ការមានផ្ទៃពោះគឺជាពេលវេលាដែលធ្វើឲ្យមានអារម្មណ៍ថាគ្មានផាសុកភាពច្រើន និងញឹកញាប់ដូចជា ការហើម ធីងធោងរាងកាយ កើតមុន និងអ្វីៗជាច្រើនទៀត។ ជាមួយនឹងផលរំខាននៃការលូតលាស់ទារកក្នុងផ្ទៃគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកពិបាកទ្រាំណាស់ហើយ។
ទោះបីជាយ៉ាងណាក៏ដោយ មានអាការៈព្រមានមួយចំនួនតូចដែលអ្នកត្រូវតែស្វែងយល់ និងទាក់ទងទៅគ្រូពេទ្យភ្លាមពេលរឿងនេះកើតឡើង។ តើមានអ្វីខ្លះទៅ?
ការធ្លាក់ឈាម
ក្នុងត្រីមាសដំបូង ការធ្លាក់ឈាមរឹមៗមួយចំនួនប្រហែលជារឿងមួយធម្មតា។ យ៉ាងណាមិញ ដើម្បីកាន់តែមានសុវត្ថិភាព គួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យផង។
ចំនួនឈាម ជាលិកាដែលមកជាមួយ និងពណ៌ (ក្រហមព្រឿងៗ រហូតដល់ក្រហមស្រស់ ឬពណ៌ត្នោត) នឹងអាចជួយសម្រេចថា គួរបារម្ភឬអត់។
ខណៈពេលដែលការធ្លាក់ឈាមមិនមែនតែងតែបញ្ជាក់អំពីបញ្ហានោះ យកល្អគួរតែទៅជួបអ្នកជំនាញដើម្បីបញ្ជាក់ថា គ្មានផលវិបាកអ្វីកើតឡើងឡើយ។ បើសិនជាអ្នកធ្លាប់ធ្លាក់ឈាមក្នុងត្រីមាសទីពីរ ឬទីបី ឬឃើញមានឈាមធ្លាក់ជាមួយគ្នានឹងការឈឺចាប់បែបរមួលៗ ឬវិលមុខ ចូរទាក់ទងទៅគ្រូពេទ្យភ្លាម។
ចលនារបស់កូនថយចុះ
ចូរព្យាយាមញ៉ាំទឹកត្រជាក់ ទឹកស្ករ និងគេងមកចំហៀងខាងឆ្វេង។ ការញ៉ាំទឹកផ្លែឈើត្រឹមតែមួយកែវក៏អាចជួយជំរុញដល់ចលនារបស់កូនបានដែរ។
បើសិនជាចលនារបស់កូនក្នុងផ្ទៃស្រាប់តែថយចុះភ្លាមៗ វាអាចជាសញ្ញាមួយដែលបញ្ជាក់ថា គាត់មិនទទួលបានជីវជាតិ ឬអុកស៊ីសែនគ្រប់គ្រាន់ទេ។ ចូរចាំថា បើសិនជាអ្នកមិនមានអារម្មណ៍ដឹងអំពីចលនារបស់កូនសោះតែម្តង នោះទើបជាបញ្ហា។
ការកន្ត្រាក់ស្បូន
វាជារឿងមួយធម្មតាទេសម្រាប់ស្ត្រីមានផ្ទៃពោះដែលមានអារម្មណ៍ថាស្បូនកន្ត្រាក់ៗដូចចង់សម្រាលកូន ដែលគេហៅថា ឈឺពោះសម្រាលកូនលេងៗ ដែលវាកើតឡើងនៅពេលដំបូងៗក្នុងត្រីមាសទីបី។ ប៉ុន្តែបើសិនជាការកន្ត្រាក់របស់ស្បូនមិនស្រាកស្រាន្តទៅវិញ អ្នកប្រហែលជាត្រូវសម្រាលកូនមុនកំណត់ដែលត្រូវការទៅជួបពេទ្យជាបន្ទាន់ហើយ៕