ការទល់លាមក គឺជារោគសញ្ញាខាងផ្នែកក្រពះពោះវៀនមួយប្រភេទ ដែលកើតមានជាញឹកញាប់ នៅទូរទាំងពិភពលោក ហើយនរណាក៏ដោយក៏ចៀសមិនផុត ពីការទល់លាមកនេះដែរក្នុងមួយជីវិត។
ការទល់លាមក គឺជារោគសញ្ញានៃជំងឺណាមួយ ហើយក៏មិនមែនជាជំងឺនោះដែរ។ ការទល់លាមកកើតឡើង នៅពេលដែលចលនារបស់ពោះវៀនកាន់តែពិបាក ឬមិនសូវមានចលនាពោះវៀនច្រើនដូចមុន។ ចំពោះរយៈពេលនៃការធ្វើចលនា របស់ពោះវៀនរបស់មនុស្សម្នាក់ៗ គឺខុសៗគ្នា ប៉ុន្តែ ជាទូទៅ នៅពេលពោះវៀន មិនធ្វើចលនាចាប់ពីបីរថ្ងៃទៅហើយ លាមកអាចនឹងកាន់តែរឹង និងកាន់តែពិបាកបន្ទោរបង់។ អ្នកជំងឺអាចនឹងមានបញ្ហាបន្ថែមទៀត ដូចជា ហើមពោះ ឈឺពោះបែបរមួល ឬក្អួត។
យ៉ាងណាមិញ បើសិនជាអ្នកមានអាការៈបន្ទោរបង់មកឃើញថា លាមករឹងម្តងម្កាលនោះ មិនមែនមានន័យថា អ្នកទល់លាមកឡើយ ព្រោះពេលខ្លះ វាអាចជារឿងធម្មតាទេ ដោយសារតែរបបអាហារ មានជាតិសាច់ច្រើនពេក។ ប៉ុន្តែ បើសិនជាអ្នកមិនបានបន្ទោរបង់ចាប់ពី ៣ ថ្ងៃឡើងទៅ ហើយលាមកនោះរឹង ទើបអាចនិយាយបានថា អ្នកទល់លាមកហើយ៕