ធម្មតាការព្យាបាលជំងឺណាក៏ដោយ ត្រូវតែមានគម្រោងមុន ព្រមទាំងកំណត់រោគវិនិច្ឆ័យជំងឺនោះឲ្យច្បាស់លាស់សិន។ រឿងនេះក៏វាមានសារៈសំខាន់ណាស់ដែរចំពោះអ្នកដែលគាត់មានការប្រឈមខ្លាំងនឹងជំងឺភ្លេចភ្លាំងពេលចាស់ជរា តាមរយៈការសង្កេតមើលរោគសញ្ញាដំបូងរបស់វា ដូច្នេះការព្យាបាលនឹងកាន់តែល្អប្រសើរផងដែរ។
កាលណាជំងឺភ្លេចភ្លាំងពេលចាស់ជរារកឃើញកាន់តែលឿន វានឹងជួយពង្រឹងដល់គុណភាពនៃជីវិតរស់នៅរបស់អ្នកជំងឺ ហើយក៏ពន្យាពេលកុំឲ្យជំងឺនោះកាន់តែធ្ងន់ធ្ងរលឿនដែរ។ កត្តាផ្សេងៗទៀតដូចជា ការពង្រឹងដល់របៀបរស់នៅរបស់អ្នកជំងឺ (ការញ៉ាំអាហារផ្តល់សុខភាព រស់នៅបែបសកម្ម និងគ្រប់គ្រងទម្ងន់) ការលះបង់ទម្លាប់អាក្រក់ (ជក់បារី និងញ៉ាំគ្រឿងស្រវឹង) និងចូលរួមក្នុងកិច្ចការសង្គមបានច្រើន សុទ្ធតែជាអ្វីដែលនាំឲ្យជីវិតរស់នៅរបស់អ្នកជំងឺល្អប្រសើរបាន។
ខាងក្រោមនេះគឺជាអាការៈភ្លាមៗរបស់ជំងឺភ្លេចភ្លាំងពេលចាស់ជរា ដែលកូនៗគ្រប់រូបគួរតែកត់សម្គាល់ជាចាំបាច់៖
- ភ្លេចភ្លាំងច្រើន
- វង្វេងវង្វាន់
- ពិបាកធ្វើការងារណាមួយ
- សូម្បីតែបញ្ហាធម្មតាៗ ដូចជាគិតលេខតិចតួច ក៏ពិបាកនឹងធ្វើដែរ
- ដាក់របស់របរវង្វេង
- ពិបាកនឹងចូលរួមការងារសង្គម ជាពិសេសពាក្យពេញនិយាយស្តី ឬសរសេរជាដើម
- ពិបាកអាន និងមើលអក្សរមិនកើត
- ផ្លាស់ប្តូរឥរិយាបថច្រើនដូចជា ថប់អារម្មណ៍ បាក់ទឹកចិត្ត ខ្លាចច្រើនជាដើម
- ដកខ្លួនចេញពីកិច្ចការក្នុងសង្គមដោយសារតែអៀនខ្មាស់ច្រើន ហើយក៏មិនចង់នៅជុំជាមួយមនុស្សច្រើន
- ឧស្សាហ៍និយាយពាក្យដដែលៗ
សូមបញ្ជាក់ថា ជំងឺភ្លេចភ្លាំងពេលចាស់ជរាក៏អាចកើតលើមនុស្សវ័យក្រោម ៦០ឆ្នាំដែរ ហើយបើសិនជាវាកើតអញ្ចឹងមែន វាច្រើនតែទាក់ទងនឹងកត្តាដំណរពូជ។ យ៉ាងណាមិញ នៅពេលមានរោគសញ្ញាមួយឬច្រើនដូចខាងលើកើតឡើងលើមនុស្សចាស់ក្នុងផ្ទះរបស់អ្នក យកល្អគួរតែពិគ្រោះជាមួយអ្នកជំនាញខាងសរសៃប្រសាទ៕