ជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំ ច្រើនតែមិនបង្ហាញនូវរោគសញ្ញា គួរឲ្យកត់សម្គាល់អ្វីឡើយ ក្នុងដំណាក់កាលដំបូង។ ប៉ុន្តែ បើសិនជាយើងអាចរកឃើញវាទាន់ពេលវេលា វាអាចនឹងព្យាបាលបានយ៉ាងមានប្រសិទ្ធភាព ជាមួយនឹងថ្នាំគីមី និងបាញ់កាំរស្មី។ ការធ្វើតេស្តរកមើលជំងឺមហារីកទៀងទាត់ មានប្រយោជន៍ណាស់ចំពោះរឿងនេះ។ ខាងក្រោមនេះ គឺជាអាការៈមួយចំនួន ដែលអ្នកគួរតែកត់សម្គាល់ អំពីជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំ។
បន្ទោរបង់មិនទៀងទាត់
សញ្ញាសំខាន់មួយ នៃជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំ គឺការផ្លាស់ប្តូរទម្លាប់នៃការបន្ទោរបង់។ បើសិនជាអ្នកទល់លាមក ឬរាករូសជាប់ ឬឈឺចាប់បែបរមួលក្នុងពោះផ្នែកខាងក្រោម ឬហូរឈាមតាមរន្ធគូថ នោះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកមើលមូលហេតុរបស់វា។
ឈាមក្នុងលាមក
ការដែលមានស្នាមឈាមពណ៌ចាស់ ឬមានឈាមលើលាមក អាចជាសញ្ញាមួយនៃជំងឺមហារីកប្រភេទនេះហើយ។ ថ្វីបើ វាគឺជាសញ្ញាញឹកញាប់មួយ របស់ជំងឺឬសដូងបាត ឬមហារីកផ្សេងៗទៀតដូចជា មហារីកក្រពេះក៏ដោយ ក៏ការពិគ្រោះជាមួយអ្នកជំនាញ ខាងក្រពះពោះវៀន និងធ្វើតេស្តរកជំងឺនេះ ប្រហែលជាអាចជួយអ្នក ស្រាយចម្ងល់បានដែរ។
មិនស្រួលក្នុងពោះ
បើសិនជាអ្នកមានអារម្មណ៍ថា មិនមានផាសុកភាព និងណែនៗក្នុងពោះ ដោយមិនបានញ៉ាំអាហារ ឬញ៉ាំអាហារបានតែពីរបីមាត់ បែរជាណែនក្នុងពោះដែរនោះ វាអាចជាសញ្ញាមួយ នៃជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំដែរ។ សូមកុំគិតថា ការឈឺពោះ និងមិនស្រួលក្នុងពោះបែបនេះជាសញ្ញាថា ក្រពះខ្សោយអី បើសិនជាអ្នកមាន អាការៈនេះយូរណាស់ហើយ។
មិនអាចបន្ទោរបង់អស់
អាការៈមួយផ្សេងទៀត នៃជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំ គឺនៅពេលដែលអ្នកមានអារម្មណ៍ថា អ្នកមិនអាចបន្ទោរបង់លាមក ឲ្យអស់ទាំងស្រុង។ ខណៈពេលដែលមនុស្សភាគច្រើនជឿថា វាជាសញ្ញាមួយនៃក្រពះខ្សោយ ចូរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកមើលមូលហេតុរបស់វាទៅ។
អស់កម្លាំង
ការដែលមានអារម្មណ៍អស់កម្លាំង និងស្លេកស្លាំងជាប់ អាចជាសញ្ញាមួយ របស់ជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំដែរ។ នេះដោយសារតែ កោសិកាមហារីក ជាអ្នកទាញយកថាមពល ដែលអ្នកត្រូវប្រើទៅចិញ្ចឹមខ្លួនវា ហេតុដូច្នេះហើយ ទើបធ្វើឲ្យអ្នកអស់កម្លាំង។ បើសិនជាមានអាការៈបន្ថែមដូចជា មិនស្រួលក្នុងពោះ ឬបន្ទោរបង់មិនទៀងទាត់ទៀតនោះ គួរតែដល់ពេល ពិគ្រោះជាមួយពេទ្យហើយ៕