ការដែលដុះខ្លាញ់ក្បាលពោះធំៗមិនត្រឹមតែមានផលវិបាកច្រើនក្នុងការស្លៀកខោខូវប៊យនោះទេ វាក៏នាំឲ្យកើតជាជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ឬការធាត់ជ្រុលខ្ពស់ដែរ។ ចាប់តាំងពីខ្លាញ់នៅសរីរាង្គក្នុងពោះពិបាកក្នុងការជម្រុះ ខ្លាញ់ក្បាលពោះក៏ជាអ្វីដែលត្រូវសម្រកដែរនៅពេលអ្នកកំពុងតែព្យាយាមចង់បានរាងកាន់តែស្លីម។ បើសិនជាការកំណត់របបអាហារ និងការហាត់ប្រាណមិនអាចជួយអ្វីបានច្រើនទេនោះ វាប្រហែលជាអាចមានហេតុផលផ្សេងៗទៀតជាដែលនាំឲ្យខ្លាញ់ក្បាលពោះមិនព្រមស្រក។
អ្នកកំពុងតែញ៉ាំប្រភេទប្រូតេអ៊ីនដែលមិនត្រឹមត្រូវ
ការញ៉ាំប្រូតេអ៊ីនជាប្រភេទសាច់សុទ្ធដែលគ្មានខ្លាញ់អាចជួយឲ្យមានអារម្មណ៍ថាឆ្អែតបានយូរ បង្កើតសាច់ដុំ និងបន្តរំលាយជាតិខ្លាញ់ពីក្នុងខ្លួនទៀតទោះបីជាមិនបានហាត់ប្រាណក៏ដោយ។ ដូច្នេះយកល្អគួរតែប្តូរការញ៉ាំសាច់ក្រហម មកញ៉ាំសាច់មាន់ ឬត្រីវិញទៅ។ បើសិនជាអ្នកញ៉ាំអាហារបួស អ្នកអាចជ្រើសរើសការញ៉ាំសណ្តែកវិញ។
អ្នកកំពុងមានជំងឺទាក់ទងនឹងប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី
ការប្រើប្រាស់ថ្នាំជាច្រើនសុទ្ធតែអាចបង្កជាផលរំខានរបស់វា ហើយមួយក្នុងចំណោមនោះក៏មានការធាត់ឡើងទម្ងន់ដែរ។ យ៉ាងណាមិញ ប្រភេទថ្នាំ សរសៃ (Cortisone) សម្រាប់ព្យាបាលជំងឺរលាកសន្លាក់ ឬជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី ភាគច្រើននាំឲ្យឡើងទម្ងន់នៅជុំវិញក្បាលពោះតែម្តង។
អ្នកកំពុងតែញ៉ាំអាហារកៃឆ្នៃច្រើនពេក
អាហារកៃឆ្នៃទោះបីជាមានកាឡូរីទាបក៏ដោយ ក៏អាចមានជាតិប្រៃ និងផ្អែមខ្ពស់ ដែលជាហេតុនាំឲ្យមានបញ្ហាដល់ទំហំចង្កេះបានទាំងអស់។ អាហារប្រៃនឹងធ្វើឲ្យច្រាលជាតិទឹកក្នុងខ្លួន ជាពិសេសនៅជុំវិញពោះ ខណៈពេលដែលជាតិផ្អែមនឹងរក្សាទុកក្នុងកោសិកាខ្លាញ់ក្បាលពោះដែរ។
គេងមិនបានគ្រប់គ្រាន់
ការដែលគេងមិនបានគ្រប់គ្រាន់អាចនាំឲ្យធាត់ឡើងទម្ងន់ ហើយភាគច្រើនគឺធាត់នៅម្តុំក្បាលពោះតែម្តង។ នេះដោយសារតែមនុស្សដែលគេងមិនបានគ្រប់គ្រាន់ តែងឃ្លាន និងញ៉ាំអាហារច្រើនៗ។
ប្រើវិធីបង្អត់អាហារ
ចូរកុំព្យាយាមតមអាហារ តែគួរញ៉ាំអាហារតិចៗដែលផ្តល់សុខភាព និងច្រើនដង ឬជារៀងរាល់ពីរបីម៉ោងម្តងវិញទើបអាចកំចាត់ខ្លាញ់នៅក្បាលពោះបាន។ អ្វីដែលសំខាន់នោះគឺ ចូរកុំព្យាយាមតមអាហារពេលព្រឹកឲ្យសោះ។ ការញ៉ាំអាហារពេលព្រឹកដែលផ្តល់សុខភាពនោះមានដូចជា ស៊ុត និងផ្លែឈើ ព្រោះវាអាចជួយឲ្យឆ្អែតយូរ និងមានកម្លាំងគ្រប់គ្រាន់៕