ការឲ្យទារកទើបនឹងកើត ឬក្រោមអាយុ ៦ ខែ ទទួលទានទឹក វាពិតជាមិនល្អនោះឡើយ។
ជាការពិត តាមទម្លាប់ចាស់បុរាណ គាត់តែងឲ្យទារកញ៉ាំទឹក ទោះបីជាទារកនោះ មានអាយុក្រោម ៦ ខែក៏ដោយ ពីព្រោះ គាត់គិតថា ទារកច្បាស់ជាខាស់ក ឬស្រេកទឹកហើយ។ យ៉ាងណាមិញ គ្រូពេទ្យជំនាញរោគកុមារ បានមានប្រសាសន៍ថា ទោះបីជាមេឃក្តៅ ឬស្ងួតក្តី ទារកទើបនឹងកើតបែបនេះ នៅតែអាចទទួលបានទឹកគ្រប់គ្រាន់ ពីទឹកដោះម្តាយ។
ទឹកដោះម្តាយ មានជាតិទឹកប្រហែលជា ៨៨ ភាគរយ ដែលវាល្មមនឹងតម្រូវការរបស់ក្មេង ទោះបីជាស្ថិតក្នុងអាកាសធាតុក្តៅក៏ដោយ។
វេជ្ជបណ្ឌិតជំនាញបានណែនាំទៀតថា ការឲ្យទារកបៅទឹកនៅក្មេងពេក អាចបង្កគ្រោះថ្នាក់ ឬធ្វើឲ្យទារកខ្វះអាហារូបត្ថម្ភ។ នៅពេលពោះរបស់គេពេញសុទ្ធតែទឹក នោះគេនឹងលែងឃ្លាន។ ក្រពះទារកតូចណាស់ ដូច្នេះ ទឹកដោះម្តាយតែមួយមុខ គឺគ្រប់គ្រាន់សម្រាប់បំពេញវាហើយ។
ថ្ងៃដំបូង រហូតដល់ ៣ ខែ
ទារកមិនគួរញ៉ាំទឹកឡើយ ពីព្រោះ វាអាចបង្កបញ្ហាច្រើន ចំពោះសុខភាព និងការរីកលូតលាស់។
ទារកអាយុពី ៤ ទៅ ៦ ខែ
ទារក អាចញ៉ាំទឹកបាន ដោយមិនមានផលប៉ះពាល់ ប៉ុន្តែ គ្រូពេទ្យនៅតែមិនណែនាំ ឲ្យទារកបៅទឹកឡើយ។
អាយុក្រោយ ៦ ខែ
កូនក្មេងអាចញ៉ាំទឹកបានតិចៗ ពីរបីដងក្នុងមួយថ្ងៃ ជាពិសេស ពេលគេចាប់ផ្តើមញ៉ាំបបរ ឬអាហាររឹងតិចៗ៕