ការចាញ់កូនគឺជាផលរំខានមួយនៃការមានផ្ទៃពោះ ហើយវាកើតឡើងស្ទើតែ ៨៥ភាគរយទៅហើយនៃស្ត្រីមានផ្ទៃពោះទាំងអស់ ដោយអាការៈរបស់វាអាចមានលក្ខណៈធ្ងន់ធ្ងរ ទៅតិចតួច ឬស្ត្រីខ្លះអត់មានអាការៈនេះតែម្តងក៏មានដែរ។ យ៉ាងណាមិញ អាការៈមួយនេះត្រូវបានបង្កឡើងដោយការបញ្ចេញអ័រម៉ូន Human Gonadotropin (អ័រម៉ូនដែលបញ្ចេញពីក្នុងសុក)។
តាមការសិក្សាមួយដែលធ្វើឡើងដោយ The Hospital For Sick Children, Toronto បានឲ្យដឹងថា ការចាញ់កូនជានិន្នាការមួយសម្រាប់ការពារដល់ទារកក្នុងផ្ទៃ។ ចំពោះលទ្ធផលបាននិយាយថា ស្ត្រីដែលចាញ់កូនបានធ្វើឲ្យទារកក្នុងផ្ទៃមានទម្ងន់ និងកម្ពស់ប្រកបដោយសុខភាពល្អ ហើយអាចកាត់បន្ថយការប្រឈមនឹងកូនកើតមកខូចអវៈយវៈពី ៣០ ទៅ៨០ភាគរយ។ ស្ត្រីដែលចាញ់កូនមិនងាយជួបបញ្ហាសម្រាលកូនមិនគ្រប់ខែឡើយ។ ក្មេងដែលកើតពីម្តាយដែលឧស្សាហ៍ចាញ់កូនឃើញថា លទ្ធផលធ្វើតេស្ត IQ ភាសា និងអាកប្បកិរិយា មានលក្ខណៈខ្ពស់ជាងធម្មតា។
យ៉ាងណាមិញ ការប្រើថ្នាំដើម្បីបន្ថយអាការៈក្អួត ចង្អោ មិនប៉ះពាល់ដល់កម្រិតអ័រម៉ូនរបស់ស្ត្រី និងមិនផ្លាស់ប្តូរដល់ឥទ្ធិពលវិជ្ជមានដែលទាក់ទងនឹងការចាញ់កូនឡើយ៕