ការដែលមានអារម្មណ៍ឈឺចាប់នៅទ្រូងខាងឆ្វេងគឺជាអាការៈមួយដែលអ្នកត្រូវតែពិគ្រោះជាមួយអ្នកជំនាញខាងជំងឺបេះដូង។ ដល់ពេលជាតិស្ករឡើងខ្ពស់គឺត្រូវជួបជាមួយអ្នកជំនាញខាងជំងឺទឹកនោមផ្អែម។
ចុះឆ្អឹងខ្នងវិញគិតម៉េចទៅ? តើអ្នកធ្វើម៉េចទើបដឹងថាឆ្អឹងខ្នងមានបញ្ហា និងពេលណាគួរតែពិគ្រោះជាមួយអ្នកជំនាញខាងឆ្អឹងឲ្យបានលឿនទៅ? ការដែលលើករបស់ធ្ងន់ៗខុសរបៀប ឬគេង ឬអង្គុយក្នុងជំហរមិនត្រឹមត្រូវ សុទ្ធតែប៉ះពាល់ដល់ឆ្អឹងខ្នងបានទាំងអស់។ ក្រោយពីអង្គុយនៅលើកៅអីមុខកុំព្យូទ័រកន្លះថ្ងៃមង ខ្នងអាចនឹងមានអារម្មណ៍ថាក្រហាយៗដែរ។ ដូច្នេះតើធ្វើម៉េចដឹងទៅថាខ្នងកំពុងតែមានបញ្ហា។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីអាការៈញឹកញាប់មួយចំនួនដែលអាចបញ្ជាក់ថា អ្នកគឺដល់ពេលត្រូវជួបពេទ្យជំនាញខាងឆ្អឹងដើម្បីដោះស្រាយភ្លាមៗហើយ។
- បើសិនជាអ្នកមានអាការៈឈឺក្នុងឆ្អឹងខ្នង ឬខ្នង ដែលមិនស្រាកស្រាន្តទៅវិញក្រោយពីប្រើថ្នាំបំបាត់ការឈឺចាប់ ឬការឈឺចាប់នោះលើសពី ២ ទៅ៣ថ្ងៃ វាគឺជាពេលវេលាដែលត្រូវជួបពេទ្យហើយ។
- បើសិនជាអ្នកធ្លាប់មានអារម្មណ៍ឈឺដូចគេចាក់នៅជើង នោះវាអាចជាសញ្ញាដែលត្រូវជួបពេទ្យជំនាញហើយ ព្រោះវាជាសញ្ញាដំបូងនៃជំងឺគៀបសរសៃ Sciatic។ អ្នកដែលធាត់លើសទម្ងន់ និងរស់នៅបែបស៊ីដេកៗច្រើន សុទ្ធតែប្រឈមខ្ពស់នឹងជំងឺនេះ។
- បើសិនជាអ្នកមានអារម្មណ៍ស្ពឹកៗនៅជើង និងដៃទាំងសងខាង ហើយឈឺចង្កេះទៀតនោះ វាពិតជាអាការៈដែលគួរឲ្យបារម្ភណាស់។ រឿងនេះអាចដោយសារតែការគៀបសរសៃប្រសាទនៅឆ្អឹងកងខ្នងម្តុំក ដែលសរសៃនោះនឹងបញ្ជាក់ទៅលើដៃ។
- បើសិនជាអ្នកមានអារម្មណ៍ថាខ្សោយជើង និងដៃ ឬពិបាកដើរនោះ ចូរពិគ្រោះជាមួយពេទ្យភ្លាមដើម្បីរកមើលមូលហេតុ។ ករណីបែបនេះអាចជាសញ្ញាមួយនៃបញ្ហាសរសៃប្រសាទក្នុងឆ្អឹងខ្នង។
- បើសិនជាអ្នកធ្លាប់មានបញ្ហាលេចនោមដោយមិនដឹងខ្លួន ពិបាកបន្ទោបង់ ឬឈឺខ្នងខ្លាំងពេលនោម នោះវាគឺជារឿងបន្ទាន់ដែលអ្នកត្រូវពិគ្រោះជាមួយពេទ្យភ្លាមៗហើយ ព្រោះវាអាចជាការខូចខាតឆ្អឹងកងខ្នងខ្លាំង ហើយអាចនឹងផលវិបាកផ្សេងៗច្រើនទៀតបើសិនជាពន្យាពេលកាន់តែយូរ៕