ការឈឺសន្លាក់រ៉ាំរ៉ៃអាចរារាំងដល់ចលនារបស់អ្នកជំងឺ។នៅពេលដែលមានជំងឺសន្លាក់រ៉ាំរ៉ៃនេះ វាអាចនឹងនាំអោយមានរោគសញ្ញាមួយចំនួន។ពេលដែលជំងឺមានសកម្មភាព វានឹងអាចមានរោគសញ្ញាដូចជា ៖
នឿយហត់
អស់កម្លាំង
មិនសូវឃ្លានអាហារ
គ្រុនក្តៅតិចៗ
សាច់ដុំ និង សន្លាក់ឆ្អឹងឡើងតឹង
ឈឺចាប់សាច់ដុំ និង សន្លាក់ឆ្អឹង ។
ការតឹងណែនសាច់ដុំ និង សន្លាក់នេះធម្មតាកើតមាននៅពេលព្រឹក និង ពេលនៅស្ងៀម ។ ជាទូទៅ ជំងឺសន្លាក់ឆ្អឹងកើតមានក្នុងពេលជំងឺនេះរើឡើង។ មិនតែប៉ុណ្ណោះអំឡុងពេលជំងឺរើឡើងសន្លាក់ឆ្អឹងតែងឡើងក្រហម ហើមប៉ោង ឈឺ ហើយពេលស្ទាបទៅមានសភាពទន់ៗ ។ នេះកើតដោយសារជាលិកាខាងក្នុងរបស់សន្លាក់(synovium) ត្រូវបានរលាក ដែលធ្វើអោយមានការបញ្ចេញទឹកសន្លាក់ច្រើនហួសប្រមាណ ។ synovium ក៏ឡើងក្រាស ហើយរលាកផងដែរ ។
ជាធម្មតា ជំងឺសន្លាក់ឆ្អឹងរ៉ាំរ៉ៃធ្វើអោយរលាកដល់សន្លាក់ជាច្រើនកន្លែងផ្សេងៗគ្នា និង មានលក្ខណៈប្រហាក់ប្រហែកគ្នា (ប៉ះពាល់រាងកាយទាំងសងខាង) ។ រោគសញ្ញាដំបូងអាចនឹងស្រាល ដូចជា សន្លាក់ដៃ និង ចង្កេះ ដែលអាចធ្វើអោយអ្នកជំងឺពិបាកធ្វើការងារសាមញ្ញៗប្រចាំថ្ងៃ (ពិបាកមួលសោរទ្វារ ឬ មួលគំរបក្រឡជាដើម) ។ រោគសញ្ញានៅសន្លាក់ជើងធ្វើអោយអ្នកជំងឺឈឺនៅពេលដើរ ពិសេសពេលព្រឹកបន្ទាប់ពីក្រោកពីដំណេក ។ ក្នុងករណីកំរណាស់ដែលមានតែសន្លាក់មួយត្រូវបានរលាក ។ នៅពេលដែលសន្លាក់មួយមានបញ្ហា វាអាចបណ្តាលអោយមានការរលាកសន្លាក់ក្នុងទំរង់ផ្សេងៗទៀត ដូចជា រោគសន្លាក់ហ្គោតឬ ការឆ្លងមេរោគដល់សន្លាក់ ។
ការរលាកសន្លាក់រ៉ាំរ៉ៃអាចបំផ្លាញដល់ជាលិការាងកាយ រួមទាំងឆ្អឹងខ្ចី និង ឆ្អឹងផងដែរ ។ កត្តាទាំងនេះធ្វើអោយបាត់បង់ឆ្អឹងខ្ចី, សឹកឆ្អឹង, ខ្សោយឆ្អឹង និង សាច់ដុំ - ដែលជាលទ្ធផលគឺសន្លាក់ត្រូវបានខូចទ្រង់ទ្រាយ, ខូចខាតខ្ទេចខ្ទី និង បាត់បង់តួនាទីរបស់វា ។ ក្នុងករណីកម្រ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចប៉ះពាល់សន្លាក់មួយ (cricoarytenoid joint) ដែលទទួលខុសត្រូវលើការបន្ទឹងនូវបំពង់សំលេង ដើម្បីធ្វើអោយសំលេងមានការប្រែប្រួល ។ នៅពេលសន្លាក់ប្រភេទនេះរលាក វាអាចបណ្តាលអោយមានសំលេងស្អក ។ ក្មេងៗក៏មានលេចចេញជារោគសញ្ញារលាកសន្លាក់រ៉ាំរ៉ៃផងដែរ ដូចជា ៖
ដើរខ្ញើចៗ
ក្រហាយខ្លួន
យំច្រើននិង មិនសូវឃ្លានចំណីអាហារ ។
ដោយសារជំងឺរលាកសន្លាក់រ៉ាំរ៉ៃជាជំងឺឆ្លងប្រព័ន្ធរាងកាយ ក្រៅពីធ្វើអោយរលាកសន្លាក់ឆ្អឹង វាថែមទាំងអាចបណ្តាលអោយរលាកសរីរាង្គ និង ផ្នែកផ្សេងៗទៀតនៃដងខ្លួនបានទៀតផង ។ ខណៈពេលដែលក្រពេញរបស់ភ្នែក និង មាត់ត្រូវបានរលាក ត្រង់តំបន់ទាំងនេះ មានសភាពស្ងួត ដែលគេហៅថា បណ្តុំរោគសញ្ញា សូចហ្គ្រែន (Sjogren’s Syndrome) ។ សភាពស្ងួតត្រង់ភ្នែកអាចធ្វើអោយរលាត់ ឬ សឹកគ្រាប់ភ្នែក ។
បើរលាកត្រង់ផ្នែកពណ៌សនៃភ្នែក (sclerae) វាមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់ភ្នែកទាំងមូល ។ សួតខាងក្នុងដែលត្រូវរលាកដោយជំងឺសន្លាក់នេះ (pleuritis) បណ្តាលអោយមានការឈឺចុកចាប់រាល់ពេលដកដង្ហើមវែងៗ, ការដកដង្ហើមខ្លីៗ ឬ ក្អកជាដើម ។ ជាលិកាសួតនេះអាចរលាក មានស្នាម និង ឡើងពកដោយសារការរលាកនេះ (ពកពីជំងឺសន្លាក់) ។ ការរលាកជាលិការដែលជុំវិញបេះដូងបណ្តាលអោយឈឺទ្រូង ដែលជាធម្មតាធ្វើអោយឈឺទ្រូងរាល់ពេលទម្រេត ឬ ផ្អៀងខ្លួនទៅមុខ ។
ជំងឺរលាកសន្លាក់អាចកាត់បន្ថយចំនួនកោសិកាឈាមក្រហម (ជំងឺខ្វះគ្រាប់ឈាមក្រហម) និង កោសិកាឈាមស ។ ការបាត់បង់កោសិកាឈាមសទាក់ទងនឹងការរីកក្រលៀន (ឬគេហៅថាបណ្តុំរោគសញ្ញា ហ្វីលធី Felty’s Syndrome) និង កាន់តែងាយទទួលរងគ្រោះថ្នាក់ពីការឆ្លងមេរោគផ្សេងៗ ។ ដុំពករឹងៗក្រោមស្បែក (ពកពីការរលាកសន្លាក់ឆ្អឹង) កើតមានជុំវិញកែងដៃ និង ម្រាមដៃ កន្លែងដែលតែងតែទទួលរងសម្ពាធ ឬ ការប៉ះទង្គិចនានា។
បើទោះដុំពកនេះមិនបញ្ចេញអោយមានរោគសញ្ញាអ្វីក៏ពិតមែន តែជួនកាលវាអាចឆ្លងមេរោគ ។ សរសៃប្រសាទត្រង់កដៃអាចខ្ចិបដែលនាំអោយមានបណ្តុំរោគសញ្ញាតាមកដៃ (carpal tunnel syndrome) ។ ក្នុងករណីកំរមួយចំនួន ផលវិបាកដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺរលាកសន្លាក់យូរអង្វែង គឺការលេចចេញនូវការរលាកសរសៃឈាម ដែលគេហៅថា ជំងឺរលាកសសៃឈាម ។ ជំងឺរលាកសរសៃឈាមនះកាត់បន្ថយលំហូរឈាមទៅកាន់ជាលិកាហើយនាំអោយ ជាលិងាប់ (ដំបៅជាលិកា)។ ការដំបៅនេះអាចមើលឃើញមាននូវត្រង់ជំវិញក្រចក ពោះ មានចំនុចខ្មៅតូចៗ និង មានដំបៅរលួយលើជើង៕