ជំងឺឬសដូងបាត គឺជាជំងឺមួយប្រភេទ ដែលមានការឈឺចាប់ សឹងមិនអាចទ្រាំបាន នៅក្នុងរន្ធគូថ។ ខណៈពេលដែលការប្រែប្រួល នូវចលនាពោះវៀន និងការឈឺចាប់នៅរន្ធគូថ តែងតែអាចបណ្តាលមកពីការឈឺក្រពះ ឬទល់លាមកនោះ តែវាក៏អាចជាអាការៈមួយ របស់ជំងឺឬសដូងបាតដែរ។ ខាងក្រោមនេះ គឺជាអាការៈញឹកញាប់មួយ នៃជំងឺឬសដូងបាត ដែលអ្នកគួរតែស្វែងយល់អំពីវា។
ឈាមក្នុងលាមក
វាអាចជាសញ្ញាដ៏សំខាន់មួយ របស់ជំងឺឬសដូងបាត ប៉ុន្តែ ក៏អាចបញ្ជាក់ថា ជាជំងឺប្រេះក្រសាលគូថ រលាកពោះវៀន ឬមហារីកក្រពះដែរ។ យ៉ាងណាមិញ បើសិនជាអ្នក មានអាការៈឈាមតាមលាមក អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យភ្លាម ថាវាអាចជាជំងឺអ្វី ឲ្យពិតប្រាកដ និងព្យាបាលឲ្យបានលឿន។
ឈឺ ឬមិនស្រួលក្នុងរន្ធគូថ
ការឈឺចាប់ និងមិនស្រួលក្នុងរន្ធគូថ គឺជាសញ្ញាញឹកញាប់មួយ របស់ជំងឺឬសដូងបាត។ វាក៏អាចសម្គាល់ដឹង តាមរយៈការឈឺចាប់ នៅរន្ធគូថម្តងម្កាលដែរ។ ការឆ្លុះពោះវៀនធំ និងការថត MRI ប្រហែលជាមិនមានប្រសិទ្ធភាព ក្នុងការរកជំងឺនេះទេ ដូច្នេះ យកល្អ គួរតែពិគ្រោះជាមួយអ្នកជំនាញ ខាងក្រពះពោះវៀន ដើម្បីរកមូលហេតុពិតប្រាកដរបស់វា ព្រោះថាអាការៈបែបនេះក៏អាចបណ្តាលមកពី ជំងឺប្រេះក្រសាលគូថ ឬបូសអន្ទង់ដែរ។
ឈឺនៅរន្ធគូថ
បើសិនជាមានការហើម នៅជុំវិញរន្ធគូថ ហើយស្បែកនៅកន្លែងនោះ ទៅជារមាស់ទៀត វាគួរតែជាសញ្ញា ដែលសង្ស័យហើយ។ អ្នកត្រូវតែរកពេទ្យជំនាញ ខាងជំងឺនៅរន្ធគូថនេះ បើសិនជាអាការៈនេះ កើតឡើងជាប់រហូត ឬមានការរមាស់ខ្លាំងក្លានៅរន្ធគូថ។
ឈឺក្នុងពេលបន្ទោរបង់
បើសិនជាអ្នកមានជំងឺឬសដូងបាតមែន អ្នកអាចនឹងមានអាការៈថា ដូចជាមានសម្ពាធខ្លាំងនៅសរសៃឈាម ក្នុងចុងពោះវៀនធំ ដែលវាអាចបណ្តាលឲ្យឈឺចាប់ ក្នុងពេលបន្ទោរបង់ដែរ។ ដូច្នេះហើយ វាមិនត្រឹមតែជាការទល់លាមក ឬការរលាកពោះវៀនទេ ជំងឺឬសដូងបាត ក៏អាចស្គាល់ដឹង តាមរយៈការឈឺចាប់នៅពោះផ្នែកខាងក្រោម ហើយពិបាកបន្ទោរបង់ដែរ។
មានការហើម ឬដុំណាមួយនៅជិតរន្ធគូថ
ខណៈពេលដែលមនុស្សភាគច្រើន មានអារម្មណ៍ថា ការហើម ឬកើតជាដុំណាមួយ នៅក្បែររន្ធគូថ អាចជាសញ្ញាជំងឺមហារីកនោះ តែមហារីកកម្រកើតមាន នៅតំបន់រន្ធគូថណាស់។ យ៉ាងណាមិញ វាអាចជាសញ្ញាមួយ របស់ជំងឺឬសដូងបាត ឬការបង្ករោគនៅរន្ធគូថតែម្តង៕