នេះគឺជារោគសញ្ញាចំនួន ១២ ដែលប្រហែលជាបង្ហាញថាអ្នកមានបញ្ហាបេះដូង ។
១, ថប់អារម្មណ៍
ការគាំងបេះដូងអាចធ្វើអោយអ្នកថប់អារម្មណ៍កាន់តែខ្លាំង ឬខ្លាចការស្លាប់។ អ្នកដែលមានជីវិតពីជំងឺគាំងបេះដូងច្រើនតែនិយាយអំពីវិញ្ញាណមួយដែលអោយពួកគេដឹង “សេចក្តីស្លាប់បំរុងនឹងកើតមានហើយ”។
២, មិនស្រួលក្នុងដើមទ្រូង
វេជ្ជបណ្ឌិត ជេន ស៊ី ម៉ាខស្វីនណេ (C. McSweeney)នាយករងខាងការស្រាវជ្រាវនៅឯសាកលវិទ្យាល័យអាខេនសាស (Arkansas) និយាយថា ការឈឺនៅក្នុងដើមទ្រូងគឺជាសញ្ញាមួយនៃជំងឺគាំងបេះដូង ហើយ “វាក៏ជារោគសញ្ញាលេខមួយដែរ ដែលយើងតែងតែជួបប្រទះ”។ ប៉ុន្តែមិនមែនអោយតែជំងឺបេះដូងទាំងអស់សុទ្ធតែធ្វើអោយឈឺដើមទ្រូងទាំងអស់គ្នានោះទេ ហើយការឈឺទ្រូងនេះអាចបណ្តាលមកពីដើមហេតុនៃជំងឺណាមួយដែរ ដែលវាគ្មានអ្វីទាក់ទងសោះជាមួយបេះដូង។
ការឈឺទ្រូងដែលទាក់ទងនឹងបញ្ហាបេះដូងគឺច្រើនតែកើតឡើងនៅចំកណ្តាល និងខាងឆ្អឹងជំនីរបស់សុដន់ ហើយប្រហែលជានៅខាងឆ្វេងបន្តិច។ ការឈឺចាប់អាចមានសភាពដូចជាមានដំរីមួយក្បាលកំពុងអង្គុយលើដើមទ្រូងរបស់អ្នកអញ្ចឹង ប៉ុន្តែវាក៏អាចធ្វើអោយអ្នកមានអារម្មណ៍ថាមានអ្វីមួយរឹត ឬណែនក្នុងទ្រូង ដែលធ្វើអោយអ្នកមានអារម្មណ៍មិនល្អ។ អ្នកស្រីម៉ាខស្វីនណេនិយាយថា “វាគឺជារឿងធម្មតាទេសម្រាប់ស្ត្រីក្នុងការពិពណ៌នាអំពីការឈឺចាប់នោះថាគ្រាន់តែការឈឺ។ ស្ត្រីមួយចំនួនអាចនិយាយថា ការឈឺចាប់ក៏អាចធូស្រាលដោយគ្រាន់តែប្រើថ្នាំទីឡាណុល (Tylenol) ។
ស្ត្រីច្រើនជាងបុរសក្នុងការជួបប្រទះការក្រហាយក្នុងដើមទ្រូងដែរជាជាងការទទួលអារម្មណ៍មានអ្វីមកសង្កត់ទ្រូងឬឈឺចាប់ក្នុងទ្រូងទៅទៀត។ វេជ្ជបណ្ឌិត ណេកា ហ្គោលបឺក (Nieca Goldberg, MD) សាស្ត្រាចារ្យខាងផ្នែករោគសញ្ញាវេជ្ជសាស្ត្រនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ក្នុងទីក្រុងញូវយ៉ក និងជាអ្នកឯកទេសខាងរោគសញ្ញាជំងឺបេះដូងស្ត្រី និយាយថា “ពេលខ្លះប្រជាជនមានការភាន់ច្រឡំថា ការឈឺចាប់នេះកើតមកពីបញ្ហារបស់ក្រពះទៅវិញ”។
៣, ក្អក
ការក្អក ឬដកដង្ហើមលឺសូរដូចហួចជាប់រហូតអាចជាសញ្ញាមួយនៃជំងឺខ្សោយបេះដូង ដោយសារតែមានទឹកចាល់ច្រើននៅក្នុងសួត។ ករណីខ្លះ អ្នកដែលមានជំងឺខ្សោយបេះដូងអាចក្អកមានស្លេស និងឈាមមកជាមួយគ្នា។
៤, វិលមុខ
ជំងឺគាំងបេះដូងអាចធ្វើអោយអ្នកវិលមុខតិចៗ និងបាត់បង់ស្មារតី។ ដូច្នេះវាអាចធ្វើអោយមានភាពមិនធម្មតានៃចង្វាក់បេះដូងដែលគ្រោះថ្នាក់ធ្ងន់ធ្ងរទៀតផង។
៥, អស់កម្លាំង
ជាពិសេសក្នុងចំនោមនុស្សស្រី ការអស់កម្លាំងខុសពីធម្មតាអាចកើតឡើងក្នុងពេលគាំងបេះដូង ព្រមទាំងកើតឡើងជាច្រើនថ្ងៃរហូតដល់ច្រើនសប្តាហ៍។ ការមានអារម្មណ៍ថាអស់កម្លាំងគ្រប់ពេលដូច្នេះប្រហែលជាសញ្ញានៃជំងឺខ្សោយបេះដូង។
ជាការពិតណាស់ អ្នកក៏អាចមានអារម្មណ៍ថាអស់កម្លាំងដោយសារហេតុផ្សេងៗទៀតដែរ។ អ្នកអាចប្រាប់បានទេថាតើការអស់កម្លាំងដោយសារជំងឺបេះដូង ខុសគ្នានឹងការអស់កម្លាំងផ្សេងៗទៀតដូចម្តេចទៅ?
អ្នកស្រីហ្គោលបឺកនិយាយថា “ប្រសិនបើអ្នកមិនមានអារម្មណ៍ល្អទេ ហើយអោយតែមានខ្យល់អាចដូចជាធ្វើអោយអ្នករលំបាន មិនត្រូវព្យាយាមរកដំណោះស្រាយ ឬមូលហេតុតាមអ៊ីនធើណែត ឬក្នុងសៀវភៅទេ។ ការដែលចំនាយពេលវេលាឥតប្រយោជន៍គឺជាប្រការមួយបណ្តាលអោយគ្រោះថ្នាក់បាន”។
៦, ចង្អោ ឬមិនសូវឃ្លាន
វាមិនមែនជារឿងចម្លែកទេមនុស្សខ្លះហាក់ដូចជាមានអារម្មណ៍ឈឺក្រពះទៅវិញនៅពេលមានគាំងបេះដូង។ ការហើមពោះខុសពីធម្មតាដែលទាក់ទងនឹងការខ្សោយបេះដូងអាចប៉ះពាល់ដល់ចំណងអាហារ។
៧, ឈឺនៅផ្នែកផ្សេងៗនៃរាងកាយ
ជំងឺគាំងបេះដូងជាច្រើន ការឈឺចាប់គឺផ្តើមនៅក្នុងទ្រូង និងរាលដាលទៅស្មា ដៃ កែងដៃ ខ្នង ក ថ្គាម ឬពោះទៀត ។ ប៉ុន្តែពេលខ្លះមិនមានការឈឺនៅក្នុងទ្រូងទេ ដោយគ្រាន់តែឈឺនៅកន្លែងផ្សេងទៅវិញ ហើយការឈឺចាប់នោះអាចមានបាត់ៗ។
មនុស្សប្រុសមានជំងឺគាំងបេះដូងច្រើនតែមានអារម្មណ៍ថាឈឺចាប់នៅដៃខាងឆ្វេង។ ចំនែកមនុស្សស្រីវិញ ការឈឺចាប់ទំនងច្រើនកើតលើដៃទាំងសងខាង ឬឆ្អឹងស្លាបប្រចៀវ។
៨, ជីពចរដើរញាប់ ឬដើរមិនទៀងទាត់
គ្រូពេទ្យនិយាយថា វាមិនមែនជាការបារម្ភអំពីបេះដូងទេកាលបើបេះដូងមិនលោតម្តងម្កាល។ ប៉ុន្តែការដែលមានជីពចរដើរញាប់ ឬដើរមិនទៀងទាត់ ជាពិសេសនៅពេលជាប់ពាក់ព័ន្ធនឹងការអស់កម្លាំង វិលមុខ ឬពិបាកដកដង្ហើម អាចជាអំណះអំណាងមួយបញ្ជាក់ថាមានជំងឺគាំងបេះដូង ខ្សោយបេះដូង ឬបេះដូងដើរមិនប្រក្រតី។ ការដែលមិនបានព្យាបាល បេះដូងដើរមិនប្រក្រតីខ្លះអាចធ្វើអោយកើតជាជំងឺដាច់សរសៃឈាមខួរក្បាល ខ្សោយបេះដូង ឬស្លាប់ភ្លាមៗ។
៩, ពិបាកដកដង្ហើម
មនុស្សដែលមានអារម្មណ៍ថា ថប់ៗពេលសម្រាក ឬដកដង្ហើមចេញតិចៗប្រហែលជាអាចមានបញ្ហា ក្នុងសួត ដូចជាជំងឺហឺត ឬជំងឺសួតដោយមានការស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease, COPD)។ ប៉ុន្តែការពិបាកដកដង្ហើមក៏អាចបញ្ជាក់បានថាមានជំងឺគាំងបេះដូង ឬខ្សោយបេះដូងដែរ។
អ្នកស្រីហ្គោលបឺកនិយាយថា “ពេលខ្លះអ្នកជំងឺគាំងបេះដូងមិនមានការតឹង ឬឈឺចាប់ក្នុងទ្រូងទេ ប៉ុន្តែមានអារម្មណ៍ពិបាកដកដង្ហើមខ្លាំងទៅវិញ។ សភាពនៃការដកដង្ហើមរបស់ពួកគេមានលក្ខណៈដូចជាទើបតែរត់កីឡាម៉ារ៉ាតុងហើយអញ្ចឹងទោះបីជាពួកគេមិនធ្វើចលនាអីក៏ដោយ”។ ក្នុងពេលគាំងបេះដូង ការពិបាកដកដង្ហើមច្រើនតែមានជាប់ទាក់ទងនឹងការមិនស្រួលក្នុងទ្រូង ប៉ុន្តែវាក៏អាចកើតឡើងមុន ឬមិនមានការមិនស្រួលក្នុងទ្រូងដែរ។
១០, បែកញើស
ការដែលបែកញើសត្រជាក់គឺជាសញ្ញាចំបងមួយនៃជំងឺគាំងបេះដូង។ លោកហ្វាយ (Frid) និយាយថា “អ្នកប្រហែលជាអាចគ្រាន់តែអង្គុយនៅលើកៅអីធម្មតាប៉ុណ្ណោះក៏ធ្វើអោយអ្នកចេញញើសច្រើនដូចពេលដែលអ្នកធ្វើការខ្លាំងអញ្ចឹង”។
១១, ហើម
ជំងឺខ្សោយបេះដូងអាចធ្វើអោយទឹកចាល់ច្រើននៅក្នុងខ្លួនរបស់អ្នក។ ករណីនេះអាចធ្វើអោយអ្នកហើម នៅប្រអប់ជើង កជើង ជើងទាំងមូល ឬពោះ ព្រមទាំងឡើងទម្ងន់ភ្លាមៗ ហើយពេលខ្លះទៀតលែងឃ្លានអាហារទៀតផង។
១២, ខ្សោយ
ក្នុងថ្ងៃដែលធ្វើអោយមានជំងឺគាំងបេះដូង មនុស្សមួយចំនួនធ្លាប់មានអារម្មណ៍ថា អស់កម្លាំងខ្លាំង ឬអស់កម្លាំងដោយមិនដឹងមូលហេតុ។ អ្នកស្រីម៉ាខស្វីនណេនិយាយថា “ស្ត្រីម្នាក់និយាយប្រាប់ខ្ញុំថា ការអស់កម្លាំងនោះធ្វើអោយគាត់មិនអាចកាន់សូម្បីតែក្រដាស់មួយសន្លឹកផង”៕
រោគសញ្ញាជំងឺបេះដូង ១២ចំណុចដែលអ្នកមិនត្រូវមើលរំលង
25 July, 2020