ធម្មតា ការដែលទើបក្លាយជាម្តាយគេ វាពិតជាគ្មានអ្វីដែលពិបាកនៅពេលដែលឃើញកូនតូចរបស់ខ្លួនមានបញ្ហាឡើយ ទោះបីជាបញ្ហានោះតិចតួចក៏គ្រប់គ្រាន់ធ្វើឲ្យពួកគេភ័យបានដែរ។ ជាក់ស្តែងគ្រាន់តែកូនត្អើកជាប់ ក៏ជាអ្វីដែលធ្វើឲ្យម្តាយជាច្រើនឈឺក្បាលដែរ។ ការត្អើកគឺជារឿងមួយធម្មតាសុទ្ធសាត ហើយក៏កើតមានជាញឹកញាប់ចំពោះទារកគ្រប់រូបដែរ។ ទារកអាចនឹងត្អើកច្រើនជាងមនុស្សធំទៅទៀត។ តាមពិតទៅ ពួកគេចេះត្អើកតាំងពីនៅក្នុងពោះម្តាយម្លេះ។ ដូច្នេះបើសិនជាកូនអ្នកត្អើកក្រោយពីបៅរួច ឬមិនមានមូលហេតុអ្វីនោះ ចូរកុំភ័យអ្វីឲ្យសោះ។
ករណីភាគច្រើន ការត្អើកនឹងបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែបើសិនជាបញ្ហានេះចេះតែកើតឡើងញឹកញាប់ ហើយអ្នកចង់ឲ្យវាបាត់ទៅវិញឆាប់នោះគួរតែធ្វើដូចខាងក្រោមនេះ៖
ព្យាយាមឲ្យគេបៅបន្ថែមបន្តិចបន្តួចទៀតបើសិនជាគេអាចបៅបាន
ចូរលើកកូនគេងផ្កាប់ក្បាលលើស្មារបស់អ្នក ហើយព្យាយាមទះតិចៗនៅខ្នងរបស់គេ
ឲ្យក្បាលដោះបៀមលេងគេជញ្ជក់លេងសិន
ចូរឲ្យគេងគេងផ្កាប់ ហើយម៉ាស្សា ឬត្រដុះនៅខ្នងរបស់គេ
បើសិនជាកូនអាយុធំជាង ៦ខែ អ្នកក៏អាចឲ្យគេបៅទឹកបន្ថែមបានដែរ
ចូរព្យាយាមប្រើវិធីបន្លប់អារម្មណ៍ពួកគេ តែកុំឲ្យគេខ្លាចឲ្យសោះ
ធម្មតា ការត្អើកកើតឡើងដោយសារតែសាច់ដុំនៅសន្ទះខណ្ឌទ្រូង និងពោះរឹងជាប់។ ការដែលបៅឆ្អែត ការញ៉ាំលឿនពេក និងលេបខ្យល់ចូលក្នុងពោះច្រើនពេក ឬផ្លាស់ប្តូរអាកាសធាតុលឿនពេកក៏អាចបណ្តាលឲ្យត្អើកបានដែរ ប៉ុន្តែមានកត្តាច្រើននាស់ដែលនាំឲ្យទារកត្អើក។
ឲ្យគេបៅនៅពេលគេមានអារម្មណ៍ល្អ
ឲ្យគេបៅមុនពេលពួកគេឃ្លានខ្លាំង
ឲ្យគេបៅញឹកញាប់ប៉ុន្តែបៅតិចៗ
ចូរប្រាកដថា អ្នកបានញ៉ុកក្បាលដោះក្នុងមាត់របស់គេត្រឹមត្រូវ និងមិនឲ្យគេលេបខ្យល់ចូលច្រើនទេ
ព្យាយាមកុំធ្វើឲ្យគេបាត់បង់អារម្មណ៍ក្នុងពេលបៅ៕