ជំងឺពុកឆ្អឹងច្រើនតែទាក់ទងនឹងអាយុកាន់តែច្រើន ប៉ុន្តែបច្ចុប្បន្ននេះក៏កើតមានលើមនុស្សវ័យក្មេងដែរ។ អ្វីដែលជាចំណុចកាន់តែអាក្រក់នោះគឺថា វាគឺជាជំងឺដែលគេកម្រនឹងរកឃើញ ឬរកឃើញយឺតពេល។ វាចាប់ផ្តើមជាមួយនឹងការឈឺចាប់តិចតួច និងមិនសូវចាប់អារម្មណ៍រហូតដល់អ្នកជំងឺឧស្សាហ៍មានបញ្ហាបាក់បែកឆ្អឹង។ បុរសនិងស្ត្រីអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ហើយកង្វះជាតិកាលស្យូមក្នុងខ្លួនទៀតនោះគឺប្រឈមខ្លាំងនឹងការពុកឆ្អឹងនេះតែម្តង។ ក្រៅពីនេះ អ្នកដែលមានប្រវត្តិជំងឺពុកឆ្អឹង រាងស្គម និងញ៉ាំគ្រឿងស្រវឹងច្រើន ឬជក់បារី និងស្ត្រីរ៉ាំងរដូវក៏ងាយនឹងកើតជំងឺពុកឆ្អឹងណាស់ដែរ។
មនុស្សជាច្រើនតែងច្រឡំថាជំងឺពុកឆ្អឹងគឺជាជំងឺរលាកសន្លាក់ និងរងចាំមើលរោគសញ្ញារបស់វាដូចជា ឈឺចាប់ និងហើមនៅសន្លាក់សិនមុនពេលទៅជួបពេទ្យ។ ប៉ុន្តែការពិតនោះគឺថា រោគសញ្ញាជំងឺនេះក្រកើតមានណាស់។ អ្នកដែលមានរោគសញ្ញាជំងឺពុកឆ្អឹងច្រើនតែឃើញមានលើអាការៈជំងឺធ្ងន់ធ្ងរទៅហើយ ដោយមានបង្ហាញជាការឈឺចាប់បែបងំនៅក្នុងសាច់ដុំ និងឆ្អឹង ដែលជាទូទៅកើតមានលើចង្កេះ ឬក។ ជាមួយគ្នានេះដែរ មនុស្សម្នាក់អាចមានអាការៈឈឺចាប់ភ្លាមៗ និងឈឺដូចគេចាក់គឺនៅពេលអាការៈជំងឺនេះធ្ងន់ធ្ងរទៅហើយ។
ខាងក្រោមនេះគឺជារោគសញ្ញាជំងឺពុកឆ្អឹងដែលអ្នកត្រូវប្រុងប្រយ័ត្ន៖
ឈឺខ្នង
ការឈឺខ្នងលើជំងឺពុកឆ្អឹងច្រើនតែបណ្តាលមកពីការបាក់បែកឆ្អឹងខ្នង ហើយបង្កជាការឈឺចាប់ខ្លាំង។ នេះដោយសារតែការបាក់បែកឆ្អឹងកងខ្នងធ្វើឲ្យសង្កត់ដល់សរសៃប្រសាទ។ រោគសញ្ញារបស់វាអាចមានលក្ខណៈចាប់ពី តឹងឈឺនៅខ្នងរហូតដល់ឈឺចាប់ខ្លាំង តែវាអាចស្រកស្រាន្តទៅវិញក្នុងរយៈពេលមួយសប្តាហ៍។ ការឈឺចាប់អាចនឹងធ្ងន់ទៅៗក្រោយពីធ្វើសកម្មភាពរាងកាយដែលដាក់សម្ពាធទៅលើកន្លែងដែឡមានបញ្ហា ហើយបង្កឈឺចាប់រហូតដល់ ៣ខែក្រោយទៀតឯណោះ។
បាក់ឆ្អឹង
នេះគឺជារោគសញ្ញាទូទៅបំផុតនៃឆ្អឹងដែលផុត ឬបាក់ដោយសារតែជំងឺពុកឆ្អឹង។ ជាធម្មតា មនុស្សម្នាក់នឹងដឹងថា គេមានជំងឺពុកឆ្អឹងក្រោយពីជួបបញ្ហាបាក់ឆ្អឹងកងខ្នង សន្លាក់ត្រគាក កំភួនដៃជាដើម។ ក្រៅពីនេះ គ្រាន់តែដួលបន្តិចក៏អាចបង្កជាការបាក់ឆ្អឹងបានដែរ។
កោងខ្នង
ករណីខ្លះ ការបាក់បែកឆ្អឹងនៅតំបន់ឆ្អឹងកងខ្នងបណ្តាលមកពីជំងឺពុកឆ្អឹង និងធ្វើឲ្យអ្នកជំងឺទៅជាកោងខ្នង រហូតដល់ស្រុញកំពស់ផងដែរ។ អាការៈបែបនេះច្រើនតែមិនបង្កជាការឈឺចាប់អ្វីទេ ប៉ុន្តែការស្រុញកម្ពស់គឺជារឿងអាការៈបញ្ជាក់ច្បាស់ថាមានជំងឺពុកឆ្អឹងហើយ៕