ជាការពិត បន្ទាប់ពីសម្រាលកូនបានពីរបីខែ អ្នកម្តាយមួយចំនួន ត្រូវចាប់ផ្តើមចូលធ្វើការវិញ។ គ្រួសារខ្លះសំណាងល្អ ដែលអាចមានជីដូនជីតា ជួយថែទាំកូនរបស់ពួកគេ ពេលគេទៅធ្វើការ ផ្ទុយទៅវិញ សម្រាប់ប្តីប្រពន្ធមួយចំនួន ពួកគេត្រូវសម្រេចចិត្តយកកូន ទៅដាក់ទារកដ្ឋាន ដើម្បីអាចមានពេលវេលា រកស៊ីចិញ្ចឹមជីវិត។
គន្លឹះស្វែងរកកន្លែងដែលល្អបំផុត សម្រាប់កូនតូចរបស់អ្នក
– ថ្វីបើអ្នកសម្រេចចិត្តថា ត្រូវដាក់កូននៅកន្លែងណាមួយក្តី អ្នកត្រូវតែប្រាកដ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីកូនរបស់អ្នក។
– ពេលស្វែងរកកន្លែងថែទាំកូនរបស់អ្នក អ្នកត្រូវសាកសួរយោបល់អ្នកជិតខាង ឬមិត្តភក្តិរបស់អ្នក ប្រសិនបើអ្នកមានបទពិសោធន៍ ឬធ្លាប់ដាក់កូននៅកន្លែងនោះ។
– ប្រើពេលវេលាយូរបន្តិច ដើម្បីដើរមើល និងសិក្សាឲ្យបានច្បាស់ពីកន្លែង ដែលអ្នកនឹងដាក់កូនឲ្យនៅជាមួយគេ។
– ត្រូវគិតអំពីគុណភាព និងការមើលថែទាំកូនរបស់អ្នក ពីព្រោះ បើតម្លៃថោកពេក ការមើលថែទាំ ប្រហែលជាមិនបានដឹតដល់ល្អនោះទេ។
– ស្នើរសុំការសាកល្បង ដើម្បីដឹងថាតើ គេអាចមើលថែទាំកូនរបស់អ្នក បានល្អដល់កម្រិតណា៕