ជំងឺជើងដំរីគឺជាជំងឺម្យ៉ាងដែលបង្កឡើងដោយដង្ហូវប៉ារ៉ាសិត ដែលឆ្លងតាមរយៈសត្វម៉ូស និងបង្កជាការស្ទះដល់ប្រព័ន្ធទឹករងៃនៅជើង។ ករណីភាគច្រើន រោគសញ្ញារបស់ជំងឺនេះមិនមានឡើយលុះត្រាតែឆ្លងដល់កម្រិតធ្ងន់ធ្ងរ។ យ៉ាងណាមិញ ជំងឺជើងដំរីអាចមានរោគសញ្ញាប្រមានរបស់វាដែរដូចជា៖
ហើមជើង និងដៃ
រោគសញ្ញាមួយនៃជំងឺជើងដំរីគឺជាការហើមជើង និងដៃដោយសារតែការកើនឡើងជាតិទឹកច្រើន។ រឿងនេះអាចនិយាយថា ដៃម្ខាង ឬជើងម្ខាងរីកធំច្រើនដង ហើយធំជាងទំហំធម្មតា ដែលមើលទៅមានលក្ខណៈដូចជាជើងដំរីតែម្តង។
ស្បែកស្ងួត
ករណីភាគច្រើន ស្បែកនៅកន្លែងមានបញ្ហាអាចទៅជាស្ងួត និងក្រាសជាងធម្មតា។ វាក៏នាំឲ្យកើតជាដំបៅ មានសភាពទ្រុត និងខ្មៅ ដោយសារតែកង្វះលំហូរឈាមទៅកន្លែងនោះ។
ល្ហិតល្ហៃ
អារម្មណ៍នៃការគ្មានផាសុកភាពបែបល្ហិតល្ហៃគឺជាអាការៈមួយចំបងគេនៃជំងឺជើងដំរី។ នៅពេលជំងឺនេះវិវឌ្ឈន៍ទៅមុខ អាការៈផ្សេងៗអាចកើតកើតមានដូចជា ក្តៅខ្លួនធ្ងន់ធ្ងរ និងគ្រុនញាក់។ នេះដោយសារតែការបង្ករោគ និងការរលាក។
ថង់ពងស្វាសរីកធំ
ករណីបែបនេះច្រើនឃើញនៅដំណាក់កាលយូរៗ ហើយវាក៏ជាសញ្ញាមួយរបស់ជំងឺជើងដំរីដែរ។ យ៉ាងណាមិញ ស្បែកនៅក្រោមលិង្គអាចនឹងតឹង ដែលជាហេតុនាំឲ្យឈឺចាប់ និងក្រហាយៗបាន។
ហើមសុដន់
វាមិនខុសគ្នានឹងបុរសទេ ជំងឺជើងដំរីក៏អាចប៉ះពាល់ទៅលើប្រដាប់ភេទខាងក្រៅរបស់ស្ត្រីដែរ។ វាអាចបណ្តាលឲ្យដំបៅនៅស្បែកចន្លោះភ្លៅ និងហើមសុដន់ទៀតផង។ រឿងនេះច្រើនតែបណ្តាលឲ្យរីកកូនកណ្តុរ ដោយសារតែការស្ទះលំហូរទឹករងៃក្នុងកូនកណ្តុរ និងសុដន់៕