នៅពេលការរមាស់ស្បែកកើតឡើងនៅពេលយប់ វាអាចជាបញ្ហាមួយដែលធ្វើឲ្យអ្នកមិនអាចគេងលក់បានឡើយ។ បើសិនជាស្បែកអ្នកងាយនឹងរមាស់ជារៀងរាល់ពេលដែលចូលគេងមែន នោះអាចនឹងមានអ្វីមួយខុសប្រក្រតីក្នុងខ្លួនហើយ។ អ្នកជំនាញជាច្រើននិយាយថា ការរមាស់ស្បែកនៅពេលយប់អាចដោយសារតែសារធាតុគីមី និងបម្រែបម្រួលអ័រម៉ូនដែលកើតឡើងនៅពេលយប់។ យ៉ាងណាមិញខាងក្រោមនេះគឺជាមូលហេតុញឹកញាប់មួយចំនួនដែលធ្វើឲ្យមនុស្សយើងឧស្សាហ៍រមាស់ស្បែកនៅពេលយប់៖
ស្បែកស្ងួត
តើអ្នកចូលចិត្តងូតទឹកក្តៅមុនពេលចូលគេងទេ? វាគឺជារឿងមួយដែលអាចធ្វើឲ្យស្បែកទៅជាស្ងួតបាន ហើយកាលណាស្បែកស្ងួតច្រើនតែធ្វើឲ្យរមាស់បែបនេះឯង៕
សារធាតុគីមីដែលផ្តល់ជាក្លិនក្រអូប
ជាពិសេសបើសិនជាអ្នកចូលចិត្តប្រើសាប៊ូដុំដែលមានក្លិនក្រអូបច្រើន វាទំនងជាធ្វើឲ្យអ្នកមានអាការៈរមាស់ស្បែកនៅពេលយប់ណាស់ ជាពិសេសបើសិនជាអ្នកប្រើវានៅពេលយប់តែម្តង។ វាក៏អាចបង្កឡើងដោយសារធាតុគីមីដែលមានការកាត់ខ្លាំងដែលអ្នកប្រើវាដើម្បីបោកមុខភួយ និងស្រោមខ្នើយដែរ។
បែកញើសខ្លាំង
បើសិនជាអ្នកមានទម្រងនៃការរលាកស្បែកមួយចំនួន ការបែកញើសខ្លាំងអាចធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរបាន ហើយរឿងមួយដែលអាចជាផលវិបាកនោះគឺ ការរមាស់ស្បែកនៅពេលយប់តែម្តង។
ថ្នាំដែលកំពុងតែប្រើ
តើថ្មីៗនេះ អ្នកកំពុងតែប្រើថ្នាំព្យាបាលជំងឺដែរទេ? វាទំនងជាមូលហេតុមួយដែលនាំឲ្យមានការរមាស់ស្បែកនៅពេលយប់ដែរ។ ថ្នាំមួយចំនួនដែលត្រូវបានគេដឹងថាធ្វើឲ្យរមាស់ស្បែកនៅពេលយប់ ឬគ្រប់បេលនោះមានដូចជា ថ្នាំផ្សះ ថ្នាំបំបាត់ការឈឺចាប់ ថ្នាំបញ្ចុះកូឡេស្តេរ៉ុល និងថ្នាំប្រឆាំងមេរោគផ្សិត៕