអ័រម៉ូនក្រពេញមួយនេះមានដូចជា៖
• បាក់ទឹកចិត្ត
• សក់ស្ងួត
• មានបញ្ហានៅស្បែក
• អស់កម្លាំង
• បាត់បង់ការចងចាំ
• ឡើងទម្ងន់ដោយមិនដឹងមូលហេតុ
• អារម្មណ៍មិនល្អ
• សម្លេងស្អក និងទល់លាមក
• ចាញ់ត្រជាក់
បើសិនជាអ្នកកំពុងតែមានអាការៈមួយចំនួនដូចខាងលើមែន យកល្អគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យទៅលើមុខងារក្រពេញទីរ៉ូអ៊ីត និងធ្វើតេស្តមើលកម្រិតអ័រម៉ូននេះទៅ។ អ្នកក៏អាចចាប់ផ្តើមលេបថ្នាំវីតាមីនចម្រុះដើម្បីជួយបង្ការបញ្ហាផ្សេងៗ និងពង្រឹងដល់ការងាររបស់ក្រពេញទីរ៉ូអ៊ីតបន្ថែមបានដែរ៕