បញ្ហាស្រមុកមិនពិបាកនឹងទប់ទល់ឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើធ្វើយ៉ាងណាទប់បំបាត់អាការៈស្រមុកបានមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់អាការៈសម្រុក ៖
១. សម្រកទម្ងន់ខ្លះ
ការកើនទម្ងន់អាចបន្ថែមជាលិកាទៅកដែលសង្កត់និងបង្រួមផ្លូវដង្ហើមបង្កជាបញ្ហាស្រមុក។ ការសម្រកទម្ងន់ចេញខ្លះពិតជាអាចជួយដោះស្រាយបញ្ហាស្រមុកបានយ៉ាងប្រសើរ ខណៈដែលជាលិកាខ្លាញ់នៅផ្នែកខាងក្រោយនៃបំពង់កត្រូវបានកាត់បន្ថយ។
២. ផ្លាស់ប្ដូរទីតាំងនៃការគេង
មួយក្នុងចំណោមវិធីដ៏ងាយផ្សេងទៀតដើម្បីបំបាត់អាការៈសម្រុក គឺផ្លាស់ប្ដូរទីតាំងនៃការគេង។ ចូរសាកល្បងគេងផ្អៀង ឬបែរទៅម្ខាង! ក៏ព្រោះការគេងបែបនេះជួយឱ្យបំពង់កមិនត្រូវបានរាំងស្ទះដោយគល់នៃអណ្ដាតនិងក្រអូមមាត់។
៣. ចៀសវាងទទួលទានគ្រឿងស្រវឹង
គ្រឿងស្រវឹងមានឥទ្ធិពលបង្កការរំខានដល់ការដកដង្ហើមបានត្រឹមត្រូវជាមូលហេតុបង្កអាការៈសម្រុក។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមបញ្ឈប់ការទទួលទានគ្រឿងស្រវឹង ពិសេសមុនពេលចូលគេង។
៤. បញ្ឈប់ការជក់បារី
ធ្លាប់ដឹងទេថាទម្លាប់នៃការជក់បារីក៏អាចបណ្ដាលឱ្យអ្នកគេងស្រមុក? អ្នកជក់បារីកាន់តែច្រើនដើមប៉ុណ្ណាក្នុងមួយថ្ងៃ សម្លេងស្រមុកក៏នឹងលឺខ្លាំងតាមនោះដែរ! ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមផ្ដាច់បារី។ ការជក់បារីបង្កការស្ទះផ្លូវដង្ហើមដោយបង្កការរលាកដល់ភ្នាសក្នុងច្រមុះនិងបំពង់ក។
៥. រក្សាខ្យល់សើមក្នុងបន្ទប់
ខ្យល់ស្ងួតក៏ជាកត្តាមួយងាយនឹងបណ្ដាលឱ្យអ្នកស្រមុកផងដែរ! នោះក៏ព្រោះតែវាធ្វើឱ្យស្ងួតដល់ភ្នាសនៃច្រមុះនិងបំពង់ក។ នៅពេលខ្យល់រំកិលពីច្រមុះទៅបំពង់កត្រូវបានរាំងស្ទះនោះអាការៈស្រមុកប្រាកដជាអាចកើតមានឡើង។
៦. ប្រើប្រាស់ប្រេងជីអង្កាម
ក្លិននៃប្រេងជីអង្កាមអាចជួយឱ្យអ្នកដកដង្ហើមបានស្រួលចៀសផុតបញ្ហាស្រមុក។ ដូច្នេះកុំភ្លេចប្រើប្រាស់ប្រេងជីអង្កាមដើម្បីសម្រួលផ្លូវដង្ហើម។
៧. ធ្វើលំហាត់ប្រាណទៀងទាត់
ការស្រមុកអាចកើតឡើងដោយសារខ្លាញ់ច្រើនពេកក្នុងរាងកាយ! ដូច្នេះហើយទើបការធ្វើលំហាត់ប្រាណជាប្រចាំ គឺចាំបាច់ណាស់ដើម្បីទប់ទល់បញ្ហាស្រមុក។ ម្យ៉ាងវិញទៀតលំហាត់ប្រាណជួយសម្រួលដល់សាច់ដុំក្នុងបំពង់កបន្ថយអាការៈស្រមុក។
៨. គេងឱ្យទៀងពេល
ចូរបង្កើតទម្លាប់ចូលគេងនិងក្រោកឱ្យទៀងពេល។ ការធ្វើបែបនេះជួយឱ្យអ្នកគេងលក់បានកាន់តែប្រសើរនិងបន្ថយអាការៈស្រមុកថែមទៀត។
ប្រយ័ត្ន! ក្នុងករណីខ្លះអាការៈស្រមុកអាចលេចឡើងដោយសារបញ្ហាសុខភាពណាមួយ។ ដូច្នេះដើម្បីជាការប្រសើរប្រសិនបើអាការៈស្រមុករបស់អ្នកផ្ដល់ការរំខានខ្លាំងដល់អ្នកនិងជុំវិញខ្លួន ហើយគន្លឹះណាមួយខាងលើមិនមានប្រសិទ្ធភាពចំពោះអ្នកសោះនោះ ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រពេទ្យជំនាញ៕