ជំងឺរលាកសួតគឺជាជំងឺផ្លូវដង្ហើមដែលកើតមានជាញឹកញាប់លើកុមារតូចៗ។ ដោយយោងទៅតាមស្ថិតនៃអង្គកាយូនីសេស អត្រាអ្នកស្លាប់នៅអាយុក្រោម ៥ឆ្នាំ មាន ១៥ភាគរយ ហើយក៏បានសម្លាប់ក្មេងៗប្រមាណ ៩២០ ០០០នាក់ដែរក្នុងឆ្នាំ ២០១៥។ ជំងឺរលាកសួតឱកាសនិយម ឬរលាកសួតដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយ ច្រើនតែបង្កឡើងដោយបាក់តេរីមួយឈ្មោះថា Streptococcus Pneumonia។ ដោយសារតែជំងឺនេះអាចចាត់ទុកថាជាជំងឺគម្រាមគំហែងដល់ជីវិត ដូច្នេះការកំណត់រោគវិនិច្ឆ័យបានទាន់ពេលពិតជាអាចជួយព្យាបាលអ្នកជំងឺជាសះស្បើយបាន។ ខាងក្រោមនេះគឺជាលក្ខណៈមួយចំនួននៃអាការៈជំងឺរលាកសួតដែលអ្នកគួរតែដឹង៖
- ក្អកមានស្លេស្ត
- ក្តៅខ្លួន ជាមួយនឹងគ្រុនញ៉ាក់
- ពិបាកដកដង្ហើម
- ឈឺក្នុងទ្រូង
- វង្វេងវង្វាន់
- បែកញើស
- បបូរមាត់ និងក្រចកប្រែពណ៌
- អស់កម្លាំង
បើសិនជាអ្នកក្អក ហើយមានអាការៈរួមផ្សំដូចខាងលើទៀត នោះឱកាសនៃការកើតជំងឺរលាកសួតគឺខ្ពស់ហើយ។ ដូច្នេះ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗដើម្បីទទួលបានការព្យាបាល ដើម្បីកុំឲ្យវាទៅជាធ្ងន់ធ្ងរទាន់៕