ស្ត្រីគ្រប់រូបដឹងច្បាស់ណាស់អំពីការឈឺចាប់នៅពោះ ដែលវាកើតឡើងជាញឹកញាប់ក្នុងពេលពួកគេមករដូវ។ ប៉ុន្តែតើអ្នកធ្លាប់លឺអំពីការឈឺចាប់ក្នុងពេលជ្រុះអូវ៉ុលដែរទេ? មែនហើយ វាមិនមែនជាការឈឺចាប់ក្នុងពេលមករដូវឡើយ។ វាគឺជាការឈឺចាប់នៅពាក់កណ្តាលនៃវដ្តរដូវទៅវិញទេ។
ការឈឺចាប់ក្នុងពេលជ្រុះអូវ៉ុលកើតឡើងដោយសារតែ ក្រពេញអូវ៉ែបញ្ចេញមេជីវិតញី ហើយសម្បករបស់មេជីវិតញីនោះទៅជារហែក ដែលជាហេតុនាំឲ្យមានការឈឺចាប់ស្របគ្នានឹងការចេញកន្តួលតិចតួច និងហូរទឹករំអិលតាមទ្វារមាសខ្លះៗ។ នៅពេលសម្បកពងមេជីវិតញីចេញក្រៅជញ្ជាំងក្រពេញអូវ៉ែ វាអាចនឹងបង្កជាស្នាមជាំលើស្រទាប់នោះ ដែលជាហេតុនាំឲ្យឈឺ និងមិនមានផាសុកភាព។ ពេលខ្លះ ការឈឺចាប់នៅពាក់កណ្តាលវដ្តរដូវ អាចកើតឡើងជាលក្ខណៈឈឺបាត់ៗជាមួយនឹងការក្តៅខ្លួនស្ទិញៗដែរ។
ចំពោះការឈឺចាប់របស់វាវិញ អាចមានលក្ខណៈតិចតួច ឈឺដូចគេយកម្ជុរចាក់ រហូតដល់មិនមានផាសុកភាពធ្ងន់ធ្ងរ។ ភាគច្រើនមានអារម្មណ៍ឈឺចាប់តែមួយចំហៀងពោះ តែអាចមានការប្រែប្រួលជារៀងរាល់ខែ។ បើសិនជាមេជីវិតញីចេញពីក្រពេញអូវ៉ែខាងណា គឺឈឺពោះខាងហ្នឹង។ ចំពោះរយៈពេលវិញអាចយូរបំផុតត្រឹមពីរបីនាទីទៅច្រើនម៉ោង ឬខ្លាំងបំផុត ២៤ម៉ោង៕