អាការៈអាឡែហ្ស៊ី និងការបង្ករោគ (បាក់តេរី ឬមេរោគផ្សិត) គឺជាមូលហេតុនាំឲ្យស្បែករមាស់ជាញឹកញ៉ាប់។ ប៉ុន្តែតើអ្នកមានដឹងទេថា ទូរស័ព្ទអ្នកក៏អាចបណ្តាលឲ្យរមាស់ស្បែកបានដែរទេ? មែនហើយ ខាងក្រោមនេះគឺជាមូលហេតុនាំឲ្យស្បែករមាស់មួយចំនួន ដែលកម្រមាននរណាដឹង ហើយក៏គ្រប់គ្រាន់នឹងធ្វើឲ្យភ្ញាក់ផ្អើលផងដែរ៖
ការលាបថ្នាំសក់
ដោយសារតែថ្នាំលាប់សក់ផ្ទុកទៅដោយសារធាតុគីមីច្រើន វាពិតជានាំឲ្យស្បែកទៅជារមាស់ ក្រហម និងចេញកំទិចសៗទៀតផង។ យ៉ាងណាមិញ អ្នកទំនងជាអាចមានបញ្ហារលាកនៅលើគែមរបស់ត្រចៀក ឬត្របកភ្នែកខាងលើដោយសារតែសារធាតុគីមីក្នុងថ្នាំលាប់សក់នោះតែម្តង។
ឧបករណ៍ធ្វើឲ្យក្តៅ
មែនហើយ មិនមានមនុស្សច្រើនទេដែលដឹងថា ខ្យល់អាការៈបែបស្ងួតដែលកើតចេញពីឧបករណ៍ធ្វើឲ្យក្តៅអាចធ្វើឲ្យស្ងួតដល់ភ្នាសដែលធ្លាប់តែសើមរបស់ស្បែក បង្កទៅជាការរលាកបាន។ រឿងនេះមិនត្រឹមតែបំផ្លាញដល់ស្បែកទេ តែក៏ធ្វើឲ្យរមាស់ស្បែកបានដែរ។
ទូរស័ព្ទឆ្លាតវៃ
ចូរចាំថា ទូរស័ព្ទឆ្លាតវៃក៏អាចធ្វើឲ្យស្បែករមាស់បានដែរ។ តាមការសិក្សាមួយបានឲ្យដឹងថា ទូរស័ព្ទដៃដែលមានសារធាតុ Nickel និង Chromium អាចបណ្តាលឲ្យមានអាការៈអាឡែហ្ស៊ីនឹងជាតិដែក និងបង្កជាការរលាកស្បែកដោយសារតែទូរស័ព្ទដៃបាន។
ទឹកដែលមានជាតិរ៉ែពេក
តាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Allergy and Clinical Immunology ក្នុងឆ្នាំ២០១៦ បានឲ្យដឹដងថា ការប្រើប្រាស់ទឹកដែលមានជាតិរ៉ែច្រើនពេកសម្រាប់ងូតទឹកឲ្យទារក អាចបង្កជាការរមាស់ស្បែក ក្រហមស្បែក ដែលជាសញ្ញានៃជំងឺតាអកបាន។ រឿងនេះដោយសារតែ ការកម្រិតដ៏ខ្ពស់នៃសាធាតុ Calcium Carbonate និងក្លរ ធ្វើឲ្យខូចដល់របាំងការពារធម្មជាតិរបស់ស្បែក។
ជំងឺទឹកនោមផ្អែម
ការរមាស់ស្បែកគឺជាអាការៈមួយនៃជំងឺទឹកនោមផ្អែម ប៉ុន្តែមនុស្សភាគច្រើនមិនបានដឹងអំពីរឿងនេះឡើយ។ ក្រៅពីនេះ ជំងឺទឹកនោមផ្អែមដែលមិនបានព្យាបាលអាចប៉ះពាល់ដល់ក្រពេញសេបូម និងក្រពេញញើសធ្វើឲ្យប្រអប់ដៃ និងជើងរមាស់បាន៕