ការទល់លាមកច្រើនតែកើតមានជាញឹកញាប់លើប្រជាជនខ្មែរយើងដែរ ជាពិសេសស្ត្រី កូនក្មេង និងមនុស្សចាស់តែម្តង។ ចំពោះនិយមន័យរបស់ការទល់លាមកទាល់តែ ពិបាកបន្ទោបង់ច្រើនជាង ៣ដងក្នុងមួយសប្តាហ៍ និងត្រូវការប្រឹងខ្លាំងរាល់ការបន្ទោបង់ម្តងៗ។
ដើម្បីកំណត់ដឹងថា ទល់លាមកបាន អ្នកជំងឺគួរតែធ្លាប់មានរោគសញ្ញាខាងក្រោមនេះចាប់ពីរឡើងទៅ៖
ប្រឹងបន្ទោបង់យ៉ាងហោចណាស់ ២៥ភាគរយ ក្នុងពេលម្តងៗ
លាមករឹងយ៉ាងហោចណាស់ ២៥ភាគរយ នៅពេលបន្ទោបង់ម្តងៗ
មានអារម្មណ៍ថាជុះមិនអស់យ៉ាងហោចណាស់ ២៥ភាគរយនៃការបន្ទោបង់ម្តងៗ
មានអារម្មណ៍ថាដូចមានអ្វីស្ទះក្នុងរន្ធគូថយ៉ាងហោចណាស់ ២៥ភាគរយនៃការបន្ទោបង់ម្តងៗ
ក្នុងមួយសប្តាហ៍បន្ទោបង់តិចជាង ៣ដង
ក្រៅពីនេះ មានមូលហេតុផ្សេងៗទៀតដែរ ដែលនាំឲ្យទល់លាមកដូចជា ការប្រើប្រាស់ថ្នាំ មហារីកពោះវៀនធំ កង្វះអ័រម៉ូនទីរ៉ូអ៊ីត មានផ្ទៃពោះ ឬមានជំងឺអ្វីមួយ។
ពេលណាទើបចាត់ទុកថាការទល់លាមកក្លាយទៅជាសញ្ញាប្រកាសអាសន្នទៅ?
មិនមានមនុស្សច្រើនទេដែលដឹងថា ការប្រែប្រួលទម្លាប់នៃការបន្ទោបង់អាចក្លាយទៅជាសញ្ញាព្រមាននៃការបង្ករោគដោយបាក់តេរី វីរុស ស្ទះពោះវៀន ជំងឺរលាកពោះវៀន ឬមហារីកពោះវៀនធំឡើយ។ បើសិនជាអ្នកមានរោគសញ្ញាមួយឬច្រើនដូចខាងក្រោមនេះ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យឲ្យបានលឿនបំផុត។
ទល់លាមកយូរជាង ២សប្តាហ៍
ចេះតែចង់បន្ទោបង់គ្មានហេតុផល
រាកឈាម ឬរាកភ្លាមៗតែម្តង
លាមកទៅជាពណ៌ខ្មៅ
ចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗបើសិនជាអ្នកកំពុងតែមានអាការៈទាំងអស់ខាងលើ ព្រោះបើសិនជាមិនមានការព្យាបាលទេ វាអាចនាំឲ្យមានផលវិបាកដល់សុខភាពច្រើនដូចជា ជំងឺឬសដូងបាត ដំបៅ ឈឺពោះ ប្រេះក្រសាលគូថ និងបូសអន្ទង់។ កាលណាដែលមានជំងឺហើយមិនខ្វល់ខ្វាយស្វែងរកការព្យាបាលរយៈពេលយូរ នោះគ្រូពេទ្យក៏ពិបាកនឹងកំណត់សម្គាល់ ក៏ដូចជាស្វែងរកវិធីព្យាបាលបែបធម្មជាតិដើម្បីជួយដែរ៕