គ្រូពេទ្យនឹងណែនាំនូវរឿងជាច្រើនដែលអ្នកគួរតែធ្វើ និងមិនគួរធ្វើក្រោយពីសម្រាលកូនដោយវះកាត់រួច។ ការវះកាត់នៅពោះត្រូវការការថែទាំងច្រើន និងយកចិត្តទុកដាក់ខ្លាំងណាស់ក្រោយពីសម្រាលកូនរួច។ ការដែលមិនយកចិត្តទុកដាក់អំពីរឿងនេះអាចបង្កជាគ្រោះថ្នាក់ និងពន្យាពេលនៃការជាសះរបួសបានដែរ។ យ៉ាងណាមិញ មានរឿងច្រើនណាស់ដែលអ្នកអាចនឹងធ្វើដោយមិនដឹងខ្លួន ដែលជាហេតុនាំឲ្យរបួសក្រជាដែរ។ ដូច្នេះ ខ្ញុំសូមណែនាំនូវរឿងមួយចំនួន ដែលអ្នកគួរតែចៀសវាងដើម្បីឲ្យរាងកាយឆាប់ជាលឿនក្រោយពីសម្រាលកូនដោយវះកាត់រួច។
ចៀសវាងការទល់លាមក
ជាក់ស្តែងណាស់ រាល់ការមានសម្ពាធទាំងអស់លើពោះខណៈពេលកំពុងតែធ្វើចលនាពោះវៀន សុទ្ធតែអាចបង្កការឈឺចាប់ដល់កន្លែងវះទាំងអស់។ ការទល់លាមកធ្ងន់ធ្ងរក៏អាចនាំឲ្យរហែកសាច់ដុំពោះ និងការបង្ករោគក្នុងពោះបានដែរ ជាពិសេសក្រោយសម្រាលកូនរួចដោយវះកាត់តែម្តង។ ដូច្នេះដើម្បីចៀសវាងរឿងនេះ គួរតែញ៉ាំអាហារឲ្យបានទៀងទាត់ អាហារសម្បូរជាតិសរសៃ និងញ៉ាំទឹកឲ្យគ្រប់គ្រាន់។
ចៀសវាងការក្អក និងផ្តាសាយ
ការក្អក និងកណ្តាសអាចដាក់សម្ពាធទៅលើស្នាមរបួស កាន់តែឈឺខ្លាំង ព្រមទាំងធ្វើឲ្យសាច់ដុំពោះចុះខ្សោយថែមទៀត។ ការដែលប្រើកន្សែងរុំត្រចៀកសម្រាប់ស្ត្រីក្រោយសម្រាលកូនដោយវះកាត់រួច ក៏ជាហេតុផលមួយផ្សេងទៀតក្នុងការបង្ការជំងឺផ្តាសាយបានដែរ។ ចូរចាំថា ប្រព័ន្ធភាពស៊ាំក្រោយពីសម្រាលកូនរួចគឺចុះខ្សោយ ដូច្នេះការកើតជំងឺផ្តាសាយក៏មានញឹកញាប់ដែរ។
ចៀសវាងការសើចច្រើន
ថ្វីត្បិតតែការសើចជួយឲ្យរាងកាយបញ្ចេញសារធាតុ Endorphins ដើម្បីជួយឲ្យមានអារម្មណ៍ល្អក៏ដោយ តែវាអាចធ្វើឲ្យឈឺចាប់ និងដាក់សម្ពាធខ្លាំងលើស្នាមរបួសថែមទៀត។ ផ្ទុយទៅវិញ គួរតែប្រើវិធីបន្ធូរអារម្មណ៍ដូចជាការហាត់យូហ្គា និងតាំងសមាធិកដើម្បីបំបាត់អាការៈបាក់ទឹកចិត្ត៕