របបអាហារដែលត្រឹមត្រូវអាចធ្វើឲ្យទ្វារមាសមានសុខភាពល្អ តាមរយៈការបំបាត់ការបង្ករោគ សម្រួលដល់ការមិនមានផាសុកភាព និងប្រឡូកប្រឡាក់ច្រើននៅលើគ្រែគេង។ តើអ្នកកំពុងតែឆ្ងល់ថា តើគួរញ៉ាំអ្វីទើបល្អមែនទេ? សូមតាមដានដូចខាងក្រោមនេះ៖
ដើម្បីបំបាត់ភាពស្ងួតរបស់ទ្វារមាស
មូលហេតុចំបងបំផុតដែលនាំឲ្យមានបញ្ហាបែបនេះគឺការថយចុះនៃអ័រម៉ូនអេស្រូជែនដោយសាររ៉ាំងរដូវ បំបៅដោះកូន ឬសម្រាលកូន។ ដូច្នេះ ចូរព្យាយាមញ៉ាំអាហារធ្វើពីសណ្តែកសៀង និងតៅហ៊ូ ព្រោះវាផ្ទុកទៅដោយសារធាតុ Isoflavin ដែលដូចគ្នានឹងអ័រម៉ូនអេស្រូជែនដែរ ព្រមទាំងអាចផ្តល់សំណើមដល់ជាលិកាស្បែកទៀតផង។
ដើម្បីឈានដល់ចំណុចកំពូលក្នុងពេលរួមភេទកាន់តែខ្លាំងក្លា
ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Achieves of Gynaecology and Obstetrics បានឲ្យដឹងថា ស្ត្រីដែលញ៉ាំអាហារសម្រន់ជាផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ ឃើញថា ធ្វើឲ្យមុខងារផ្លូវភេទរបស់ពួកគេឡើងខ្ពស់ជាងអ្នកដែលមិនបានញ៉ាំ។ ផ្លែប៉ោមមានសារធាតុ Polyphenols ដែលអាចបង្កើនសុខភាពដល់ជាលិកាទ្វារមាស និងកាន់តែឆាប់ឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ។
ដើម្បីបង្ការការបង្ករោគដោយមេរោគផ្សិត
ការញ៉ាំអាហារសម្បូរសារធាតុប្រូបាយអូទិចដូចជា ទឹកដោះគោយ៉ាអួ អាចជួយថែរក្សាតុល្យភាពបាក់តេរីល្អៗក្នុងទ្វារមាសបាន។ រឿងនេះក៏ជំរុញដល់កម្រិត pH ដ៏ល្អមួយក្នុងទ្វារមាសសម្រាប់បណ្តុះបាក់តេរីល្អៗប្រកបដោយសុខភាពល្អក្នុងទ្វារមាសថែមទៀត។
ដើម្បីប្រឆាំងការបង្ករោគនៅផ្លូវទឹកម៉ូត្រ
សារធាតុ Catechins ក្នុងតែបៃតងផ្តល់នូវសារធាតុប្រឆាំងបាក់តេរីយ៉ាងខ្លាំងក្លាមួយដែលអាចទប់ស្កាត់ការបង្ករោគនៅផ្លូវទឹកម៉ូត្របាន។ សារធាតុ Catechins នឹងបញ្ចេញចោលតាមរយៈផ្លូវទឹកនោម ដូច្នេះ វានឹងកាត់បន្ថយបាក់តេរី និងឱកាសបង្ករោគនៅតំបន់នេះបាន។ ដូច្នេះចូរប្រាកដថា អ្នកបានញ៉ាំតែបៃតងពី ២ ទៅ៣ពែងក្នុងមួយថ្ងៃ។
ដើម្បីចៀសវាងការឈឺចាប់ខ្លាំងក្នុងពេលមករដូវ
ចូរញ៉ាំត្រីឲ្យបានច្រើនបើសិនជារដូវរបស់អ្នកធ្វើឲ្យឈឺពោះខ្លាំង។ សារធាតុអាស៊ីតខ្លាញ់អូមេហ្គាបីក្នុងត្រីនឹងដើរតួនាទីប្រឆាំងការរលាក ដើម្បីជួយសម្រួលដល់ការមិនមានផាសុកភាព ដែលបង្កឡើងដោយសារធាតុ Prostaglandin៕