ការមកដល់របស់សមាជិកថ្មីគឺជារឿងមួយអស្ចារ្យណាស់ ប៉ុន្តែតើមានដឹងទេថា គួរធ្វើដូចម្តេចខ្លះដើម្បីកុំឲ្យខុសឆ្គង? ការទទួលខុសត្រូវលើការថែទាំទារកទើបនឹងកើតអាចជារឿងមួយធំដុំខ្លាំងសម្រាប់ឪពុកម្តាយគ្រប់រូបដោយមិនខ្វល់ថាគេជាកូនដំបូង ឬទីប៉ុន្មាននោះទេ។ មានរឿងមួយចំនួនដែលឪពុកម្តាយគ្រប់រូបមិនគួរណាធ្វើចំពោះទារកដែលទើបនឹងកើតឡើយដូចជា៖
កុំឲ្យនរណាថើបទារកដែលទើបនឹងកើតឲ្យសោះ
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងនៃជីវិតរបស់ទារកអាចងាយនឹងឆ្លងជំងឺដោយសារបាក់តេរី និងមេរោគខ្លាំងណាស់ ជាពិសេសអាចបណ្តាលឲ្យបង្កជំងឺធ្ងន់ធ្ងរទែម្តង។ ការថើបរបស់អ្នកដទៃអាចគ្រប់គ្រាន់នឹងបង្កជាជំងឺដល់ពួកគេបាន ព្រោះតែទារិការតូចៗទាំងនេះនៅមានប្រព័ន្ធភាពស៊ាំខ្សោយនៅឡើយទេ។
កុំផ្លាស់ប្តូរបរិយាកាសក្នុងផ្ទះ
ទារកទើបនឹងកើតប្រហែលជាត្រូវការការយកចិត្តទុកដាក់ច្រើន ប៉ុន្តែចូរកុំព្យាយាមផ្លាស់ប្តូរបរិយាកាសនៅក្នុងផ្ទះអី។ មិនត្រូវបិទបង្អួច ឬវ៉ាំងនននៅពេលថ្ងៃអី។ អ្នកក៏មិនគួរហាមមនុស្សគ្រប់គ្នាកុំឲ្យនិយាយ មើលទូរទស្សន៍ ឬស្តាប់វិទ្យុអីនៅពេលគេគេង។ និយាយរួម អ្វីដែលធ្លាប់តែមានក្នុងផ្ទះ គួរតែធ្វើដដែល ហើយកុំបារម្ភថារំខានដល់កូនអី ព្រោះថាសម្លេងតិចៗរបស់បងប្អូនក្នុងផ្ទះអាចជួយឲ្យគេស្តាប់ដឹង និងស្គាល់ ព្រមទាំងគេងលក់ស្រួលថែមទៀត។
កុំឲ្យគេបៀមក្បាលដោះបៀមលេងអី
ទារកកើតមក គឺមានលក្ខណៈនៃការជញ្ជក់ខ្លាំងណាស់ ហើយទឹកដោះម្តាយក៏ជាអាហារដ៏ល្អបំផុតសម្រាប់គេដែរ។ ការជញ្ជក់ក្បាលដោះបៀមលេងលឿនពេកអាចធ្វើឲ្យគេច្រឡំពេលវេលាដែលត្រូវបៅមែនទែនបាន។ ដូច្នេះចូរចៀសវាងការឲ្យកូនបៀមក្បាលដោះបៀមលេង៕